ឯកឧត្តម លឹម គានហោ អញ្ជើញចុះពិនិត្យស្ថានភាពទឹកសម្រាប់ការងារបង្កបង្កើនផល នៅតាមបណ្តាខេត្តមួយចំនួន


ព្រឹកថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០១៧ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចុះពិនិត្យស្ថានភាពទឹកសម្រាប់ការងារបង្កបង្កើនផល នៅតាមបណ្តាខេត្តមួយចំនួន ។ ឆ្លៀតក្នុងឱកាសនេះផងដែរ ឯកឧត្តមរដ្ឋមន្ត្រី បានអញ្ជើញចុះពិនិត្យការដ្ឋានសាងសង់ប្រព័ន្ធធារាសាស្ត្រ តាំងក្រសាំង ស្ថិតក្នុងឃុំតាំងក្រសាំង ឃុំកកោះ ឃុំជ្រាប់ និងឃុំទីប៉ូ ស្រុកសន្ទុក ខេត្តកំពង់ធំ។

ប្រព័ន្ធធារាសាស្ត្រតាំងក្រសាំង ជាប្រព័ន្ធធារាសាស្ត្រខ្នាតធំ ដែលក្រោយពេលសាងសង់រួច ប្រព័ន្ធធារាសាស្ត្រនេះអាចផ្តល់ទឹកសម្រាប់ការស្រោចស្រពលើផ្ទៃដីជាង ១៥.០០០ ហិកតា ។ ក្រសួងធនធានទឹក និងឧតុនិយម បានចាប់ផ្តើមសាងសង់គម្រោងនេះ កាលពីខែមីនា ឆ្នាំ ២០១៦ កន្លងទៅ ហើយមកដល់ពេលនេះ សម្រេចការងារបានប្រមាណជិត ៩០% ហើយ ។ ការងារសំខាន់ៗ ដែលក្រសួងបាន និងកំពុងអនុវត្ត រួមមាន ៖
– សាងសង់ប្រឡាយមេ ០១ ខ្សែ ប្រវែង ១៨.៥៤២ ម ( ក្នុងនោះ ផ្នែកក្បាលប្រឡាយមេប្រវែង ២.៥០០ ម ជាប្រឡាយបេតុង )
– ប្រឡាយរង ០៣ ខ្សែ ប្រវែង ៨.២២៤ ម (ក្នុងនោះ ផ្នែកក្បាលប្រឡាយរងប្រវែង ១.៣៥០ ម ជាប្រឡាយបេតុង )
– ប្រឡាយជើងក្អែប ( ជាប្រឡាយបេតុងទាំងអស់ ) ចំនួន ២១ ខ្សែ មានប្រវែងសរុប ១០.៨០០ ម
– ប្រឡាយដោះទឹក ០១ ខ្សែ ប្រវែង ២.៩០៩ ម
– សាងសង់សំណង់សិល្បការតូច ធំ សរុប ចំនួន ៤៤៧ កន្លែង
– ផ្លូវចូលក្រាលគ្រួសក្រហម ០២ ខ្សែ ប្រវែងសរុប ១.០៧៨ ម ។

ក្នុងឱកាសអញ្ជើញចុះពិនិត្យលទ្ធផលការងារនៅការដ្ឋាន ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា តំបន់នេះជាតំបន់ដីខ្សាច់ ដូចនេះហើយទើបក្រសួងសម្រេចយកការសាងសង់ប្រឡាយជាបេតុង ផ្ទុយទៅវិញប្រសិនបើយើងធ្វើប្រឡាយដី វាងាយនឹងហូរច្រោះ ហើយគោករាក់ទៅវិញណាស់ ។ ការសាងសង់របៀបនេះ យើងត្រូវចំណាយខ្ពស់បន្តិចមែន ប៉ុន្តែវាក៏ធានាបាននូវការប្រើប្រាស់យូរអង្វែងដែរ ។ ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំដល់ក្រុមហ៊ុនសាងសង់ ឲ្យយកចិត្តទុកដាក់ខ្ពស់បំផុតលើបទដ្ឋានបច្ចេកទេស ដើម្បីឲ្យគម្រោងដ៏ធំមួយនេះ ក្លាយជាសមិទ្ធផលថ្មីមួយទៀតរបស់រាជរដ្ឋាភិបាលប្រកបដោយគុណភាព ប្រសិទ្ធភាព ជាប្រយោជន៍យូរអង្វែងរបស់បងប្អូនប្រជាកសិករនៅតំបន់នេះ ។

ឆ្លើយតបទៅនឹងសំណូមពររបស់លោកមេឃុំជ្រាប់ និងមេឃុំកកោះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានបញ្ជាឲ្យអ្នកបច្ចេកទេសរៀបចំកែសម្រួលស្ពានឆ្លងកាត់ប្រឡាយមេ ០១ កន្លែង និងសាងសង់រង្វង់មូល ០១ កន្លែង ត្រង់ចំណុចប្រសព្វគ្នានៃភ្លឺប្រឡាយមេ ៕