សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យសាងសង់ស្ពានអាកាស២កន្លែងទៀត គឺស្តុបស៊ិនជូរី និងច្រមុះជ្រូកក្បាលថ្នល់


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតជាគោលការណ៍ ឱ្យសាងសង់ស្ពានអាកាសចំនួន២កន្លែងទៀត នៅរាជធានីភ្នំពេញ គឺនៅត្រង់ចំណុចស្តុបស៊ិនជូរី និងស្តុបច្រមុំជ្រូកក្បាលថ្នល់។ នេះបើតាមហ្វេសប៊ុកផ្លូវការរបស់ មន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ។

ទំព័រហ្វេសប៊ុករបស់មន្ទីរសាធារណការ បានបញ្ជាក់ថា ដោយទទួលបានគោលការណ៍ដ៏ខ្ពង់ខ្ពស់ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ នឹងសាងសង់ស្ពានអាកាសថ្មី ចំនួន ២ទីតាំង ដូចខាងក្រោម៖

១៖ សាងសង់ស្ពានអាកាសនៅទីតាំងប្រសព្វរវាងមហាវិថី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មហាវិថី ព្រះមុនី្នវង្ស និងវិថី កងយោធពលខេមរភូមិន្ទ (ផ្លូវលេខ ២៧១)

២៖ សាងសង់ស្ពានអាកាសនៅទីតាំងស្តុបសុិនជូរីប្លាស្សា ប្រសព្វរវាងមហាវិថី សហព័ន្ឋរុស្ស៊ី មហាវិថី សម្តេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល (ផ្លូវលេខ ២០០៤) និងផ្លូវលេខ ២០១១ ។

សូមបញ្ជាក់ថា បច្ចុប្បន្ននៅក្នុងរាជធានីភ្នំពេញ មានស្ពានអាកាសចំនួន៦ ដែលបានសាងសង់រួចរាល់ និងកំពុងប្រើប្រាស់ រួមមាន៖ ស្ពានអាកាសក្បាលថ្នល់ (២៤ មិថុនា ២០១០), ស្ពានអាកាស៧មករា (៦ មករា ២០១២), ស្ពានអាកាសស្ទឹងមានជ័យ (៣១ កក្កដា ២០១៤), ស្ពានអាកាស៥មករា (៥ មករា ២០១៦), ស្ពានអាកាសមិត្តភាព កម្ពុជា-ចិន សែនសុខ ឬហៅថា «ស្ពានអាកាសផ្សារដីហ៊ុយ» (២ កក្កដា ២០១៨), ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅសម្ពោធដាក់ឱ្យប្រើប្រាស់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២។

បច្ចុប្បន្នរាជរដ្ឋាភិបាល ក៏កំពុងដំណើរការសាងសង់ស្ពានអាកាសស្ថិតនៅលើបណ្តោយផ្លូវជាតិលេខ៥ ចំណុចប្រសព្វនៃផ្លូវតភ្ជាប់ពីស្ពានខ្សែកាបឫស្សីកែវ ឆ្លងកាត់ទន្លេសាប ដែលតភ្ជាប់រវាងផ្លូវជាតិលេខ៥ និងទីក្រុងរណបជ្រោយចង្វាផងដែរ៕