សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ទោះបីជាសម្តេចបាត់បង់អំណាច នៅពេលខាងមុខ ក៏អំណាចក្នុងការគ្រប់គ្រងដឹកនាំប្រទេស ក៏នៅតែស្ថិតនៅក្នុងដៃគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សធំជាងគេ ហើយមិនធ្លាក់ទៅក្នុងដៃរបស់ក្រុមប្រឆាំងដែរ។
ការបញ្ជាក់ជាថ្មីរបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីស្ត្រីម្នាក់ ដែលជាសមាជិកក្រុមប្រឆាំង បានលើកឡើងថា សម្តេចតេជោ អាចនឹងអស់អំណាចនៅពេលខាងមុខនេះ។
ដោយចាត់ទុកថា ការលើកឡើងនោះជាការ «ទស្សទាយ» សម្តេចបានអះអាងថា ការទស្សទាយនេះពិតជាត្រឹមត្រូវ។ សម្តេចលើកឡើងថា៖ «ត្រឹមត្រូវលោកយាយ ខ្ញុំហៅលោកយាយទៅចុះ ប៉ុន្តែមុខហ្នឹងប្រហែលជាអាយុមិនច្រើនជាងខ្ញុំទេ ហ៊ុន សែន នឹងបាត់អំណាចពិតប្រាកដ ហើយបើទាយមួយទៀតថា ហ៊ុន សែន នឹងស្លាប់ត្រឹមត្រូវទៀត»។
សម្តេចបានបន្ថែមថា «ជីវិតមនុស្សវាត្រូវតែស្លាប់ គ្មាននរណាចាស់សកទេ កុំឆ្ងល់ពេក ផ្តាំទៅវិញទៅថា ទាយហ្នឹងត្រឹមត្រូវហើយ ទាយថា “ហ៊ុន សែន នឹងអស់អំណាច” គឺច្បាស់ជាអស់ហើយ ព្រោះវាមិនដែលនរណា ធ្វើដល់ថ្ងៃងាប់ ឬក៏ងាប់ហើយ នៅតែជានាយករដ្ឋមន្ត្រី វាគង់តែបាត់ ក៏ប៉ុន្តែសូមបញ្ជាក់ថា វាមិនធ្លាក់ទៅលើដៃពួកអ្នកណាផ្សេង ក្រៅពីគណបក្សប្រជាជនទេ សូមបញ្ជាក់ជូនឱ្យហើយ»។
ទាក់ទងនឹងការដឹកនាំនេះ សម្តេចតេជោ បានបញ្ជាក់ថា សម្តេចក៏បានប្រកាសច្រើនលើករួចទៅហើយ ហើយក៏បានរៀបចំរួចហើយដែរ។ សម្តេចបានចោទសួរទៅក្រុមអ្នកទស្សទាយទាំងនោះថា «ម្តេចក៏ស្តាប់មិនបាន?»។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងទៀតថា ឧទាហរណ៍ថាអំណាចមិនបានទៅ លោកបណ្ឌិត ហ៊ុន ម៉ាណែត ទៅចុះ ក៏ប៉ុន្តែអំណាចដឹកនាំប្រទេសនេះ មិនធ្លាក់ទៅក្នុងដៃក្រុមប្រឆាំងដែរ ច្បាស់ជាបានទៅលើអ្នកនៅក្នុងគណបក្សប្រជាជនធ្វើដដែលទេ។
ជាមួយនឹងប្រតិកម្មទៅនឹងការទស្សទាយរបស់ ស្ត្រីខាងលើនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រតិកម្មទៅបុគ្គលម្នាក់ដែលសម្តេចហៅថា «អាខ្មៅ»។
ទោះបីជានិយាយមិនចំឈ្មោះបុគ្គលនោះ ប៉ុន្តែកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ បុគ្គល ប៊ុត ប៊ុនតិញ ដែលស្លៀកស្បង់ចីវរជាព្រះសង្ឃ បានចេញមុខវាយប្រហារ សម្តេចតេជោ ហ៊ុន សែន តាមបណ្តាញសង្គម ចំពោះចំណាត់ការលើ លោក សាន្ត ប៊ុនធឿន ដែលថា «លោក សាន្ត ប៊ុនធឿន កែមិនឡើង តែសម្តេចក៏កែមិនឡើងដែរ»។
សម្តេចបានតបទៅវិញថា៖ «ត្រឹមត្រូវទៀត ហ៊ុន សែន កែអត់ឡើងទេ ព្រោះហ៊ុន សែន ត្រូវការធានានូវការការពារសន្តិភាព សម្រាប់ព្រះរាជាណាចក្រកម្ពុជាអភិវឌ្ឍ។ តើចង់ឱ្យ ហ៊ុន សែន កែយ៉ាងម៉េចបើ ហ៊ុន សែន កំពុងឈរនៅកន្លែងនេះ ការពារជាតិការពារទឹកដី ការពារនូវសន្តិភាព ការរស់រានមានជីវិតរបស់ប្រជាជន»។
សម្តេចបានផ្តាំទៅវិញថា «កុំសង្ឃឹមថា ហ៊ុន សែន កែមួយជីវិត ហ៊ុន សែន គឺនៅតែ ហ៊ុន សែន ដាច់ខាត គឺ ហ៊ុន សែន របស់កម្ពុជា ផ្តាំទៅលោកឯងឱ្យច្បាស់ កុំឱ្យវាពិបាកពេក »៕