៦ខែដើមឆ្នាំ២០២២ ទំហំការនាំចេញ-ចូលនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុសម្រេចបានជិត១,៤០០លានដុល្លារ បង្កើតការងារជិត៣ម៉ឺនកន្លែង


សម្រាប់ខែមករាដល់ខែមិថុនា ឆ្នាំ២០២២ ទំហំទឹកប្រាក់នៃការនាំចេញនាំចូលរបស់សហគ្រាសនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ សម្រេចបាន១,៣៧៤លានដុល្លារអាមេរិក បានកើនឡើង៣៨.២៣% បើប្រៀបធៀបនឹងឆ្នាំមុន ហើយបានបង្កើតឱកាសការងារជិត៣០,០០០កន្លែង នេះបើតាមឯកឧត្តម ឈិន ចៀនកាង ប្រធានក្រុមប្រឹក្សាភិបាលតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។

ឯកឧត្តម ឈិន ចៀនកាង បញ្ជាក់បែបនេះក្នុងឱកាសជួបជាមួយឯកឧត្តម អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ នៅទីស្តីការក្រសួងការងារ។

ឯកឧត្តម អ៉ិត សំហេង បានលើកឡើងថា ខិតខំរក្សាការវិនិយោគ និងពង្រីកអាជីវកម្ម គឺរក្សាបាននូវភាពរឹងមាំនៃការអភិវឌ្ឍនៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុនេះ ជាការបញ្ជាក់ពីទំនាក់ទំនងមិត្តភាព រវាងប្រទេសទាំងពីរកម្ពុជា-ចិន។ ក៏ជាផ្នែកមួយនៃគម្រោងខ្សែក្រវាត់និងផ្លូវបានផ្តល់កំណើនសេដ្ឋកិច្ចយ៉ាងច្រើនដល់កម្ពុជា។ ទន្ទឹមនឹងនេះ រដ្ឋាភិបាលកម្ពុជាកំពុងសិក្សានូវគម្រោងអភិវឌ្ឍន៍នៅខេត្តព្រះសីហនុ ចំនួនពីរធំៗ គឺវិស័យឧស្សាហកម្ម និងសេវាកម្ម។ គម្រោងផ្លូវល្បឿនលឿនក៏ជាស្នូលនៃការអភិវឌ្ឍដោយមានការរួមចំណែកពីរដ្ឋាភិបាលចិន ដើម្បីសម្រួលដល់ការធ្វើដំណើរឲ្យបានឆាប់រហ័សផងដែរ។

ឯកឧត្តម ឈិន ចៀនកាង លើកឡើងថា ដោយមានគោលនយោបាយល្អ និងការទាក់ទាញវិនិយោគសម្រាប់ក្នុងឆមាសទី១ ឆ្នាំ២០២៣ ខាងមុខនេះ ក្រុមហ៊ុននឹងបង្កើតរោងចក្រផលិតកង់កៅស៊ូរថយន្តដ៏ធំមួយទៀតនៅក្នុងតំបន់សេដ្ឋកិច្ចក្រុងព្រះសីហនុ ដែលមានទុនវិនិយោគរហូតដល់ជាង៣០០លានដុល្លារ។ លោកប្រធានបញ្ជាក់ថា កាលពីខែមិថុនា ឆ្នាំ២០២២ ខាងក្រុមហ៊ុនមានរៀបចំពិព័រណ៍ផ្លូវសូត្រពាណិជ្ជកម្ម ដោយក្នុងនោះប្រទេសចិននឹងទទួលយកកសិផលមួយចំនួនរបស់កម្ពុជាទៅកាន់ប្រទេសចិន ជាមួយនឹងនេះ ក្រុមហ៊ុនបានសហការជាមួយក្រសួងសុខាភិបាល និងមន្ទីរការងារនិងបណ្តុះបណ្តោះវិជ្ជាជីវៈខេត្តព្រះសីហនុ ផ្តល់សេវាថែមទាំសុខភាព ជាពិសេសសម្រាប់បងប្អូនកម្មការិនីមានផ្ទៃពោះ ព្រមទាំងបានសាងសង់អគារស្នាក់នៅបង្កលក្ខណៈងាយស្រួលជូនដល់កម្មករនិយោជិតដែលធ្វើការនៅក្នុងតំបន់នេះថែមទៀត។

ជាការឆ្លើតប ឯកឧត្តម អ៉ិត សំហេង រំពឹងថា ការបង្កើតរោងចក្រផលិតកង់កៅស៊ូរថយន្តដ៏ធំមួយនេះ ពិតជាបានផ្តល់នូវផលប្រយោជន៍ច្រើនណាស់សម្រាប់ប្រជាកសិករខ្មែរដាំដំណាំកៅស៊ូ ដើម្បីផ្តល់ជូនដល់ក្រុមហ៊ុន ព្រមជាមួយកម្លាំងពលកម្មរាប់ពាន់នាក់បន្ថែមទៀត ដែលជាតម្រូវការសម្រាប់ផ្គត់ផ្គង់ចង្វាក់ផលិតកម្មបន្ថែមរបស់ក្រុមហ៊ុន។

ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់បន្ថែមថា ជាមួយនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន កាន់តែងាយស្រួលក្នុងការនាំចេញ និងនាំចូលផលិតផលជាច្រើនរវាងប្រទេសទាំងពីរ និងការពង្រីកខ្លួនយ៉ាងឆាប់រហ័សរបស់ក្រុមហ៊ុន ពិតជាត្រូវការកម្លាំងពលកម្មច្រើនបន្ថែមទៀត ក្នុងន័យនេះលោករដ្ឋមន្ត្រីបានស្នើដល់ក្រុមហ៊ុនឲ្យបន្តកិច្ចសហការជាមួយខាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីរៀបចំឲ្យមានការបណ្តុះបណ្តាលមួយដែលមានគុណភាព ដោយសហការជាមួយសកលវិទ្យាល័យរបស់ចិន ដើម្បីបណ្តុះបណ្តាលនិងជ្រើសរើសសម្រាប់បំពេញតម្រូវការរបស់ក្រុមហ៊ុនផងដែរ៕