ព្រឹកស្អែកសម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ ស្ពានអាកាសក្នុងរាជធានីភ្នំពេញចំនួនពីរបន្ថែមទៀត តម្លៃសរុបជាង ៤៦លានដុល្លារអាមេរិក


នៅព្រឹកថ្ងៃអង្គារ ទី៣០ ខែសីហា ឆ្នាំ២០២២ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ស្ពានអាកាសក្នុងរាជធានីភ្នំពេញចំនួនពីរបន្ថែមទៀត ដែលមានតម្លៃសរុបជាង ៤៦លានដុល្លារអាមេរិក។

ដើម្បីសម្រួលការធ្វើចរាចរណ៍ក្នុងរាជធានីភ្នំពេញ ដែលមានកំណើនយានយន្ត និងការធ្វើចរាចរណ៍កាន់តែច្រើនឡើងពីមួយឆ្នាំទៅមួយឆ្នាំនោះ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចសាងសង់ស្ពានអាកាសចំនួនពីរបន្ថែមទៀត។ ស្ពានអាកាសដែលសាងសង់បន្ថែមនេះទី១ ស្ថិតនៅចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស ជាមួយវិថីកងយោធពលខេមរភូមិន្ទ (ផ្លូវលេខ២៧១) ក្នុងទឹកដីខណ្ឌចំការមន និងខណ្ឌមានជ័យ។ ទី២ ស្ថិតនៅចំណុចប្រសព្វមហាវិថីសហព័ន្ធរុស្ស៉ី ជាមួយមហាវិថីសម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល (ផ្លូវលេខ២០០៤) ក្នុងខណ្ឌពោធិ៍សែនជ័យ។

ឯកឧត្តម សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានប្រាប់ឱ្យដឹងថា ស្ពានអាកាសទាំងពីរនេះ នឹងសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ដោយចំណាយថវិកាសរុប ៤៦,៧៧៥.០០០ដុល្លាអាមេរិក។ ក្នុងនោះស្ពានអាកាសចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស ជាមួយវិថីកងយោធពលខេមរភូមិន្ទ (ផ្លូវលេខ២៧១) ចំណាយថវិកា ៣៦,៧៧៥,០០០ដុល្លារ និងចំណាយពេលសាងសង់ ៣៦ខែ។

ដោយឡែកស្ពានអាកាសចំណុចប្រសព្វមហាវិថីសហព័ន្ធរុស្ស៉ី ជាមួយមហាវិថីសម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល ចំណាយថវិកា ១០,០០០,០០០ដុល្លារអាមេរិក ចំណាយពេលសាងសង់ ១៦ខែ។

ឯកឧត្តម សាំ ពិសិដ្ឋ ក៏បានពន្យល់លំអិតពីលក្ខណៈបច្ចេកទេសនៃការសាងសង់ស្ពានអាកាសទាំងពីរនេះផងដែរ។ សម្រាប់ស្ពានអាកាសនៅចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស ជាមួយវិថីកងយោធពលខេមរភូមិន្ទ (ផ្លូវលេខ២៧១) មានសាងសង់ផ្លូវផ្ទាល់ដី ដែលមានរង្វង់មូលបែងចែកទិស និងផ្លូវតភ្ជាប់រវាងមហាវិថីព្រះមុនីវង្ស មហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) វិថីកងយោធពលខេមរភូមិន្ទ ឆ្ពោះទៅស្ពានព្រះមុនីវង្ស និងផ្លូវជាតិលេខ២។

បន្ទាប់មកសាងសង់ស្ពានអាកាសចំនួនពីរជាន់។ ស្ពានអាកាសជាន់ទី១ ជាស្ពានរង្វង់មូល នៅត្រង់ចំណុចប្រសព្វ ដែលបំបែកខ្នែងជាបួនទិសផ្សេងគ្នា ទៅកាន់មហាវិថីសម្តេចតេជោ ហ៊ុន សែន ស្ពានព្រះមុនីវង្ស មហាវិថីព្រះមុនីវង្ស និងវិថីកងយោធពលខេមរភូមិន្ទ។ ស្ពានអាកាសជាន់ទី២ ជាផ្លូវទ្វេទិស មានទិសដៅទៅមក រវាងមហាវិថីព្រះមុនីវង្ស និងមហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ)។

រីឯស្ពានអាកាសនៅចំណុចប្រសព្វមហាវិថីសហព័ន្ធរុស្ស៉ី ជាមួយមហាវិថីសម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល (ផ្លូវ២០០៤) ជាស្ពានអាកាសទ្វេទិស ដែលមានពីរគន្លងទៅ និងពីរគន្លងមក។ បណ្តោយស្ពានសរុបមានប្រវែង ៥១៦ម៉ែត្រ ទទឹងតួស្ពាន មានទំហំ ១៥.៨០ម៉ែត្រ។ ក្នុងនោះបណ្តោយស្ពាន មានប្រវែង ២៣៥ម៉ែត្រ, ផ្លូវតភ្ជាប់ក្បាលស្ពាន ខាងកើត មានប្រវែង ១៤០ម៉ែត្រ និងផ្លូវតភ្ជាប់ក្បាលស្ពានលិច មានប្រវែង ១៤១ម៉ែត្រ។

នៅខាងក្រោមស្ពានមានផ្លូវសងខាង ស្របតាមមហាវិថីសហព័ន្ធរុស្ស៉ី ដែលជាចំណុចប្រសព្វជាមួយមហាវិថីសម្តចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល (ផ្លូវ២០០៤) និងផ្លូវលេខ២០១១។

រាជធានីភ្នំពេញ ដែលត្រូវបានប្រសិទ្ធនាមជាទីក្រុងខ្មោចក្នុងរបបកម្ពុជាប្រជាធិបតេយ្យរបស់ ប៉ុល ពត និងជាទីក្រុងដ៏ស្ងប់ស្ងាត់បំផុតក្រោយថ្ងៃរំដោះ៧ មករា ឆ្នាំ១៩៧៩នោះ បានប្រែក្លាយជាទីក្រុងដ៏រស់រវើក និងមមាញឹកបំផុតនាពេលបច្ចុប្បន្ន។ ក្នុងរយៈពេលជាង ៤០ឆ្នាំមកនេះ រាជធានីភ្នំពេញ ត្រូវបានពង្រីកផ្ទៃដីជាបន្តបន្ទាប់់ ខណៈប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធត្រូវបានកែលំអ និងលើកកម្ពស់កាន់តែល្អប្រសើរ ជាមួយសំណង់អគារពាណិជ្ជកម្ម លំនៅឋានផុសឡើងយ៉ាងព្រោតព្រាតសមជាទីក្រុងដ៏ស៊ីវិល័យ។

ជំរឿនស្ថិតិប្រជាពលរដ្ឋកាលពីឆ្នាំ២០១៩ បានបង្ហាញថា រាជធានីភ្នំពេញ មានប្រជាពលរដ្ឋរស់នៅ ធ្វើការ និងបំពេញការសិក្សារៀនសូត្រសរុបជាង ២លាននាក់។ របាយការណ៍ ក៏បានបង្ហាញដែរថា កំណើនយានយន្តក្នុងរាជធានីភ្នំពេញ បានកើនឡើងយ៉ាងឆាប់រហ័សផងដែរ។ បច្ចុប្បន្នចំនួនយានយន្តចរាចរណ៍ក្នុងរាជធានីភ្នំពេញ មានជាង ២លានគ្រឿង។ ក្នុងនោះរថយន្តមានជាង ៥០ម៉ឺនគ្រឿង និងទោចក្រយានយន្តមានប្រមាណ ២លានគ្រឿង។

កំណើនយានយន្ត កំណើនចរាចរណ៍នេះ បានធ្វើឱ្យរាជធានីភ្នំពេញ ជួបបញ្ហាកកស្ទះខ្លាំងលើការធ្វើដំណើរ។ ឆ្លើយតបនឹងបញ្ហានេះ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋបាលរាជធានីភ្នំពេញ បានប្រឹងប្រែងកែសម្រួលហេដ្ឋារចនាសម្ព័ន្ធ និងសាងសង់ផ្លូវអាកាសនៅចំណុចប្រសព្វ ដែលមានការកកស្ទះខ្លាំង។

បច្ចុប្បន្ននៅក្នុងរាជធានីភ្នំពេញ មានស្ពានអាកាសចំនួន៦ ដែលបានសាងសង់រួចរាល់ និងកំពុងប្រើប្រាស់ រួមមាន៖ ស្ពានអាកាសក្បាលថ្នល់ (២៤ មិថុនា ២០១០), ស្ពានអាកាស៧មករា (៦ មករា ២០១២), ស្ពានអាកាសស្ទឹងមានជ័យ (៣១ កក្កដា ២០១៤), ស្ពានអាកាស៥មករា (៥ មករា ២០១៦), ស្ពានអាកាសមិត្តភាពកម្ពុជា-ចិន សែនសុខ ឬហៅថា «ស្ពានអាកាសផ្សារដីហ៊ុយ» (២ កក្កដា ២០១៨) និងស្ពានអាកាសរង្វង់មូលចោមចៅ (៣១ មីនា ២០២២)។ ក្រៅពីនេះ ស្ពានអាកាសមួយទៀត គឺស្ពានអាកាសលើផ្លូវជាតិលេខ៥ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២។

វត្តមានស្ពានអាកាសទាំងនេះ បានបង្ហាញឱ្យឃើញពីកិច្ចប្រឹងប្រែងឥតឈប់ឈររបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញ ក្នុងការដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋ ដែលតែងជួបការកកស្ទះនៅតាមផ្លូវប្រសព្វធំៗក្នុងរាជធានីភ្នំពេញ៕