ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ថ្លែងអំណរគុណសប្បុរសជននានា ដែលបានចូលរួមក្នុងការដោះស្រាយបញ្ហាមីននៅកម្ពុជា តាមរយៈគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន «ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម»


ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន ក្នុងនាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសប្បុរសជននានា ដែលបានចូលរួមវិភាគទានក្នុងការដោះស្រាយ បញ្ហាគ្រាប់មីននៅកម្ពុជា តាមរយៈគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន «ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម» តបតាមការអំពាវនាវរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី។

ការថ្លែងអំណរគុណនេះ បានធ្វើឡើងក្នុងកំឡុងពេលដែល ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ និងលោក អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ នៅរសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្តីពីវិស័យសកម្មភាពមីននៅកម្ពុជា និងការអនុវត្តគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន «ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម» ដើម្បីខេត្តតាកែវអស់មីន។

ក្នុងនាមប្រជាជនកម្ពុជាទូទាំងប្រទេស ក៏ដូចជាគ្រួសារវិស័យសកម្មភាពមីនកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានសម្តែងនូវការដឹងគុណ និងកត្តញ្ញូតាធម៌ដ៏ខ្ពង់ខ្ពស់បំផុតជូនចំពោះ សម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែផ្តល់ភាពកក់ក្តៅ និងបង្កើតស្នាមញញឹមជូនដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់កាលៈទេសៈ និងទីកន្លែង។

ជាងនេះទៅទៀត សម្តេចតេជោ បានជំរុញឲ្យមានចលនាជាតិ ដើម្បីកៀរគរនូវធនធានពីសប្បុរសជននានា ចូលរួមដល់ការងារបោសសម្អាតមីន និងកម្ទេចគ្រាប់មីនចុងក្រោយឲ្យអស់ពីប្រទេសកម្ពុជានៅឆ្នាំ២០២៥។

ឯកឧត្តមបន្តទៀតថា លទ្ធផលនៃមរតកសង្រ្គាមជាងបីទសវត្សរ៍នៅកម្ពុជា បានធ្លាក់បបន្ទុកមកលើសម្តេចតេជោ ជាអ្នកដោះស្រាយ និងជាអ្នករែកពុន ក្នុងការធានាសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋកម្ពុជា ហើយចលនាសង្រ្គោះ របស់សម្តេចតេជោអាចសម្រេចទៅបាន ទាមទារឲ្យមានការចូលរួមពីមហាជន ក្នុងបុព្វហេតុសង្រ្គោះ ស្តារ កសាង និងអភិវឌ្ឍន៍ប្រទេសជាតិ។

ជាមួយគ្នានេះ ក្នុងកិច្ចប្រជុំនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងថា ខេត្តតាកែវ គឹជាខេត្តមួយដែលបានទទួលការគាំទ្រពីគម្រោងសម្តេចតេជោ ក្នុងការបញ្ចប់ការងារបោសសម្អាតមីន និងប្រកាសជាខេត្តអស់មីន ក្នុងខែធ្នូ ឆ្នាំ២០២២ ក្នុងទំហំផ្ទៃដីមានមីន ផ្ទៃដីមានមីន ៣.៦២៦.៨៥៦ ម៉ែត្រក្រឡា (៣,៦២ គីឡូម៉ែត្រក្រឡា) ស្មើនឹង ៥៥ ចម្ការមីន៕