សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងទៅកាន់មន្ត្រីជាន់ខ្ពស់បក្សកុម្មុយនិស្តវៀតណាមថា ការធ្វើឱ្យកាន់ប្រសើរឡើងនៃទំនាក់ទំនងសេដ្ឋកិច្ចរវាងកម្ពុជា និងវៀតណាម គឺជារឿងមួយដ៏ចាំបាច់ ហើយទំនាក់ទំនងសេដ្ឋកិច្ចនេះ វាបានគាំទ្រដល់ទំនាក់ទំនងនយោបាយផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់បែបនេះ ក្នុងជំនួបពិភាក្សាការងារជាមួយលោក ឡេ ហាយជុង ប្រធានគណៈទាក់ទងបរទេសថ្មី នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២នេះ។
លោក ឡេ ហាយជុង បាននិងកំពុងដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីអបអរសាទរខួប៧០ឆ្នាំនៃទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម។ លោក ឡេ ហាយជុង បានជម្រាបសម្តេចតេជោថា ដំណើរទស្សនកិច្ចរបស់លោកនៅកម្ពុជានាពេលនេះ ដើម្បីលើកស្ទួយទំនាក់ទំនង សាមគ្គីភាពរវាងបក្ស និងបក្ស រដ្ឋ និងរដ្ឋ ប្រជាជន និងប្រជាជន។ ជាពិសេសធ្វើឱ្យទំនាក់ទំនងសេដ្ឋកិច្ចកាន់តែរឹងមាំ និងមានប្រសិទ្ធភាពថែមទៀតទាំងតាមយន្តការទ្វេភាគី និងពហុភាគី។
សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវការស្វាគមន៍បំណងធ្វើឱ្យកាន់តែប្រសើរឡើងនូវទំនាក់ទំនងសេដ្ឋកិច្ចរវាងកម្ពុជា និងវៀតណាម ដែលកំពុងមានសភាពល្អស្រាប់នាពេលបច្ចុប្បន្ននេះ។ សម្តេចតេជោ បាលើកឡើងថា ទំនាក់ទំនងសេដ្ឋកិច្ចដើរតួនាទីសំខាន់សម្រាប់ទំនាក់ទំនងរវាងប្រទេស និងប្រទេស ហើយទំនាក់ទំនងសេដ្ឋកិច្ចនេះ គាំទ្រដល់ទំនាក់ទំនងនយោបាយផងដែរ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងទៀតថា ឈរលើមូលដ្ឋានមានស្រាប់នេះ គប្បីជំរុញសេដ្ឋកិច្ចឱ្យកាន់តែខ្លាំងឡើង ប្រែក្លាយតំបន់ព្រំដែន និងសង្គ្រាម ក្លាយទៅជាតំបន់ពាណិជ្ជកម្ម អភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ។
សូមបញ្ជាក់ថ នៅក្នុងជំនួបនេះ លោក ឡេ ហាយជុង ក៏បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពរបស់កម្ពុជា លើការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ក៏ដូចជាតួនាទីរបស់កម្ពុជានៅលើឆាកអន្តរជាតិ។ លោក ឡេ ហាយជុង បានអបអរសាទរសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានជោគជ័យត្រជះត្រចង់លើការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នាពេលកន្លងទៅនេះ៕