រដ្ឋសភា បើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ ពិនិត្យលើសំណើធ្វើសេចក្តីព្រាងវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់មួយចំនួនទៀត


នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២នេះ រដ្ឋសភាបានចាប់ផ្ដើមបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ ដើម្បីពិនិត្យលើសំណើសុំធ្វើសេចក្តីព្រាងច្បាប់ស្ដីពីវិសោធនកម្មរដ្ឋធម្មនុញ្ញ និងរបៀបវារៈមួយចំនួនទៀត។

កិច្ចប្រជុំនេះបានធ្វើឡើងក្រោមអធិបតីភាព សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងមានការចូលរួមពីសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាផងដែរ។

តាមសេចក្តីប្រកាសរបស់រដ្ឋសភា បានឱ្យដឹងថា នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នេះ មានរបៀបវារៈដូចតទៅ៖

១៖ ការពិនិត្យសំណើសុំអនុម័តសេចក្តីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជា ចូលជាភាគី នៃអនុសញ្ញាស្ដីពីជំនួយក្នុងករណីមានគ្រោះមហន្តរាយនុយក្លេអ៊ែរឬគ្រោះអាសន្នវិទ្យុកម្ម។

២៖ ការពិនិត្យសំណើសុំអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ។

៣៖ ការពិនិត្យសំណើសុំអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមលើ៖ (១)កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃតំបន់សេដ្ឋកិច្ចពិសេសម៉ាកាវ នៃសាធារណរដ្ឋប្រជាមានិតចិនស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនិង ពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធនិងការចៀសវាងពន្ធ (២)កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋ តួកគីស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើ ប្រាក់ចំណូល។

៤៖ ការពិនិត្យសំណើសុំអនុម័តសេចក្ដីព្រាងច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា១៩ ថ្មី(មួយ) មាត្រា៨៩ មាត្រា៩៨ ថ្មី មាត្រា១០២ ថ្មី មាត្រា១១៩ ថ្មី(មួយនិងមាត្រា១២៥ ថ្មី នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ ថ្មី និងមាត្រា៤ ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានា នូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ៕