ប្រមុខការទូតកម្ពុជា៖ អាស៊ាននៅតែអាចបន្តឈរជើងយ៉ាងរឹងមាំ និងលេចខ្ពស់ត្រដែត ក្នុងដំណាក់កាលនៃភាពមិនប្រាកដប្រជា និងចលាចលនៅក្នុងតំបន់ និងសកលលោក


(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានថ្លែងថា អាស៊ាននៅតែអាចបន្តឈរជើងយ៉ាងរឹងមាំ និងលេចខ្ពស់ត្រដែត នៅក្នុងដំណាក់កាលនៃភាពមិនប្រាកដប្រជា និងចលាចលនៅក្នុងតំបន់ និងសកលលោក។ នេះបើតាមសារលិខិតរបស់ ប្រមុខការទូតកម្ពុជា ថ្លែងក្នុងឱកាសអបអរសាទរទិវាអាស៊ាន ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២ នេះ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី  ប្រាក់ សុខុន បានថ្លែងថា នៅក្នុងដំណាក់កាលមួយ នាអតីតកាល អាស៊ានធ្លាប់តែជាតំបន់ដែលតស៊ូលំបាកលើបញ្ហាសន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់របស់ខ្លួន។ បច្ចុប្បន្ន អាស៊ានជាតំបន់មួយដែលប្រកបដោយវិបុលភាព ដែលមនុស្សទាំងអស់គ្នា បានប្រែក្លាយការសង្ស័យ និងភាពអមិត្ត និងការប្រឈមមុខដាក់គ្នា ទៅជាកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។ ក្នុងរយៈកាលច្រើនទស្សវត្សនៃសន្តិភាព និងស្ថិរភាព អាស៊ានទទួលបាននូវវិបុលភាពលើសពីការរំពឹងទុក ជាមួយនឹងកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍខ្ពស់ ព្រមទាំងការកែលំអជាបន្តបន្ទាប់នៃសុខុមាលភាពប្រជាជន។

ឯកឧត្តមបន្តថា ទន្ទឹមនឹងការវិវត្តនៃពេលវេលា ពហុភាគីនិយមក្នុងតំបន់អាស៊ានកាន់តែមានភាពចាស់ទុំ។ តួនាទីរបស់អាស៊ាននៅក្នុងក្របខណ្ឌពហុភាគីសាកល កំពុងទទួលបានការគោរព និងការទទួលស្គាល់យ៉ាងទូលំទូលាយ។ អាស៊ានបានបោះជំហានឈានទៅពង្រឹង និងពង្រីកនូវទំនាក់ទំនងរបស់ខ្លួនជាមួយដៃគូខាងក្រៅ ក្នុងស្មារតីនៃផលប្រយោជន៍រួម ការគោរពគ្នាទៅវិញទៅមក និងសមភាព។ បច្ចុប្បន្ន អាស៊ានមានប្រទេសចំនួន ៤៩ ជាភាគីនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ីអាគ្នេយ៍ (TAC) ហើយទំនាក់ទំនងរបស់អាស៊ាន ជាមួយនឹងដៃគូខាងក្រៅ បានកើនឡើងជាបន្តបន្ទាប់ពីមួយឆ្នាំ ទៅមួយឆ្នាំ និងបានពង្រីកវិសាលភាពដល់ទ្វីបជាច្រើន ដែលនេះគឺជាការឆ្លុះបញ្ចាំងអំពីការកើនឡើងឥតឈប់ឈរ នៃការរួមចំណែក និងសារសំខាន់របស់អាស៊ាន នៅក្នុងតំបន់ និងកិច្ចការសាកលលោក។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបន្ថែមថា ក្នុងបរិបទនេះ អាស៊ាន បានធ្វើការប្រកបដោយភាពម៉ត់ចត់ ដើម្បីធានាឱ្យបានថា មជ្ឈភាព និងឯកភាពអាស៊ាន ត្រូវបានថែរក្សា និងពង្រឹងបន្ថែមទៀត។ ជាការពិត គឺមជ្ឈភាពអាស៊ាន ដែលជាកត្តារុញច្រានដ៏សំខាន់នៅពីក្រោយកិច្ចសន្ទនាប្រកប ដោយខ្លឹមសារ និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំ ជាមួយដៃគូខាងក្រៅ ជាពិសេសក្នុងបរិបទនៃយន្តការដែលដឹកនាំដោយអាស៊ានទាំងអស់។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងទៀតថា បម្រែបម្រួលយ៉ាងឆាប់រហ័ស នៃទិដ្ឋភាពភូមិសាស្រ្តនយោបាយសាកលលោក បានបង្កជាបញ្ហាប្រឈមយ៉ាងធំធេងសម្រាប់អាស៊ាន។ គេអាចមើលឃើញយ៉ាងច្បាស់ថា អស់រយៈកាល៥៥ឆ្នាំ កន្លងមកនេះ បញ្ហាប្រឈមនានា នៅតែកើតមាន ហើយនេះជាការសាកល្បងនូវព្រំដែនកំណត់របស់អាស៊ាន ដែលបញ្ហាទាំងនោះ រួមបញ្ចូលទាំងបញ្ហាសុខាភិបាល សេដ្ឋកិច្ច និងភូមិសាស្រ្តនយោបាយ។ ប៉ុន្តែកន្លងមក អាស៊ាន ពុំដែលជាប់ប្រទះនឹងបញ្ហាប្រឈមក្នុងតំបន់ និងសាកលលោកជាច្រើនក្នុងពេលតែមួយ ដូចក្នុងឆ្នាំនេះទេ។ ឆ្លងកាត់ដំណាក់កាលលំបាកទាំងនេះ អាស៊ានពុំបានខកខានក្នុងការបង្ហាញនូវភាពធន់របស់ខ្លួន តាមរយៈការដោះស្រាយនូវបញ្ហាប្រឈមទាំងនេះម្តងមួយៗ តាមវិធីសាស្រ្តផ្សេងៗ ជាពិសេសគឺមាគ៌ាអាស៊ាន។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បន្តថា អាស៊ានមានកាលានុវត្តភាពដ៏សម្បើម ក្នុងការពន្លឿននូវកំណើនសេដ្ឋកិច្ច តាមរយៈការតភ្ជាប់ដ៏ល្អប្រសើរជាមុន។ ការចូលជាធរមាន នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ជាការត្រួសត្រាយផ្លូវដល់អាស៊ាន ទាញយកផលប្រយោជន៍ ពីតំបន់ពាណិជ្ជកម្មសេរី ដ៏មហាសាលនេះ ដើម្បីជំរុញបន្ថែមទៀតការស្តារឡើងវិញនូវសេដ្ឋកិច្ចរបស់អាស៊ាន។ អាស៊ានបានខិតខំប្រឹងប្រែង ដើម្បីសម្របខ្លួនទៅតាមបដិវត្តឧស្សាហកម្មទី៤ ដើម្បីជំរុញបរិវត្តឧស្សាហកម្ម និងការធ្វើឌីជីថលូបនីយកម្មដល់ប្រព័ន្ធសេដ្ឋកិច្ចរបស់ខ្លួន។

ឯកឧត្តមឧបនាយករដ្ឋមន្ត្ រីបន្ថែមថា ឆ្នាំនេះ កម្ពុជាមានកិត្តិយស និងបុព្វសិទ្ធយ៉ាងធំធេង ដែលបានទទួលតួនាទី ជាប្រធានប្តូរវេនរបស់អាស៊ាន ជាលើកទី៣ ហើយមូលបទនៃភាពជាប្រធានអាស៊ាន គឺ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» បានឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីតម្រូវការ និងការជម្រុញនូវស្មារតី ដោយផ្អែកលើ «ការរួបរួមគ្នា» ដោយផ្តោតសំខាន់លើរបៀបវារៈសម្រាប់សន្តិសុខ និងកិច្ចសហប្រតិបត្តិការ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងទៀតថា «ខ្ញុំមានភាពរីករាយក្រៃលែង ដែលកាលពីសបា្តហ៍មុន យើងបានរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី ៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ប្រកបដោយជោគជ័យយ៉ាងធំធេង ដោយបានដោះស្រាយបញ្ហា ដែលកំពុងមានកំដៅ សំពាធនានាដែលពុំដែលធ្លាប់ជួបប្រទះកន្លងមក និងបញ្ហាប្រឈមធំៗជាច្រើន នាពេលបច្ចុប្បន្ន។ យើងនៅបន្តផ្តោតសំខាន់ទៅលើកិច្ចខិតខំប្រឹងប្រែងរបស់យើងក្នុងការកសាងសហគមន៍អាស៊ាន។ យើងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយដៃគូខាងក្រៅ ហើយយើងបានបង្ហាញយ៉ាងច្បាស់ថា អាស៊ាននៅតែអាចបន្តឈរជើងយ៉ាងរឹងមាំ និងលេចខ្ពស់ត្រដែត នៅក្នុងដំណាក់កាលនៃភាពមិនប្រាកដប្រជា និងចលាចលនៅក្នុងតំបន់ និងសាកលលោក»

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បន្តថា «ខណៈពេលដែលអាស៊ាន កំពុងលើកជ្រោងនូវស្មារតីរបស់អាស៊ាន “ការរួបរួមគ្នាទាំងអស់គ្នា” ដើម្បីប្រមូលផ្តុំកិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវគោលដៅរបស់អាស៊ាន ក្នុងការកសាងនូវទស្សនៈវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ ដ៏រឹងមាំ មានជំនឿជឿជាក់ថា អាស៊ាននឹងអាចបន្តដំណើរទៅមុខប្រកបដោយភាពជឿជាក់ ក្រោមស្មារតីស្នូលរបស់អាស៊ាន “ទស្សនៈវិស័យមួយ អត្តសញ្ញាណមួយ សហគមន៍មួយ”»

សូមជម្រាបដែរថា ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២ ជាថ្ងៃកំណើតរបស់អាស៊ាន ដែលមកដល់ពេលនេះមានអាយុ ៥៥ឆ្នាំហើយ។ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬហៅកាត់ថា អាស៊ាន (ASEAN) គឺជាអង្គការថ្នាក់តំបន់មួយ រួមមានប្រទេសនៅអាស៊ីអាគ្នេយ៍ទាំងដប់ជាសមាជិក ត្រូវបានបង្កើតឡើងដើម្បីជួយជំរុញកិច្ចសហប្រតិបត្តិការអន្តររដ្ឋាភិបាល និងជួយសម្រួលការធ្វើសមាហរណកម្មក្នុងចំណោមសមាជិកទាំងអស់។ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ បានក្លាយទៅជាអង្គការតំបន់មួយ ដែលមានប្រជាប្រិយភាព មានដៃគូសន្ទនាកាន់តែច្រើន និងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមដោះស្រាយបញ្ហាតំបន់ និងលើពិភពលោកផងដែរ។

កម្ពុជាបានក្លាយជាសមាជិកអាស៊ាន កាលពីខែមេសា ឆ្នាំ១៩៩៩ ហើយបានធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលអាស៊ាន កាលពីឆ្នាំ២០០២ និងឆ្នាំ២០១២ ខណៈឆ្នាំ២០២២នេះ គ្រោងធ្វើឡើងនៅខែវិច្ឆិកាខាងមុខនេះ៕