(ភ្នំពេញ)៖ លោក Henry Daut អ្នកជំនាញសិក្សាស្រាវជ្រាវកីឡាប្រពៃណី នៃវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ាបានលើកឡើងថា អាស៊ានគួររៀបចំឲ្យមានព្រឹត្តិការណ៍កីឡាប្រពៃណីថ្នាក់តំបន់ ដាច់ដោយឡែកពីការប្រកួតស៊ីហ្គេម ដើម្បីលើកកម្ពស់ការអភិរក្ស និងអភិវឌ្ឍន៍កីឡាប្រពៃណី នៃបណ្ដាប្រទេសសមាជិកទាំងអស់ ទៅដល់មនុស្សជាតិទូទៅលើសកលលោក។
ការលើកឡើងនេះ ស្របពេលកម្ពុជា តាមរយៈក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំសិក្ខាសាលាសំខាន់ៗពីរ ទី១-សិក្ខាសាលាស្ដីពីការអភិរក្ស និងអភិវឌ្ឍន៍កីឡាប្រពៃណីនៅតំបន់អាស៊ាន ដែលទើបបញ្ចប់កាលពីល្ងាចថ្ងៃទី០៩ ខែសីហា និងទី២-សិក្ខាសាលាស្ដីពីការអភិវឌ្ឍតំបន់ហាត់ប្រាណ និងលេងកីឡានៅតំបន់អាស៊ាន ដែលបានប្រារព្ធពិធីបើកនៅព្រឹកថ្ងៃទី១០ ខែសីហានេះ ក្រោមវត្តមានឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា។
បុរសជនជាតិហ្វីលីពីនខាងលើបានបញ្ជាក់ថា «នេះគឺជាការល្អ ដែលយើងបានបញ្ចូលកីឡាប្រពៃណីទៅក្នុងស៊ីហ្គេម។ ជាក់ស្ដែងប្រទេសក្នុងតំបន់អាស៊ាន បានបញ្ចូលកីឡាប្រពៃណីរបស់ខ្លួនមួយចំនួនទៅក្នុងស៊ីហ្គេមហើយ។ ប៉ុន្ដែអ្វីដែលខ្ញុំចង់បានបន្ថែម លើសពីអ្វីដែលកំពុងអនុវត្តនេះ គឺចង់ឲ្យមានហ្គេមមួយដោយឡែកតែកីឡាប្រពៃណីប៉ុណ្ណោះ ដោយមិនបញ្ចូល ឬលាយឡំជាមួយប្រភេទកីឡាអូឡាំពិកផ្សេងនោះទេ បានន័យថា អាស៊ាន គួរតែបង្កើតហ្គេមថ្មីមួយទៀត គឺការប្រកួតកីឡាប្រពៃណីប្រចាំតំបន់អាស៊ាន»។
អ្នកជំនាញរូបនេះបានពន្យល់ថា «អ្វីដែលខ្ញុំបានបញ្ជាក់ គួរតែមានកីឡាប្រពៃណីដោយឡែកនេះមានន័យថា បើសិនជាយើងបញ្ចូលកីឡាប្រពៃណី ជាមួយប្រភេទកីឡាមានប្រជាប្រិយ ឬកីឡាល្បីៗ ដូចជាបាល់ទាត់ជាដើម កីឡាប្រពៃណី ហាក់ដូចជាពុំសូវមានឈ្មោះក្នុងហ្គេមទេ។ ដើម្បីឲ្យពិភពលោក និងមនុស្សជំនាន់ក្រោយ មើលឃើញច្បាស់ពីកីឡាប្រពៃណី គួរតែមានរៀបចំការប្រកួតដោយឡែក ហើយប្រទេសនីមួយៗ អាចរំលេច និងផ្ដល់ឱកាសដល់កីឡាប្រពៃណីរបស់ខ្លួន នៅក្នុងហ្គេមនោះ ដើម្បីចែករំលែកដល់ប្រជាជនទូទាំងសកលលោក មិនត្រឹមតែក្នុងតំបន់អាស៊ាននោះទេ»។
ទន្ទឹមជាមួយគ្នា លោក Henry Daut ក៏បានលើកសរសើរអំពីកម្ពុជា ដែលជាប្រទេសមួយសម្បូរដោយវប្បធម៌ និងមានវ័យចំណាស់ក្នុងតំបន់។ ទាក់ទងកីឡាប្រពៃណី និងល្បែងកីឡាប្រជាប្រិយរបស់កម្ពុជា លោកក៏បានសិក្សាមួយចំនួនដែរ តាមរយៈភស្ដុតាងជាក់ស្ដែង ដែលមានចារតាមប្រាសាទនានា។ លោកថានេះគឺជាឱកាសមួយ ដែលពិភពលោកគួរតែសិក្សាស្វែងយល់ឲ្យបានច្បាស់ពីកីឡាប្រពៃណី និងល្បែងកីឡាប្រជាប្រិយរបស់កម្ពុជា។ លើសបានលើកទឹកចិត្តឲ្យមានការផ្សព្វផ្សាយបន្ដទៀត តាមរយៈសិក្ខាសាលា និងការផ្លាស់ប្ដូរវប្បធម៌ រវាងបណ្ដាប្រទេសអាស៊ាន ដើម្បីលើកកម្ពស់អត្តសញ្ញាណអាស៊ាន តាមរយៈកីឡាប្រពៃណីនេះ៕