សម្ដេចក្រឡាហោម ស ខេង៖ ការបណ្ដុះបណ្ដាលមន្ដ្រីនគរបាលជាតិ គឺជាការងារចាំបាច់ត្រូវបន្ដធ្វើជាប្រចាំ ដើម្បីពង្រឹងគុណភាព


សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានលើកឡើងថា ការបណ្ដុះបណ្ដាលមន្ត្រីនគរបាលជាតិ គឺជាការងារចាំបាច់ដែលត្រូវ តែបន្តធ្វើជាប់ជាប្រចាំ ដើម្បីធ្វើឲ្យកងកម្លាំងនគរបាលជាតិ មានចំណេះដឹងគ្រប់គ្រាន់លើផ្នែកទ្រឹស្ដី ជំនាញ បច្ចេកទេស និងអាកប្បកិរិយាល្អ ក្នុងការរក្សាឲ្យបានរឹងមាំនូវខឿនសន្តិសុខជាតិ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍជាតិលើគ្រប់វិស័យ។

ការលើកឡើងរបស់សម្ដេចក្រឡាហោម ស ខេង ធ្វើឡើងក្នុងឱកាសអញ្ជើញ សួរសុខទុក្ខសិស្សនគរបាលវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៥ លើកទី២ នៅសាលានគរបាលជាតិភូមិភាគ១ ខេត្តស្ទឹងត្រែង ចំនួន១១៨នាក់ នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២នេះ។

សម្ដេចក្រឡាហោម ស ខេង បានអះអាងថា ក្រសួងមហាផ្ទៃ បានធ្វើកំណែទម្រង់លើកងកម្លាំងនគរបាលជាប់ជាប្រចាំ តាមរយៈការបណ្ដុះបណ្ដាលស្របតាមគោលនយោបាយកំណែទម្រង់កងកម្លាំងប្រដាប់អាវុធរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយបានផ្តោតសំខាន់ទៅលើការធ្វើទំនើបកម្ម និងការពង្រឹងសមត្ថភាពវិជ្ជាជីវៈ នៃកងកម្លាំងនគរបាលជាតិ ឲ្យស្របទៅនឹងការវិវត្តនៃស្ថានការណ៍សន្តិសុខជាតិ និងអន្តរជាតិ ព្រមទាំងឆ្លើយតបនឹងតម្រូវការនៃអង្គភាពនគរបាល។

ជាមួយគ្នានេះ សម្ដេចក្រឡាហោម បានណែនាំដល់មន្ត្រីនគរបាលទាំងអស់ ត្រូវខិតខំប្រឹងប្រែងបំពេញភារកិច្ចការងារ ការថែរក្សាឲ្យបាននូវសន្តិសុខសណ្តាប់ សុខសវត្តិភាពសង្គម ទប់ស្កាត់ឲ្យបាននូវការចរាចរណ៍ជួញដូរ រក្សាទុកនូវសារធាតុញៀន ជាពិសេសអាជ្ញាធរខេត្តស្ទឹងត្រែង ត្រូវបង្កាបទប់ស្កាត់ឲ្យបាននូវការចរាចណ៍ លួចលាក់ជួញដូរនូវសាធាតុញៀនដោយសុខច្បាប់ ដោយសារខេត្តស្ទឹងត្រែង ជាខេត្តមួយជាប់ព្រំដែនដែលឧក្រិដ្ឋជនគ្រឿងញៀន តែងតែងលួចលាក់ជួញដូរ និងចរាចរណ៍ឆ្លងកាត់។

ក្នុងឱកាសនោះ សម្តេចក្រឡាហោម ស ខេង ក៏បានថ្លែងអំណរគុណចំពោះលោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង ដែលបានចូលរួមចំណែកជាមួយក្រសួងមហាផ្ទៃ ក្នុងការអភិវឌ្ឍសាលានគរបាលជាតិភូមិភាគ១ នៅពេលនេះ។ សម្ដេចក្រឡាហោម បានថ្លែងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់នាយដ្ឋានបណ្តុះបណ្តាល និងសាលានគរបាលជាតិភូមិភាគ១ ក្នុងការបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវ ព្រមទាំងគាំទ្រនូវកម្មវិធីកំណែទម្រង់របស់បណ្ឌិត្យសភា ដើម្បីកសាងវប្បធម៌គុណភាព។

សូមជម្រាបថា មុនការចាប់ផ្ដើម នៃកម្មវិធីសំណេះសំណាលជាមួយសិស្សនគរបាល សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញទស្សនាទិដ្ឋភាពទូទៅ នៅសាលានគរបាលជាតិភូមិភាគ១ ព្រមទាំងអញ្ជើញបើកការដ្ឋានស្ថាបនាផ្លូវបេតុងប្រវែង១,៦០០ម៉ែត្រ ប្រព័ន្ធលូបង្ហូរទឹក៥០០ម៉ែត្រ ជាអំណោយរបស់លោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង៕