ឯកឧត្តមរដ្ឋមន្ដ្រី ម៉ម ប៊ុនហេង៖ កម្ពុជាមានសុខសន្ដិភាព ជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍការរស់នៅសុខដុមរម្យនារបស់ពលរដ្ឋ និងលើកកម្ពស់វិស័យសុខាភិបាល


រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ឯកឧត្តមសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា រក្សាបាននូវសុខសន្ដិភាព និងស្ថេរភាពនយោបាយ ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ ការរស់នៅសុខដុមរម្យនារបស់ប្រជាពលរដ្ឋ។

លើសពីនោះ សម្ដេចតេជោ នាយករដ្ឋមន្ដ្រីបានយកចិត្ដទុកដាក់ខ្ពស់ ក្នុងការលើកកម្ពស់វិស័យសុខាភិបាល ដើម្បីសុខុមាលភាពរបស់ប្រជាជនកាន់តែប្រសើរ។

ការថ្លែងដូច្នេះរបស់ ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល «ស.វ.ស» ក្នុងឱកាសអញ្ជើញជាអធិបតីភាព សិក្ខាសាលាផ្សព្វផ្សាយ «លទ្ធផលវាយតម្លៃពាក់កណ្តាលអាណត្តិ ផែនការយុទ្ធសាស្ត្រ ឆ្នាំ២០១៩-២០២៣» សណ្ឋាគារអង្គរប៉ារ៉ាឌី ខេត្តសៀមរាប នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២នេះ។

សិក្ខាសាលាផ្សព្វផ្សាយនេះ ក៏មានវត្តមានចូលរួមពី ថ្នាក់ដឹកនាំក្រសួងសុខាភិបាល សមាជិកក្រុមប្រឹក្សាភិបាល ស.វ.ស ប្រធានមន្ទីរសុខាភិបាល ស្ថាប័នដៃគូអភិវឌ្ឍន៍ជាតិ-អន្តរជាតិ សមាជិកក្រុមប្រឹក្សាភិបាល និងមន្រ្តីរាជការ-បុគ្គលិកនៃស.វ.ស សរុបប្រមាណ ១៦០រូប។

ក្នុងឱកាសនោះ ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង ក៏បានវាយតម្លៃខ្ពស់លើកិច្ចខិតខំប្រឹងប្រែងរបស់ ស.វ.ស ក្នុងការលើកកម្ពស់គុណភាពបណ្តុះបណ្តាល ការពង្រឹងការងារស្រាវជ្រាវ នវានុវត្តន៍ ការផ្តល់សេវា ការធ្វើទំនើបកម្ម ក៏ដូចជាការពង្រីកសហប្រតិបត្តិការជាតិ និងអន្តរជាតិ និងបានថ្លែងអំណរគុណដល់ដៃគូអភិវឌ្ឍន៍ ទីភ្នាក់ងារម្ចាស់ជំនួយ និង ភាគីពាក់ព័ន្ធផ្សេងៗទៀត ដែលបានគាំទ្រទាំងថវិកា-បច្ចេកទេស ការងារបណ្តុះបណ្តាល ការងារ ស្រាវជ្រាវ និងការងារផ្តល់សេវានៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលកន្លងមក។

គួរបញ្ជាក់ថា ចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២២នេះ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល សម្រេចបានសមិទ្ធផលធំៗជាច្រើនដូចជា៖

១៖ សាកលវិទ្យាល័យ បានដំណើរការកម្មវិធីបណ្តុះបណ្តាល ក្នុងវិស័យសុខាភិបាល សរុបចំនួន៤៦ កម្មវិធីដែលក្នុងនោះ មានកម្មវិធីបណ្តុះបណ្តាលថ្មីចំនួន០៧ កម្មវិធីរួមមាន កម្មវិធីបរិញ្ញាបត្រជាន់ខ្ពស់ចំនួន០៤ កម្មវិធី (១៖ផ្នែកជំងឺឆ្លង, ២៖ផ្នែកសុខភាពសាធារណៈ, ៣៖ ផ្នែកអេពីដេមីសាស្រ្ត និង៤-ផ្នែកស្បែក និងគ្រឿងសំអាង) កម្មវិធីបរិញ្ញាបត្រចំនួន០២ កម្មវិធី (១៖ ព្យាបាលដោយចលនា និង២៖ សន្តំ ប្រពោធនកម្ម និងសង្គ្រោះបន្ទាន់ បន្តពីបរិញ្ញាបត្ររង) និងកម្មវិធីបរិញ្ញាបត្ររងចំនួន០១ ផ្នែកវិស្វកម្មវេជ្ជជីវសាស្រ្ត

២៖ និស្សិត ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ ចាប់ពីឆ្នាំ២០១៩ រហូតដល់ឆ្នាំ២០២១ មានចំនួនសរុប ២,៧២៣នាក់

៣៖ រៀបចំកម្មវិធីរួមគ្នាជាមួយដៃគូជាតិ និងអន្តរជាតិ ចំនួន ០៣ ដែលកម្មវិធីនេះ និស្សិតអាចទទួលបានសញ្ញាបត្រពីរ ពីសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និងពីសាកលវិទ្យាល័យដៃគូ។ តាមរយៈកម្មវិធីបណ្តុះបណ្តាលរួមគ្នា រវាងសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និងសាកលវិទ្យាល័យ Paris Saclay នៃប្រទេសបារាំង ស.វ.ស បានរៀបចំ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកជំងឺឆ្លង សាកលវិទ្យាល័យ និងបានទទួលនិស្សិតអន្តរជាតិមកសិក្សានៅ ស.វ.ស ចំនួន ១៨នាក់ (បារាំង៥រូប ប៉រទុយហ្គាល់១រូប ស៊ុយអែត១រូប ហា្គណា៤រូប ថៃ១រូប ឥណ្ឌូនេស៊ី១រូប កូរ៉េ១រូប លីបង់១រូប ឥណ្ឌា១រូប បង់ក្លាដេស១រូប និង ម៉ារ៉ុក១រូប)។

៤៖ ក្រុមការងារស្រាវជ្រាវនៃសាកលវិទ្យាល័យ បានផ្សព្វផ្សាយអត្ថបទស្រាវជ្រាវវិទ្យាសាស្រ្ត បានចំនួន លើសពី ១០អត្ថបទ ក្នុងមួយឆ្នាំៗ ក្នុងទិន្នានុវត្តវិទ្យាសាស្រ្តអន្តរជាតិ។ ចាប់ពីឆ្នាំ២០១៩ រហូតដល់ឆមាសទី១ ដើមឆ្នាំ២០២២នេះ មានចំនួនអត្ថបទស្រាវជ្រាវសរុប ៣៧អត្ថបទ បានផ្សព្វផ្សាយនៅកំរិតអន្តរជាតិ។

៥៖ ផលិតផល មន្ទីរពិសោធន៍ និងផលិតផលសូលុយស្យុងសំលាប់មេរោគ ចំនួន ២៤មុខ ត្រូវបានចុះទិដ្ឋាការ ទទួលស្គាល់ដោយក្រសួងសុខាភិបាល និងបានដាក់លក់ ចែកចាយ លើទីផ្សារ។

៦៖ លទ្ធផលនៃការធ្វើសវនកម្មពីអង្គភាពក្រៅ ជារៀងរាល់ឆ្នាំ បានបង្ហាញថា ស.វ.ស អនុវត្តបានត្រឹមត្រូវតាមគោលការណ៍ និងនីតិវិធីលទ្ធកម្ម ហិរញ្ញវត្ថុ ដោយតម្លាភាព និងច្បាស់លាស់ស្របតាមគោលការណ៍របស់ក្រសួងសដ្ឋកិច្ច និងហិរញ្ញវត្ថុ និងច្បាប់ដែលមានជាធរមាន។

៧៖ កិច្ចសហការ របស់ ស.វ.ស ជាមួយដៃគូជាតិ និងអន្តរជាតិមានភាពទូលំទូលាយ។ មកដល់ពេលនេះ ស.វ.ស មានដៃគូសរុប ចំនួន៨១ស្ថាប័ន និងចូលជាសមាជិកបណ្តាញសាកលវិទ្យាល័យអន្តរជាតិ ចំនួន១០។

៨៖ សាកលវិទ្យាល័យ ទទួលបានការទទួលស្គាល់គុណភាពអប់រំពេញសិទ្ធ ដោយគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំ នៅកម្ពុជា ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣

៩៖ មន្ទីរពិសោធន៍ផលិតថ្នាលបណ្តុះមេរោគ នៅស.វ.ស ទទួលបានការទទួលស្គាល់គុណភាព ISO 9001-2005 និងមន្ទីរពិសោធន៍ Rodolphe Merieux ទទួលបានការទទួលស្គាល់ ពីអង្គការសុខភាពពិភពលោក លើការធ្វើតេស្ត PCR កូវីដ-១៩

១០៖ ថ្មីៗនេះ ស.វ.ស ទទួលបានចំណាត់ថ្នាក់ពិភពលោក ចន្លោះពី ៥១-១០០ នៃប្រព័ន្ធវាយតម្លៃ World’s Universities With Real Impact នៅឆ្នាំ២០២២ លើការផ្លាស់ប្តូរនិស្សិត និងភាពបើកចំហរនៃកិច្ចសហប្រតិបត្តិការ (Student mobility and Openness)៕