ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ និងជាប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២នេះ បានដឹកនាំក្រុមការងារនាំយកអំណោយមនុស្សធម៌របស់ សាខាកាកបាទក្រហមកម្ពុជាខេត្ត ចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន៩៨គ្រួសារ មកពីភូមិចំនួន៦ ក្នុងឃុំស្រយ៉ង់ ស្រុកគូលែន។
នៅក្នុងឱកាសនោះឯកឧត្តម ប្រាក់ សុវណ្ណ បានផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាលសម្តេចតែងតែគិតគូរពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនជានិច្ច ពោលគឺទីណាមានការលំបាកទីនោះមានកាកបាទក្រហមកម្ពុជា។
ឯកឧត្តមអភិបាលខេត្តព្រះវិហារ បានថ្លែងផ្តាំផ្ញើដល់ប្រជាពលរដ្ឋយើង សូមយកចិត្តទុកដាក់ថែរក្សាសុខភាពឱ្យបានល្អ ពោលត្រូវហូបស្អាត ផឹកស្អាតនិងរស់នៅស្អាត ត្រូវមានអនាម័យ ដោយឧស្សាហ៍លាងសម្អាតដៃជាមួយសាប៊ូ និងទឹកអាល់កុលជាប្រចាំ ដើម្បីការពារទប់ស្កាត់ពីជំងឺផ្សេងៗ ពិសេសមេរោគកូវីដ១៩ ជំងឺគ្រុនឈាម ដែលបង្ករឡើងដោយមូសខ្លាញីខាំ និងអំពាវអោយប្រុងបរយ័ត្នចំពោះកុមារតូចៗ ព្រោះរដូវនេះទឹកកំពង់ឡើង។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋទាំង៩៨គ្រួសារ ដែលមកទទួលអំណោយមនុស្សធម៌របស់កាកបាទក្រហមក្នុងឱកាសនេះមាន៖ (ភូមិស្រយង់ត្បូងចំនួន ៣៩គ្រួសារ ភូមិស្រយ៉ង់ជើងចំនួន ៣៩គ្រួសារ ភូមិរំចេកចំនួន ៥គ្រួសារ ភូមិកោះកេរ ចំនួន ៥គ្រួសារ ភូមិទួលព្រៃភ្ញៀវចំនួន ៥គ្រួសារ ភូមិប្រាសាទប្រាំចំនួន ៥គ្រួសារ)។
សម្ភារដែលផ្តល់ជូនក្នុងមួយគ្រួសារៗរួមមាន៖ អង្ករ ២៥គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកស៊ីអ៉ីវ១យួរ និងថវិកាចំនួន ២០,០០០រៀល និងបានប្រគេនព្រះសង្ឃក្នុងវត្តនូវ អង្ករ ១០០គីឡូក្រាម មី៦កេស ត្រីខ១០យួរ ទឹកស៊ីអ៉ីវ៤យួរ និងថវិកា២០០,០០០រៀល តាយាយចំនួន១០នាក់ ម្នាក់ៗ ២០,០០០រៀលផងដែរ៕