ឯកឧត្តម វ៉ាង យី ចូលក្រាបបង្គំគាល់ ព្រះមហាក្សត្រកម្ពុជា


(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ ព្រះអង្គសព្វព្រះរាជហឫទ័យព្រះបរមរាជានុញ្ញាតជូន ឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន ចូលក្រាបថ្វាយបង្គំគាល់ នៅព្រះមហាប្រាសាទខេមរិន្ទ ព្រះបរមរាជវាំង ក្នុងឱកាសដែលឯកឧត្តមបានដឹកនាំគណៈប្រតិភូ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២។

ឯកឧត្តម វ៉ាង យី បានអញ្ជើញមកដល់កម្ពុជា នៅយប់ថ្ងៃទី២ ខែសីហា ឆ្នាំ២០២២។ លោកគឺជារដ្ឋមន្ត្រីការបរទេសមួយរូប ក្នុងចំណោមរដ្ឋមន្ត្រីការបរទេសដទៃទៀត ដែលមកកម្ពុជា ដើម្បីអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី២៨ ខែកក្កដា ដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២៕