ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពអាកាសធាតុ នៅកម្ពុជាពីថ្ងៃទី១៧-២៣ ខែសីហា ភ្លៀងនឹងបន្តធ្លាក់ពីតិចទៅបង្គួរ ខេត្តមួយចំនួនអាចប្រឈមជំនន់ទឹកភ្លៀង


(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹងស្តីពីការព្យាករធាតុអាកាស ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២។

ក្រសួងធនធានទឹកបានបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជាទទួលរង ឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាប ( ITCZ ) អូសបន្លាយកាត់លើភាគខាងជើងប្រទេសថៃ, ឡាវ , វៀតណាម ភ្ជាប់ទៅនឹងសម្ពាធទាបសកម្មមួយ នៅភាគខាងលើសមុទ្រចិនខាងត្បូង រួមជាមួយនឹងខ្យល់មូសុងនិរតីបក់ពីមធ្យមទៅបង្គួរ។ ស្ថានភាពបែបនេះធ្វើឲ្យ៖

១៖ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល
* សីតុណ្ហភាពអប្បបរមាមានពី ២៣-២៥ °C
* សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤°C។
* នឹងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីតិច ទៅបង្គួរក្នុងនោះក៏មាន ច្រើនដោយអន្លើ និងលាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ បរិមាណទឹក ភ្លៀងដែលនឹងអាចធ្លាក់បន្តបន្ទាប់នេះ នឹងអាចធ្វើឲ្យភូមិសាស្ត្រមួយចំនួននៃខេត្តកំពង់ធំ ប្រឈមនឹងជំនន់ទឹកភ្លៀងសារជាថ្មី។

២៖ បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន
* សីតុណ្ហភាពអប្បបរមាមានពី២២-២៤°C
* សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣°C។
* នឹងអាចមានភ្លៀងនៅក្នុងកម្រិតពី តិចទៅទៅបង្គួរ និងច្រើនដោយអន្លើលាយឡំទៅដោយ ផ្គររន្ទះ និងខ្យល់កន្ត្រាក់។ * បរិមាណទឹកភ្លៀងដែលធ្លាក់ជាបន្តបន្ទាប់នោះ នឹងអាចបង្កឲ្យមានជំនន់ទឹកភ្លៀងនៅក្នុងភូមិសាស្ត្រមួយចំនួននៃបណ្តាខេត្តមានជាអាទិ៍ ៖ ខេត្តព្រះវិហារ ស្ទឹងត្រែង រតនគិរី ក្រចេះ ត្បូងឃ្មុំ កំពង់ចាម និងខេត្តឧត្តរមានជ័យ។

៣៖ តំបន់មាត់សមុទ្រ
* សីតុណ្ហភាពអប្បបរមាមានពី ២៣-២៥°C
* សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C។
* នឹងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់៕