ឯកឧត្តម ហ៊ុន ម៉ានី ដឹកនាំអត្តពលិកប៉ារ៉ាឡាំពិកកម្ពុជា ចាក់វ៉ាក់សាំងដូសជំរុញ មុនចេញទៅប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម


ក្រោយទទួលបានអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងឱកាសជួបសំណេះសំណាលជាមួយប្រតិភូកីឡាប៉ារ៉ាឡាំពិកកម្ពុជា កាលពីថ្មីៗនៅថ្ងៃទី១៥ ខែកក្កដានេះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានប្រតិភូដឹកនាំកីឡាប៉ារ៉ាឡាំពិកកម្ពុជា បានដឹកនាំប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីជនពិការកម្ពុជា ចាក់វ៉ាក់សាំងដូសជំរុញ(ដូសទី៤ និងទី៥) មុនចេញទៅប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅឥណ្ឌូនេស៊ី នាចុងខែនេះ។

យុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញដល់អត្តពលិកប៉ារ៉ាឡាំពិកកម្ពុជានេះ ធ្វើឡើងនៅមជ្ឈមណ្ឌលកីឡា Premium ដោយមានប្រតិភូ និងកីឡាករ-កីឡាការិនីប្រមាណជាង ១០០នាក់ ចូលរួម ក្នុងនោះមានកីឡាករ-កីឡាការិនីចំនួន ៦១នាក់ ត្រូវបានចាក់ដូសទី៥ ខណៈកីឡាករ-កីឡាការិនីចំនួន ៣២នាក់ត្រូវ បានចាក់ដូសទី៤។ រីឯប្រតិភូ និងកីឡាករ-កីឡាការិនីជាង ៣០% ទៀត បានចាក់រួចរាល់មុន។ អ្វីដែលពិសេស ក្នុងឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ានី ផ្ទាល់ ក៏បានចាក់ដូសជំរុញជាមួយប្រតិភូ និងកីឡាករ-កីឡាការិនីជនពិការផងដែរ។

ឯកឧត្តម ហ៊ុន ម៉ានី មានប្រសាសន៍ថា ការជ្រើសយកថ្ងៃនេះ ចាក់វ៉ាក់សាំងដល់ប្រតិភូកីឡាប៉ារ៉ាឡាំពិកកម្ពុជា ព្រោះដើម្បីកុំឲ្យកៀកថ្ងៃចេញដំណើរពេក មានន័យថា ជាពេលវេលាសមរម្យមួយ បង្ការក្រោយពេលចាក់ កីឡាករ-កីឡាការិនីអាចមានអាការៈក្ដៅខ្លួនបន្ដិចបន្ដួច ឬធ្វើទុក្ខ ងាយស្រួលក្នុងដោះស្រាយ។ អ្វីដែលសំខាន់ ការចាក់នេះ ដើម្បីធានាបាននូវសុខភាព និងសុវត្ថិភាពកាន់តែខ្ពស់ ក្នុងការធ្វើដំណើរទៅ និងត្រឡប់មកវិញ ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី។

លោកថា «នៅកម្ពុជា នាប៉ុន្មានថ្ងៃចុងក្រោយ គឺមានអត្រាឆ្លង ប៉ុន្ដែយើងគ្រប់គ្រងបាន។ តែលើកនេះ យើងធ្វើដំណើរទៅប្រទេសដទៃ ដើម្បីទៅប្រកួត។ អ៊ីចឹងសុខភាព សុវត្ថិភាពរបស់បងៗ ប្អូនៗ ទាំងអស់ ដែលជាកីឡាករ-កីឡាការិនីតំណាងកម្ពុជា ដូចសម្ដេចតេជោបានលើកឡើងថ្ងៃមុនហើយ គឺត្រូវយកចិត្តទុកដាក់លើសុខសុភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើរ ទាំងទៅ និងត្រឡប់មកវិញ។ ហេតុនេះ វិធីសាស្ដ្រដែលអាចជួយបានខ្ពស់ជាងគេ គឺអ្នកចាក់ ៣ដូសហើយ ត្រូវចាក់ដូសទី៤ ឯអ្នកចាក់ ៤ដូសហើយ ត្រូវចាក់ដូសទី៥»

ទន្ទឹមជាមួយគ្នា លោកស្រី សុង សុខលាភ គ្រូបង្វឹកផ្នែកកីឡាអត្តពលកម្មជនពិការជម្រើសជាតិកម្ពុជា បានបង្ហាញនូវមោទនភាព ដែលគ្រូបង្វឹក ក៏ដូចជាកីឡាករ-កីឡាការិនីជនពិការកម្ពុជា ត្រូវបានយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោ ហ៊ុន សែន ពិសេសការយកចិត្តទុកចិត្តដាក់លើសុខភាពសាធារណៈ នៃការបង្ការជំងឺកូវីដ-១៩ តែម្ដង ដែលប្រមុខរាជរដ្ឋាភិបាល បានផ្ដល់ការយកចិត្តទុកដាក់ខ្ពស់ សម្រាប់បងប្អូនជនមានពិការភាព ក៏ដូចជាកីឡាករ-កីឡាការិនីជនពិការ ទើពីស្ថានភាពពិការកម្រិតណាមួយ ក៏អាចចាក់វ៉ាក់សាំងបាន។

គ្រូបង្វឹករូបនេះ បានគូសបញ្ជាក់បន្ថែមថា «កីឡាករ-កីឡាការិនីរបស់យើង មានគ្រប់កម្រិតទាំងអស់(ស្ថានភាពពិការ) ទាំងបងប្អូនពិការភ្នែក ពិការសតិបញ្ញា ពិការចលករខួរក្បាល ដែលយើងគិតទៅលើប្រភេទពិការធ្ងន់ធ្ងរ តែពួកគាត់អាចទទួលវ៉ាក់សាំងបានធម្មតា អ្នកតិចបំផុតត្រឹមដូសទី៣។ ឥឡូវនេះក្រោមការយកចិត្តទុកដាក់របស់សម្ដេចតេជោ ក៏ដូចជាឯកឧត្តម ហ៊ុន ម៉ានី យើងកំពុងជំរុញការចាក់ដូសទី៤ និងដូសទី៥ ខណៈបងប្អូនប្រមាណ ៣០ ទៅ ៤០% ទៀត គឺបានចាក់ដូសទី៥ រួចរាល់ដែរ ទាំងគ្រូបង្វឹក និងកីឡាករ-កីឡាការិនី»

អ្វីដែលពិសេសទៀតនោះ លោកស្រីបានថ្លែងអំណរគុណជាថ្មី ចំពោះសម្ដេចតេជោនាយករដ្ឋមន្ដ្រី ដែលបានអនុញ្ញាតផ្ដល់នូវយន្ដហោះពីសេស ដើម្បីដឹកជញ្ជូនប្រតិភូ និងកីឡាករ-កីឡាការិនីជនពិការកម្ពុជា ត្រង់ពីរាជធានីភ្នំពេញ ទៅទីក្រុងសូឡូ ដើម្បីចូលរួមការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម ដែលជាការដោះស្រាយនូវឧបសគ្គដ៏ធំ សម្រាប់កីឡាករ-កីឡាការិនីជនពិការក្នុងការធ្វើដំណើរ ពិសេសការធ្វើដំណើរក្នុងបរិបទកូវីដ-១៩ តែម្ដង។

លោកស្រី សុង សុខលាភ បានលើកឡើងថា «នេះគឺជាកម្លាំងចលករជំរុញខ្លាំងបំផុត ដែលខ្ញុំរកអ្វីធៀបអត់បាន។ ទាក់ទងយន្ដហោះ VIP ដែលសម្ដេចតេជោនាយករដ្ឋមន្ដ្រី ផ្ដល់ជូនពួកយើង ព្រោះដូចបងដឹងហើយ ស្ថានភាពនៃការធ្វើដំណើរសម័យកាលកូវីដ-១៩ នេះ គឺមានការលំបាកមែនទែន បើសិនគ្មានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្ដេចទេ គឺយើងមានផលលំបាកមែនទែន ដែលយើងអាចចំណាយពេលរហូតដល់ ២៥ ទៅ ២៩ម៉ោង ទើបយើងអាចធ្វើដំណើរដល់ទីក្រុងសូឡូ»

សូមបញ្ជាក់ថា តាមការគ្រោងទុកប្រតិភូកីឡាប៉ារ៉ាឡាំពិកកម្ពុជា នឹងត្រូវចាកចេញពីមាតុភូមិ នាថ្ងៃទី២៦ ខែកក្កដាខាងមុខ ដើម្បីចូលរួមការប្រកួតកីឡាជនពិការប្រចាំតំបន់អាស៊ាន ចាប់ពីថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២។ បេសកកម្មនេះ កម្ពុជា បានបញ្ចូនប្រតិភូ និងអត្តពលិកសរុប ១៦៦នាក់ លើកីឡា ១១ប្រភេទចូលរួមប្រកួត ក្រោមការដឹកនាំផ្ទាល់របស់លោក ហ៊ុន ម៉ានី ប្រធានប្រតិភូ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន៕