នាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង បន្ដដឹកនាំកម្លាំងអង្គរក្សប្រមាណ១,២០០នាក់ ជាមួយគ្រឿងចក្រជាង១០០គ្រឿង សម្អាតមែកឈើ និងដាំដើមឈើនៅតំបន់ភ្នំតាម៉ៅ


នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង អគ្គមេបញ្ជាការរង ខ.ភ.ម និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២នេះ កំពុងបន្តដឹកនាំបញ្ជាផ្ទាល់កម្លាំងអង្គរក្សប្រមាណ ១,២០០នាក់ និងគ្រឿងចក្រ ជាង១០០គ្រឿង ឈួសឆាយឫសឈើ មែកឈើ និងដាំដើមឈើ ដាំបង្គោលរបងការពារសត្វ នៅតំបន់ភ្នំតាម៉ៅ ស្ថិតក្នុងស្រុកបាទី ខេត្តតាកែវ។

ក្រៅពីនេះ នាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង ក៏កំពុងពិនិត្យមើលទីតាំង ដើម្បីជីកអាងស្តុកទឹកសម្រាបស្រោចស្រប់ កូនឈើ ក្នុងរដូវប្រាំង ដើម្បីឆ្លើយតបតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់ របស់សម្តេតតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

សូមជម្រាបថា ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យមួយ បង្កើតឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម «ភ្នំតាម៉ៅ» ក្នុងគោលដៅ ដើម្បីធានានូវ និរន្តរភាពនៃការថែរក្សា អភិរក្សព្រៃឈើ និងសត្វព្រៃ ការសង្គ្រោះ ព្យាបាល ស្តារលទ្ធភាពសត្វព្រៃ អប់រំ ផ្សព្វផ្សាយ ការសិក្សាស្រាវជ្រាវ និងសេវាទេសចរណ៍។

ព្រះរាជក្រឹត្យនេះ មានគោលបំណង៖

* អភិវឌ្ឍន៍សួនភូតគាមសាស្ត្រដែលមានពូជឈើប្រណិត និងមានតម្លៃសេដ្ឋកិច្ចខ្ពស់
* អភិវឌ្ឍន៍ជាតំបន់គោលដៅទេសចរណ៍ធម្មជាតិ វប្បធម៌ និងប្រវត្តិសាស្ត្រ ផ្ដល់ការថែរក្សាសង្គ្រោះសត្វព្រៃ ព្យាបាល និងស្តារលទ្ធភាពសត្វព
* ការធ្វើវិបុលកម្មសត្វព្រៃ ប្រភេទសត្វ និងរុក្ខជាតិកម្រ ជិតផុតពូជ ជាមូលដ្ឋានសម្រាប់ការសិក្សាស្រាវជ្រាវ អប់រំផ្សព្វផ្សាយអន្តរអំពើ រវាងមនុស្ស-សត្វព្រៃ និងព្រៃឈើ
* បង្កើតគម្របបៃតង និងបង្កើនសោភ័ណ្ឌភាពក្នុងតំបន់ លើកកម្ពស់ការថែរក្សាធនធានសេនេទិចរុក្ខជាតិ-សត្វព្រៃនិងការអភិវឌ្ឍធនធានធម្មជាតិប្រកបដោយនិរន្តរភាព៕