កម្ពុជាបើកកិច្ចពិគ្រោះយោបល់គោលនយោបាយអំពីរបាយការណ៍សេដ្ឋកិច្ច និងសង្គមនៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិកឆ្នាំ២០២២


នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ប្រធានគណៈកម្មាធិការជាតិអេស្កាប់ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីបើក កិច្ចពិគ្រោះយោបល់គោលនយោបាយ អំពីរបាយការណ៍សេដ្ឋកិច្ច និងសង្គមនៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិកឆ្នាំ២០២២ ដែលសហការរៀបចំដោយគណៈកម្មាធិការជាតិអេស្កាប់ និងគណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី និងប៉ាស៊ីហិ្វករបស់អង្គការ សហប្រជាជាតិ (UN ESCAP) នៅសណ្ឋាគារហ៊ីម៉ាវ៉ារី។

ក្នុងកិច្ចពិគ្រោះយោបល់នេះ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ បានថ្លែងថា ក្នុងអំឡុងពេលពីរឆ្នាំចុងក្រោយនេះ ជំងឺរាតត្បាតកូវីដ-១៩ បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ដំណើរការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច ទាំងក្នុងតំបន់ និងពិភពលោកទាំងមូល ក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ ព្រមទាំងបានធ្វើឲ្យអត្រាភាពក្រីក្រមានការកើនឡើង ប៉ះពាល់ដល់វិស័យអប់រំ សុខាភិបាល និងកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមានការធ្លាក់ចុះ។ ដើម្បីដោះស្រាយការរីករាលជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជា បានចំណាយថវិកាជាតិយ៉ាងច្រើនសន្ធឹកសន្ធាក់ ឧបត្ថម្ភដល់គ្រួសារទទួលរងផលប៉ះពាល់ដោយជំងឺឆ្លងនេះជារៀងរាល់ខែ ជាពិសេសការស្តារឡើងវិញ និងធ្វើឲ្យប្រសើរឡើងនូវសេដ្ឋកិច្ច-សង្គមនៅកម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្រ្តី បន្តទៀតថា ជាមួយនឹងបញ្ហាកូវីដ-១៩ ពិភពលោកកំពុងប្រឈមនឹងបញ្ហាជាច្រើនផ្សេងទៀតដែលក្នុងនោះរួមមាន៖ ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ យោធា សង្រ្គាមពាណិជ្ជកម្មនិងបច្ចេកវិទ្យា ការប្រែប្រួលអាកាសធាតុ និងការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុ និងបញ្ហាជាច្រើនផ្សេងទៀត ដែលបញ្ហាទាំងនេះបានធ្វើឱ្យមានការផ្លាស់ប្តូរទៅលើរចនាសម្ព័ន្ធសេដ្ឋកិច្ចពិភពលោក និងរំខានដល់និន្នាការពិភពលោកដែលធ្វើមានការថយចុះនៃខ្សែច្រវាក់តម្លៃ និងផលិតភាពពិភពលោក។

ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ ក៏បានបន្ថែមផងដែរថា ក្នុងស្ថានភាពនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី និងជាប្រធានអាស៊ាន បានជំរុញឱ្យតំបន់ ក៏ដូចជាពិភពលោកទាំងមូល ត្រូវរក្សាស្មារតីបើកទូលាយ និងគាំទ្រដល់ប្រព័ន្ធពាណិជ្ជកម្ម ពហុភាគីក៏ដូចជាពង្រឹងពហុភាគីនិយម ជាពិសេសជំរុញការបើកទូលាយសម្រាប់ពាណិជ្ជកម្មអន្តរជាតិ និងការកាត់បន្ថយរបាំងពាណិជ្ជកម្ម ជាពិសេលទៅលើទំនិញយុទ្ធសាស្ត្ររួមមាន អាហារ ថ្នាំពេទ្យ និងថាមពល ដើម្បីជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងបង្កើនភាពធន់នៃខ្សែច្រវាក់តម្លៃក្នុងតំបន់និងពិភពលោក។

នាឱកាសនេះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ បានលើកឡើងអំពីស្ថានភាពជំងឺកូវីដ-១៩ និងស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់កម្ពុជា។ លោកបានថ្លែងថាក្រោមការដឹកនាំដ៏មុតមាំនិងឈ្លាសវៃរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី កម្ពុជា គិតត្រឹមថ្ងៃទី ២៥ ខែកក្កដានេះ បានសម្រេចបានអត្រាអ្នកចាក់វ៉ាក់សាំងការងារជំងឺកូវីដ-១៩ ដ៏ខ្ពស់ ពោលគឺលើស ៩៤% នៃប្រជាជនសរុប ១៦លាននាក់។ ពាក់ព័ន្ធនឹងស្ថានភាពសង្គម-សេដ្ឋកិច្ច រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការគោលនយោបាយដើម្បីទាក់ទាញការវិនិយោគបន្ថែមពីបរទេស ដោយបន្តកសាងហេដ្ឋារចនាសម្ព័ន្ធ និងធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធដឹកជញ្ជូន ជំរុញការសម្របសម្រួលពាណិជ្ជកម្ម អភិវឌ្ឍធនធានមនុស្ស ជំរុញការប្រើប្រាស់ប្រព័ន្ធ ឌីជីថល និងបច្ចេកវិទ្យា ព្រមទាំងអភិវឌ្ឍវិស័យហិរញ្ញវត្ថុ។

បន្ថែមលើនេះ រាជរដ្ឋាភិបាលបានពង្រីកទីផ្សារនាំចេញតាមរយៈការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា រួមមាន៖ (១)កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (២)កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិន ព្រមទាំង (៣)កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងកូរ៉េ។ ជាលទ្ធផល កម្ពុជាបានក្លាយជាទីតាំងដ៏មានសក្តានុពលសម្រាប់ផលិតកម្ម អាជីវកម្ម និងវិនិយោគក្នុងតំបន់ ដែលមានទីផ្សារនាំចេញមានភាពប្រកួតប្រជែងខ្ពស់សម្រាប់អ្នកវិនិយោគទូទាំងពិភពលោក៕