លោក កែវ សុខា ត្រូវបានប្រកាសចូលកាន់តំណែងជាប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកោះកុងថ្មី ជំនួសលោក ទេព វិស្កុល ដែលត្រូវនិវត្តន៍


លោក កែវ សុខា ត្រូវបានប្រកាសចូលកាន់តំណែងជាប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកោះកុងថ្មី ជំនួសលោក ទេព វិស្កុល ដែលបានចូលនិវត្តន៍។

ពិធីប្រកាសចូលឱ្យកាន់តំណែងនេះ បានធ្វើឡើងនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២នេះ ក្រោមវត្តមានឯកឧត្តម ទេព ភិយ្យោរិន្រ្ទ អនុរដ្ឋលេខាធិការ តំណាងឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង រួមទាំងមន្ត្រីរាជការជុំវិញខេត្តផងដែរ។

ឯកឧត្តម ទេព ភិយ្យោរិន្ទ្រ បានជំរុញដល់ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលទើបប្រកាសចូលកាន់មុខតំណែងថ្មី ត្រូវផ្តល់សេវាកម្មសាធារណៈជូនទាំងមន្ត្រីរាជការ ទាំងសេវាកម្មឯកជន និងសេវាកម្មជូនប្រជាពលរដ្ឋឱ្យ បានទូលំទូលាយដោយមិនគិតការងារអកសកម្មអ្វីឡើយ ដើម្បីធ្វើយ៉ាងណាអភិវឌ្ឍលើវិស័យសេដ្ឋកិច្ច ឱ្យកាន់តែប្រសើរឡើងថែមទៀត។

ជាមួយគ្នានេះឯកឧត្តម ទេព ភិយ្យោរិន្រ្ទ បានបន្តថា ប្រធានមន្ទីរថ្មី ត្រូវប្រកានខ្ជាប់នៅនិរន្តភាពក្នុងការងារឱ្យបានល្អក្នុងដឹកនាំដើម្បីឱ្យមានតម្លាភាព និងមានការគាំទ្រពីថ្នាក់ក្រោមជាតិ។ លោកក៏បង្ហាញពីការជឿជាក់លើការងារ ដឹកនាំរបស់ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុថ្មី ចេះបង្កើនសាមគ្គីភាព សហការគ្នារវាងមន្ត្រីក្នុងស្ថាប័ន រក្សាភាពផ្ទៃក្នុងឱ្យបានរឹងមាំ មានក្រមសីលធម៌ជាមន្ត្រីរាជការ និងមានការទំនាក់ទំនងល្អក្នុងការផ្តល់សេវាជូនសាធារណៈជន និងមានគោលជំហររឹងមាំក្នុងការបំពេញកាតព្វកិច្ចជូនប្រទេសជាតិ។

លោក កែវ សុខា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុថ្មី បានធ្វើប្តេជ្ញាចិត្ត បំពេញការងារជូនសង្គមជាតិដោយមានភាពស្មោះត្រង់ជានិច្ចចំពោះរាជរដ្ឋាភិបាលកម្ពុជា និងសូមគោរពយ៉ាងខ្ជាប់ខ្ជួននៅច្បាប់ ព្រមទាំងអនុវត្តយ៉ាងម៉ឺងម៉ាត់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់តាមបទបញ្ជា និងគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាលរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ប្រធានមន្ទីរសេដ្ឋកិច្ចថ្មី បានបន្តថា លោកនឹងខិតខំពុះពារជម្នះរាល់ការលំបាកដើម្បីអនុវត្តឱ្យបាននូវគោលការណ៍៣ និងអភិក្រម៥ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីធានាប្រសិទ្ធភាពការងារក្នុងអង្គភាព និងប្រែក្លាយខ្លួនឱ្យទៅជាអ្នកបម្រើប្រកបដោយឆន្ទៈ និងមនសិការវិជ្ជាជីវៈ រក្សាឱ្យបាននូវសាមគ្គីភាពឯកភាពផ្ទៃក្នុង ជាមួយថ្នាក់ដឹកនាំមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៅក្នុងមន្ទីរក៏ដូចជារដ្ឋបាលខេត្តកោះកុងកង កម្លាំងប្រដាប់អាវុធ សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ និងបណ្ដាមន្ទីរអង្គភាពពាក់ព័ន្ធ ដើម្បីសម្រេចបានជោគជ័យតាមផែនការរបស់រដ្ឋបាលខេត្ត ក៏ដូចជាផែនការយុទ្ធសាស្ត្ររបស់ក្រសួង។

ទន្ទឹមនឹងនេះដែរលោក កែវ សុខា ថាលោកនឹងខិតខំរៀនសូត្រអនុវត្តតាមគំរូដឹកនាំល្អរបស់ប្រធានមន្ទីរមុនៗ ព្រមទាំងដកស្រង់បទពិសោធន៍ថ្មីៗបន្ថែមទៀត ពីមិត្តរួមការងារនៅទីនេះ និងចែករំលែកចំណេះដឹងដែលមាន ដើម្បីរួមគ្នាអនុវត្តតួនាទីភារកិច្ចជំនាញ និងអនុវត្តតួនាទីភារកិច្ចឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត និងចូលរួមសហការជាមួយប្រជាពលរដ្ឋដោយមិនប្រកាន់និ្នការនយោបាយណាមួយឡើយ៕