លោកជំទាវ ហ៊ុន ម៉ាណា និងឯកឧត្តម ឌី វិជ្ជា ដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះព្យាបាលជំងឺជូនពលរដ្ឋនៅស្រុកសំឡូត ខេត្តបាត់ដំបង


លោកជំទាវ ហ៊ុន ម៉ាណា និងឯកឧត្តម ឌី វិជ្ជា រួមទាំងក្រុមការងារ នាថ្ងៃអាទិត្យ ទី២៤ ខែកក្កដា ឆ្នាំ២០២២នេះ បានអដឹកនាំក្រុមវេជ្ជសាស្ត្រសម្តេចតេជោចុះពិនិត្យនិងព្យាបាលជំងឺជូនដល់កងទ័ព គ្រួសារកងទ័ព និងប្រជាពលរដ្ឋសរុប២,៨៨៦នាក់ នៅក្នុងស្រុកសំឡូត ខេត្តបាត់ដំបង។

ការពិនិត្យនិងព្យាបាលនេះបានធ្វើឡើងនៅបរិវេណបញ្ជាការដ្ឋានកងការពារព្រំដែនលេខ ៥០២ នៅភូមិកញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង។ កម្មវិធីនេះក៏មានការចូលរួមពីអាជ្ញាធរស្រុកសំឡូត មេបញ្ជាការកងការពារព្រំដែនលេខ៥០២ និងអាជ្ញាធរពាក់ព័ន្ធមួយចំនួនទៀត។

លោកជំទាវ ហ៊ុន ម៉ាណា ក្នុងនាមប្រធានក្រុមវេជ្ជសាស្រ្តសម្តេចតេជោ បានសំណេះសំណាល និងពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដល់ប្រជាពលរដ្ឋដែលបានចូលរួម។ លោកស្រីបានឱ្យដឹងថា សម្តេចទាំង២តែងតែគិតគូរយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋ និងកងទ័ពគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។

លោកជំទាវបានថ្លែងអំណរគុណដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់នៃស្រុកសំឡូត ខេត្តបាត់ដំបងដែលបានសម្របសម្រួលដល់ប្រជាពលរដ្ឋឱ្យបានមកដល់ទីតាំងពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺដោយឥតគិតថ្លៃនាថ្ងៃនេះ។ មុនការពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺ ក្រុមការងារក៏បានផ្តល់ជូនអាហារសម្រន់នៅពេលព្រឹកមានជានំបញ្ចុក នំបុ័ង បបរ និងភេសជ្ជៈជូនប្រជាពលរដ្ឋទទួលទានផងដែរមុននឹងពិនិត្យព្យាបាល។

ក្រុមការងារបានចែកវែនតាសម្រាប់លោកយាយលោកតាចំនួន៥០០នាក់ សម្ភារសិក្សាសម្រាប់សិស្សានុសិស្សជាច្រើននាក់ ខោអាវលោកយាយលោកតា និងចែករទេះរុញសម្រាប់ជនពិការចំនួន១០គ្រឿង ជាអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។

លទ្ធផលនៃការព្យាបាល រួមមាន ការវះកាត់តូចចំនួន៣៦នាក់ ពិនិត្យព្យាបាលរោគស្ត្រីចំនួន៧១នាក់ ពិនិត្យជំងឺទូទៅចំនួន១,១៥០នាក់ ពិនិត្យសម្ភពនិងអេកូសាស្ត្រចំនួន៨៦នាក់ និងពិនិត្យព្យាបាលមាត់ធ្មេញចំនួន២១០នាក់ ចែកថ្នាំទម្លាក់ដង្កូវពោះវៀន២៥០នាក់ អប់រំសុខភាពដល់ប្រជាជនចំនួន១,៧០០នាក់៕