សម្តេចតេជោ អនុញ្ញាតឱ្យអ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ ជួបសម្តែងការគួរសម និងពិភាក្សាការងារ


(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ទី១៦ ខែសីហា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យលោក វិទិត មុនតាប៊ន (Vitit Muntarbhorn) អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ (UN) ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួនពាក់ព័ន្ធនឹងស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។

លោក វិទិត មុនតាប៊ន ត្រូវបានអង្គការសហប្រជាជាតិ តែងតាំងទទួលបន្ទុកលើការងារសិទ្ធិមនុស្សនៅកម្ពុជា ជំនួស លោកស្រី រ៉ូណា ស្មីត កាលពីខែឧសភា ឆ្នាំ២០២១។ ចាប់តាំងពីតែងតាំង លោក វិទិត មុនតាប៊ន មិនដែលបានមកកាន់ប្រទេសកម្ពុជានោះឡើយ។

លោកនឹងទស្សនកិច្ចការងារដែលជាភារកិច្ចរបស់ខ្លួននៅកម្ពុជាចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៦ ខែសីហា។ នេះជាដំណើរទស្សនកិច្ចការងារជាលើកដំបូងរបស់លោកនៅកម្ពុជា បន្ទាប់ពីអង្គការសហប្រជាជាតិចាត់តាំងឱ្យទទួលបន្ទុកការងារសិទ្ធិមនុស្សនៅកម្ពុជា។

ក្នុងដំណើរទស្សនកិច្ចការងារនាពេលនេះ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ដែលជាជនជាតិថៃរូបនេះ ក្រៅតែពីជួបសម្តែងការគួរសមជាមួយសម្តេចតេជោ ហ៊ុន សែន ហើយនោះ ឯកឧត្តមក៏គ្រោងជួបមន្ត្រីរាជរដ្ឋាភិបាលពាក់ព័ន្ធការងារសិទ្ធិមនុស្ស ក៏ដូចជាអង្គការសង្គមស៊ីវិលផ្សេងៗទៀតផងដែរ។

ដំណើរទស្សនកិច្ចរបស់ លោក វិទិត មុនតាប៊ន ត្រូវបានស្វាគមន៍ទាំងភាគីរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល ដោយទន្ទឹងរង់ចាំជជែកដោយបើកចំហរលើការងារសិទ្ធិមនុស្សនៅកម្ពុជា។

ការងារសិទ្ធិមនុស្សនៅកម្ពុជា តែងមានការខ្វែងគំនិត និងយល់ឃើញខុសរវាងរាជរដ្ឋាភិបាល ជាមួយរបាយការណ៍របស់តំណាងអង្គការសហប្រជាជាតិ ដែលទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន ក៏ធ្លាប់ព្រមានពីការបិទការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជាថែមទៀតផង។