អភិបាលខេត្តកណ្ដាល បំផុសចលនាពលរដ្ឋជាភ្នាក់ងារ និងជាសកម្មជនសំអាតសំរាម ដើម្បីបរិស្ថានល្អស្អាតទាំងអស់គ្នា


ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បំផុសចលនាប្រជាពលរដ្ឋនៅក្រុងតាខ្មៅ ឱ្យយល់់ដឹងច្បាស់ពីអនាម័យសង្គម ពោលគឺត្រូវចេះថែទាំបរិស្ថានទាំងអស់គ្នាដោយម្នាក់ៗត្រូវតាំងខ្លួនជា សកម្មជនបរិស្ថាន ដោយមិនចោលសំរាមផ្ដេសផ្ដាស មិនបំពុលបរិស្ថាន ដោយរួមគ្នាសម្អាតសំរាមឱ្យបានគ្រប់ៗគ្នា ដើម្បីសុខភាព និងអនាម័យសង្គមយើងល្អស្អាត ពិសេសសទៀតនោះ ត្រូវចេះទុកដាក់សំរាមឱ្យបានត្រឹមត្រូទៅតាមប្រភេទសំរាម ដើម្បីឱ្យក្រុមហ៊ុនប្រមូលសំរាមងាយស្រួលប្រមូលយកទៅ។

ការបំផុសស្មារតីបែបនេះរបស់ ឯកឧត្តម គង់ សោភ័ណ្ឌ បានធ្វើឡើងក្នុងយុទ្ធនាការចុះប្រមូលសំរាម សំអាតច្រាំងដងស្ទឹងព្រែកត្នោត នៅក្នុងភូមិសាស្ត្រ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីចុងសប្ដាហ៍ទៅនេះ ដោយបានសហការជាមួយអង្គការសំអាតទន្លេសមុទ្រ (River Ocean Cleanup), ក្រុមហ៊ុនស៊ីនទ្រី និងក្រុមហ៊ុនខេមប្រ៊ូ និងមានសិស្សានុសិស្សចូលលរួមរាប់រយនាក់។ ជាមួយគ្នានេះដែរ ក្រុមហ៊ុន ខេមប្រ៊ូវ ក៏បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ជាមួយអង្គការសំអាតទន្លេសមុទ្រ គាំទ្រដល់ «បេសកកម្មសម្អាតទន្លេជាប្រវត្តិសាស្រ្ដ» ក្រោមអធិបតីលោកអភិបាលខេត្តផងដែរ។

នាឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្តកណ្តាល បានថ្លែងថា ការចុះបើកយុទ្ធនាការសម្អាតសំរាម នៅតំបន់មាត់ស្ទឹងព្រែកត្នោតនារសៀលនេះ គឺផ្តោតសំខាន់ទៅលើការបញ្ចប់បញ្ហាសំរាម ដើម្បីជួយលើកកម្ពស់ធនធានធម្មជាតិ ជីវជម្រុះនៅក្នុងទន្លេ ព្រមទាំងរួមចំណែកជួយបង្កើនការយល់ដឹងដល់ប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេ ពិសេសផ្តោតលើការទុកដាក់វេចខ្ចប់សំរាមនៅតាមផ្ទះឱ្យបានត្រូវ។

ឯកឧត្តម គង់ សោភ័ណ្ឌ បានបញ្ជាក់ថា ចំពោះយុទ្ធនាការនេះធ្វើឡើងដើម្បីជួយជំរុញ និងបំផុសឱ្យមានការចូលរួមពីសាធារណជន ភាគីពាក់ព័ន្ធក្នុងគោលដៅធ្វើឱ្យទន្លេស្អាត គ្មានសំរាម និងចូលរួមសំអាតបរិស្ថានគ្រប់ទីកន្លែងគ្រប់ពេលវេលា។

ឯកឧត្តមបានបន្ថែមទៀតថា ការសម្អាតសំរាមក្នុងទឹកតាមដងស្ទឹងព្រែកត្នោតនាពេលនេះ មិនត្រឹមតែជាការសម្រេចបានក្តីសុបិនមួយក្នុងការការពារបរិស្ថានក្នុងទឹក និងលើផ្ទៃទឹក ដ៏មានសារៈសំខាន់ប៉ុណ្ណោះទេ តែក៏ជាសារមួយបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ក្នុងការចូលរួមកាត់បន្ថយផលប៉ះពាល់នៃសំរាមទាំងលើគោក និងផ្ទៃទឹកផងដែរ។

ទន្ទឹមនឹងនេះដែរ ឯកឧត្តមក៏បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ប្រជាពលរដ្ឋ យុវជន និងសិស្សានុសិស្សទាំងអស់ ត្រូវរួមគ្នាលុបបំបាត់សំរាមនៅលើគោក និងសំរាមក្នុងទឹកឱ្យអស់ ក្រោមពាក្យស្លោក «កម្ពុជាស្អាតផ្តើមចេញពីយើងម្នាក់ៗ»។ យើងទាំងអស់គ្នា ត្រូវចូលរួមដាំដើមឈើ ដាំដើមផ្កានៅមុខទីធ្លាផ្ទះដើម្បី «សហគមន៍ស្អាត និងបៃតង» សំរាមជាការទទួលខុសត្រូវរបស់យើងទាំងអស់គ្នា»

ចំណែកលោក នូ សុវណ្ណ នាយកអង្គការសម្អាតទន្លេ និងសមុទ្រ បានថ្លែងអំណរគុណចំពោះការសហការល្អបំផុតពីសំណាក់អាជ្ញាធរខេត្តកណ្ដាល និងសិស្សានុសិស្សជាច្រើននាក់ ហើយថាកិច្ចការនេះ ពិតជាមានសារសំខាន់ណាស់ចំពោះការថែទាំបរិស្ថានយើង និងស្នើរសុំក្រសួងបរិស្ថានមេត្តាជួយសហការ ព្រមទាំងអាជ្ញាធរគ្រប់ៗខេត្ត រាជធានីភ្នំពេញ ពិសេសពលរដ្ឋយើងទាំងអស់ត្រូវរួមគ្នាសម្អាតសសម្រាម និងកុំចោលសម្រាមផ្ដេសផ្ដាសបន្តទៀត ។

ក្នុងឱកាសនេះដែរ លោក នូ សុវណ្ណ នាយកប្រតិបត្តិនៃអង្គការសម្អាតទន្លេសមុទ្រ បានថ្លែងយ៉ាងដូច្នេះថា៖ «ការចុះអនុស្សរណៈយោគយល់គ្នានេះ គឺជាព្រឹត្តិការណ៍គំរូមួយ ដែលបញ្ជាក់ពីការយកចិត្តទុកដាក់ចូលរួមសហការពីវិស័យឯកជន ក្នុងការជួយគាំទ្រដល់បេសកកម្មយើង ដើម្បីជំរុញបន្តការអនុវត្តក្នុងរយៈពេលវែង និងជាកម្លាំងរួមគ្នាយកសំរាមទាំងអស់ចេញពីទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ ដោយទូកប្រមូលសំរាមបំពាក់បច្ចេកវិទ្យាទំនើបរបស់ everwave មកពីប្រទេសអាល្លឺម៉ង់់ និងអាជ្ញាធរមូលដ្ឋាន ក៏ដូចជាការចូលរួមពីប្រជាពលរដ្ឋ។

លោកក៏បានអំពាវនាវដល់ក្រុមហ៊ុនឯកជនផ្សេងៗទៀត និងប្រជាពលរដ្ឋគ្រប់រូប ចូលរួមសម្អាតទន្លេរហូតអស់សំរាម និងទប់ស្កាត់ការបោះសំរាមចោលបំពុលបរិស្ថាន ជាពិសេសទន្លេ និងសមុទ្ររបស់យើង។ ការទុកដាក់ បែងចែកសំណល់តាមផ្ទះនីមួយៗឱ្យបានត្រឹមត្រូវ នឹងក្លាយជាធនធានដ៏មានប្រយោជន៍បំផុតសម្រាប់ប្រទេសយើងទាំងមូល ប្រសើរសម្រាប់បរិស្ថានជុំវិញផ្ទះ ភូមិយើង ប្រសើរសម្រាប់សេដ្ឋកិច្ច និងប្រសើរសម្រាប់ធម្មជាតិរបស់យើង។

លោកស្រី វ៉ាន់ អាម៉ូនិច្ច ប្រធានគ្រប់គ្រងផ្នែកកិច្ចការសាជីវកម្មនៃក្រុមហ៊ុន ខេមប្រ៊ូវ ក៏បានលើកឡើងផងដែរថា «ការចុះអនុស្សរណៈ និងព្រឹត្តិការណ៍សម្អាតទន្លេនេះ គឺជាផ្នែកមួយនៃសកម្មភាពទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន ដើម្បីលើកកម្ពស់ការយល់ដឹង ក៏ដូចជាការការពារបរិស្ថាន និងធនធានទឹករួម ស្របតាមគោលដៅចីរភាពរបស់ក្រុមហ៊ុន «ការអភិវឌ្ឍឲ្យកាន់តែប្រសើរទាំងថ្ងៃនេះ និង ថ្ងៃស្អែក» និងមហិច្ឆតារបស់ក្រុមហ៊ុន «រួមគ្នាឆ្ពោះទៅកាន់ហ្សេរ៉ូ និងលើសពីនេះ»

លោកស្រីបានបន្ថែមទៀតថា យើងមានហេតុផលសំខាន់ពីរ ដែលជំរុញឱ្យមានការចុះអនុស្សរណៈនេះគឺ៖

*បញ្ហាបរិស្ថាន កាន់តែតានតឹងជាងពេលណាៗទាំងអស់។ ការដោះស្រាយបញ្ហាបរិស្ថាន ទាមទារឲ្យមានការចូលរួមដោះស្រាយទាំងអស់គ្នា និងតាមវិធីសាស្ត្រដ៏ត្រឹមត្រូវ។ នៅក្រុមហ៊ុន ខេមប្រ៊ូវ បានកំពុងបោះជំហានឆ្ពោះទៅកាន់ «គ្មានការបំភាយកាបូន» នៅរោងចក្រផលិតស្រាបៀរ និងភេសជ្ជៈរបស់យើង។

*ទឹក គឺជាគ្រឿងផ្សំដ៏សំខាន់ក្នុងការផលិតស្រាបៀរ និងភេសជ្ជៈរបស់យើង។ ហើយទឹក នឹងក្លាយជាធនធានដែលកាន់តែមានតម្លៃទៅៗ។ ដូច្នេះ យើងត្រូវមានទំនួលខុសត្រូវក្នុងការធានាថា ពួកយើងបានកំពុងប្រើប្រាស់ទឹកដោយសន្សំសំចៃ និងប្រកបដោយសក្កិសិទ្ធភាពក្នុងប្រតិបត្តិការអាជីវកម្មរបស់យើង, យើងចូលរួមជួយការពារធនធានទឹក និងប្រភពទឹកសាធារណៈ, ហើយយើងនឹងប្រគល់ត្រលប់ឱ្យសហគមន៍វិញនូវទឹកស្អាតដែលស្មើនឹងបរិមាណទឹកដែលយើងបានប្រើប្រាស់ក្នុងខ្សែសង្វាក់ផលិតកម្មរបស់យើង»។

ខេមប្រ៊ូវ ក៏បានបង្ហាញជំនឿពីការចុះអនុស្សរណៈនេះថា នេះជាការបង្ហាញនូវចក្ខុវិស័យរួមគ្នា រវាងវិស័យសាធារណៈ វិស័យឯកជន ប្រជាជន និងសហគមន៍ ដើម្បីជំរុញឱ្យមានការអភិវឌ្ឍប្រកបដោយចីរភាព។ រួមគ្នាយើងនឹងនាំមកនូវការផ្លាស់ប្តូរជាវិជ្ជមាន និងបង្កើតអនាគតរួមគ្នាដ៏ប្រសើរសម្រាប់យើងទាំងអស់គ្នា៕