លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភាកម្ពុជា បានថ្លែងបញ្ជាក់ថា កម្ពុជានឹងចូលរួមកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយភាគី មហាមិត្តចិន លើការអភិវឌ្ឍជាសកល និងគំនិតផ្តួចផ្តើមស្តីពីសន្តិសុខសកល ព្រមទាំងការលើកឡើងពីផែនការចិន សម្រាប់ជំរុញការបង្កើតប្រព័ន្ធអភិបាលកិច្ចជាសកល ឱ្យកាន់តែមានយុត្តិធម៌ឡើង និងសមហេតុសមផល ក្នុងន័យគាំពារសុខសន្តិភាព វិបុលភាព និងការអភិវឌ្ឍក្នុងតំបន់។
លោកកិត្តិសេដ្ឋាបណ្ឌិត បានលើកឡើងយ៉ាងដូចនេះនាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២នេះ ក្នុងឱកាសបានជួបពិភាក្សាការងារទ្វេភាគីជាមួយលោក វ៉ង ឈិន (Wang Chen) អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាប្រជាជនចិននៃសាធារណរដ្ឋប្រជាមានិតចិន តាមប្រព័ន្ធនិម្មិត។
ជាមួយគ្នានោះលោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់បំផុតនូវការរៀបចំឱ្យមានជំនួបនេះឡើង ដោយសភាប្រជាជនចិន ក្នុងគោល បំណងដើម្បីពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ក៏ដូចជាការផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមក ក្នុងនាមមហាមិត្តចិនជាប្រទេសដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជាមិត្តដែកថែបរបស់កម្ពុជា។
លោក វ៉ង ឈិន ក៏បានលើកឡើងពីចំណងមិត្តភាពដ៏ល្អប្រពៃដែលត្រូវបានកសាងឡើង តាំងពីថ្នាក់ដឹកនាំជំនាន់មុន និងបន្តពង្រឹងរហូត មកដល់ថ្នាក់ដឹកនាំបច្ចុប្បន្ន នៃប្រទេសទាំងពីរ ចិន កម្ពុជា និងថាភាគីទាំងពីរអាចជំរុញការអនុវត្តផែនការខ្សែក្រវ៉ាត់ និងផ្លូវ ការធ្វើទំនើបកម្ម សេដ្ឋកិច្ចឌីជីថល ការផ្តល់វ៉ាក់សាំង ហើយចិននឹងផ្ដល់ បទពិសោធន៍ក្នុងការផលិតវ៉ាក់សាំង ដល់ភាគីកម្ពុជា។
ជាមួយគ្នានេះលោក វ៉ង ឈិន ក៏បានលើកឡើងពីការផ្លាស់ប្តូរវប្បធម៌ អ្នកសារព័ត៌មាន និងក្រុម Think-tanks នៃប្រទេសទាំងពីរផងដែរ។ ចិន និងកម្ពុជាបានប្រកាន់យក គំនិតពហុភាគី និយមដូចគ្នា ដើម្បីរក្សាសន្តិភាពពិភពលោក និងឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ដែលមានអង្គការសហប្រជាជាតិជាគោល។ ប្រទេសទាំងពីរ ចិន កម្ពុជា ពិតជាសហគមន៍ដែលមានជោគវាសនារួម។ លោកក៏បានបង្ហាញនូវការពេញចិត្តចំពោះកម្ពុជា ដែលបានប្រកាន់ជំហរមុតមាំ គាំទ្រប្រទេសចិននៅ ក្នុងការរក្សា បូរណភាពដែនដីរបស់ខ្លួន។
លោក វ៉ង ឈិន បានបន្ថែ មទៀតថា កម្ពុជាបានបើកចំហរកាន់តែទូលំទូលាយក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ការផ្លាស់ប្តូរបទពិសោធន៍ ដើម្បីសម្រេចបានទំនើបកម្ម ផលិតកម្ម នៃប្រទេសរបស់ខ្លួន ស្របតាមចក្ខុវិស័យរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការនាំកម្ពុជាឱ្យឆ្ពោះទៅជាប្រទេសចំណូលមធ្យមឆ្នាំ២០៣០ និងចំណូលខ្ពស់ឆ្នាំ២០៥០។
លោកកិត្តិសេដ្ឋាបណ្ឌិត ក៏បានលើកឡើងពីវប្បធម៌ដ៏ល្អប្រពៃណីនៃកិច្ចសន្ទនាជាទៀងទាត់រវាងស្ថាប័ននីតិប្បញ្ញត្តិ នៃប្រទេសទាំងពីរ ដែលមានសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃកម្ពុជា និងលោក លី ចាន់ស៊ូ ប្រធានសភាប្រជាជនទូទាំងប្រទេស នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងគោលបំណងពង្រឹងកិច្ចសហការ ឱ្យកាន់តែជិតស្និទ្ធថែមទៀត ដើម្បីបន្តថែរក្សា និងជំរុញមិត្តភាពជាប្រពៃណី ដែលត្រូវបានកសាងយ៉ាងរឹងមាំដោយថ្នាក់ដឹកនាំ ជំនាន់មុនៗ និងអ្នកបន្តវេនជំនាន់ ក្រោយឱ្យកាន់តែស្អិតរមួត ស្ថិតស្ថេរយូរអង្វែង ក្នុងការបន្តគាំទ្រគ្នាទៅវិញទៅមករវាងស្ថាប័នសភាទាំងពីរចំពោះបញ្ហាតំបន់និងអន្តរជាតិ។
លោកកិត្តិសេដ្ឋាបណ្ឌិត ក៏បានលើកឡើងអំពីការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវ គោលការណ៍ចិនតែមួយ និងគោលនយោបាយចិនតែមួយ។ រដ្ឋាភិបាលនិងប្រជាជន នៃប្រទេសទំាងពីរ តែងតែរួមសុខរួមទុក្ខជាមួយគ្នា ក្នុងគ្រាដ៏សែនលំបាក នៃការរីករាលដាលជំងឺកូវីដ-១៩ ដែលមហាមិត្តចិនបានផ្តល់ ជំនួយវ៉ាក់សាំងប្រឆាំងនឹងវីរុស កូវីដ-១៩ ចំនួន៤២លានដូសដល់កម្ពុជា ហើយបានក្លាយជាប្រទេសដែលផ្គត់ផ្គង់វ៉ាក់សាំងដ៏សំខាន់បំផុត និងមានសុវត្ថិភាពបំផុតនៅកម្ពុជា។
លោកអនុប្រធានទី១ រដ្ឋសភា ក៏បានលើកឡើងដែរថា សម្ដេចតេជោនាយករដ្ឋមន្ត្រីនៃកម្ពុជា និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃសាធារណរដ្ឋប្រជាមានិតចិន បានធ្វើឱ្យទំនាក់ ទំនង ការទូត រវាងប្រទេសយើងទំាងពីរកម្ពុជា-ចិន រហូតមកដល់ពេលនេះក្លាយជាទំនាក់ទំនងដែកថែប ដែលមានផ្លែផ្កា យ៉ាងស្រស់បំព្រង ព្រមទាំងនាំមកនូវវឌ្ឍនភាព និងវិបុលភាពសម្រាប់ប្រជាជាតិយើងទំាងសងខាង។
លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ក៏បានថ្លែងអំណរគុណចំពោះបក្សកម្មុយនីស្តចិន និងប្រជាជនចិន ដែលបានយកចិត្តទុកដាក់ថែទាំព្រះរាជសុខភាព ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ និងតែងតែជួយឧបត្ថម្ភគាំទ្រដល់ប្រជាជនកម្ពុជា តាំងពីអតីតកាលរហូតដល់បច្ចុប្បន្ន។
លោកកិត្តិសេដ្ឋាបណ្ឌិត បានលើកឡើងពីការបន្តពង្រឹង និងពង្រីកទំនាក់ទំនងការទូតសភា តាមរយៈសកម្មភាពចូលរួម និងទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ នៃវេទិកាសភា អន្តរជាតិនានា សំដៅរួមចំណែកលើកកំពស់ ថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ នៅក្នុងតំបន់ និងលើសកលលោក។
ក្នុងនាមសម្តេចប្រធានប្តូរវេនអន្តរសភាអាស៊ាន (អាយប៉ា) លើកទី៤៣ លោកកិត្តិសេដ្ឋាបណ្ឌិត ក៏បានកោតសរសើរ និងថ្លែងអំណរគុណសភាប្រជាជនចិន ដែលតែងតែ ចាត់បញ្ជូនគណៈប្រតិភូរបស់ខ្លួនចូលរួមមហាសន្និបាតអាយប៉ា ជាដរាបមកជាមួយនឹងទស្សនៈវិស័យល្អៗ ក្នុងការលើកកម្ពស់កិច្ច សហប្រតិបត្តិការ រវាងអាយប៉ា និងស្ថាប័ននីតិប្បញ្ញត្តិចិន។ សភាកម្ពុជាសង្ឃឹមថា គណៈប្រតិភូសភាប្រជាជនចិន នឹងមានវត្តមានក្នុងមហាសន្និបាតអាយប៉ាលើកទី៤៣ ពីថ្ងៃទី២០-២៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ដែលសភានៃព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ជាចុងក្រោយលោក វ៉ង ឈិន ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការណ៍សេដ្ឋកិច្ច ទេសចរណ៍ វប្បធម៌ និងនយោបាយនៃប្រទេសទាំង២ ព្រមទាំងស្វាគមន៍ ដំណើរទស្សនកិច្ច របស់ថ្នាក់ដឹកនាំកម្ពុជាទៅកាន់ប្រទេសចិន ស្វាគមន៍ក្នុងការចែករំលែកចំណេះដឹង បច្ចេកវិទ្យាឌីជីថល រួមទាំងការផលិតវ៉ាក់សាំងជាដើម និងអរគុណកម្ពុជា ដែលបានគាំទ្ររឹងមាំចំពោះគោលនយោបាយចិនតែមួយ៕