៧ខែឆ្នាំនេះ កម្ពុជា ទទួលបានចំណូលជាង៧០៥លានដុល្លារ ពីការនាំចេញស្រូវ និងអង្ករ


(ភ្នំពេញ)៖ ចំណូលពីការនាំចេញស្រូវ និងអង្ករ ក្នុងរយៈពេល៧ខែ ឆ្នាំ២០២២នេះ ធ្វើឲ្យកម្ពុជា ទទួលបានចំណូលចំនួន៧០៥.១៤លានដុល្លារសហរដ្ឋអាមេរិក។ នេះបើតាមរបាយការណ៍ របស់សហព័ន្ធស្រូវអង្ករកម្ពុជា នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២។

របាយការណ៍ បានបញ្ជាក់ថា ការនាំចេញអង្ករ ក្នុងរយៈពេល៧ខែ នៃឆ្នាំ២០២២ បានចំនួន៣៥០,៩០២តោន គិតជាទឹកប្រាក់ចំនួន២១៨.១៧លានដុល្លារសហរដ្ឋអាមេរិក ដែលក្នុងនោះ កម្ពុជាបាននាំអង្ករ ចេញទៅកាន់ទីផ្សារអន្តរជាតិ តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន៥៣ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន៥៦ប្រទេស និងបានបរិមាណអង្ករសរុបចំនួន៣៥០,៩០២តោន ដែលក្នុងនោះ រួមមាន៖

* នាំចេញទៅកាន់ប្រទេសចិន ម៉ាកាវ និងហ៊ុងកុង បានចំនួន១៦៩,៧៦៦តោន ស្មើនឹង៤៨.៣៨% នៃការនាំចេញសរុបដែលគិតជាទឹកប្រាក់ចំនួន៨៩.០៩លានដុល្លារសហរដ្ឋអាមេរិក
* នាំចេញទៅកាន់ប្រទេស នៅក្នុងតំបន់សហគមន៍អឺរ៉ុបចំនួន២៥ប្រទេស បានបរិមាណចំនួន១២២,៨៤២តោន ស្មើនឹង៣២% នៃការនាំចេញសរុប ដែលគិតជាទឹកប្រាក់ ចំនួន៨៦.០៨លានដុល្លារសហរដ្ឋអាមេរិក
* នាំចេញទៅកាន់ប្រទេសអាស៊ានចំនួន៤ប្រទេស បានចំនួន២៩,៩៥៧តោន ស្មើនឹង៩% នៃការនាំចេញសរុប ដែលគិតជាទឹកប្រាក់ចំនួន២០.០៨លានដុល្លារសហរដ្ឋអាមេរិក និងបណ្តាលគោលដៅផ្សេងៗទៀត ចំនួន២៤ប្រទេស បានចំនួន២៨,៣៣៧តោន ស្មើនឹង១០.៦២% គិតជាទឹកប្រាក់២២.៩២លានដុល្លារសហរដ្ឋអាមេរិក។

សហព័ន្ធស្រូវអង្ករកម្ពុជា បានគូសបញ្ជាក់ថា ការនាំចេញសរុបមានកំណើន១៣.២៤% បើប្រៀបធៀបទៅនឹងការនាំចេញ ក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ នៅក្នុងរយៈពេល៧ខែនេះដែរ អង្ករក្រអូបគ្រប់ប្រភេទ បាននាំចេញចំនួន៦៣.៦៤% អង្ករស ចំនួន៣២.៤២% អង្ករចំហ៊ុយចំនួន២.២៣% អង្ករសរីរាង្គចំនួន១.៧% និងអង្ករដំណើបបានចំនួន២៣តោន។

ក្នុងរយៈពេល៧ខែនេះដែរ កម្ពុជាបាននាំចេញស្រូវទៅប្រទេសវៀតណាម បានចំនួន១,៩៥០,៩៨៦តោន ដែលគិតជាទឹកប្រាក់ប្រមាណជា៤៨៧.២៤លានដុល្លារសហរដ្ឋអាមេរិក៕