សម្ដេចតេជោ ហ៊ុន សែន បង្ហើបពីគម្រោងធ្វើរថភ្លើងក្រោមដី នៅរាជធានីភ្នំពេញនាពេលអនាគត


(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២នេះ បានបង្ហើបអំពីគម្រោងនាពេលអនាគត ដោយអាចនឹងមានរថភ្លើងក្រោមដីនៅរាជធានីភ្នំពេញ ភ្ជាប់ទៅខេត្តកណ្ដាល ច្រើនជាងលទ្ធភាព នៃការធ្វើរថភ្លើងលើអាកាសដែលមានប៉ះពាល់ច្រើនដល់លំនៅឋានប្រជាពលរដ្ឋ ខណៈរថភ្លើងក្រោមដីទំនងមិនសូវមានផលប៉ះពាល់ដូចលើអាកាសឡើយ។

ក្នុងឱកាសអញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ស្ពានអាកាស ក្នុងរាជធានីភ្នំពេញចំនួនពីរបន្ថែមទៀត ដែលមានតម្លៃសរុបជាង៤៦លានដុល្លារអាមេរិក សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា គម្រោងសាងសង់រថភ្លើងក្រោមដីនៅពេលអនាគតនេះ គឺអាចប្រើប្រាស់នូវវិស្វករដែលជាកូនខ្មែរផ្ទាល់តែម្ដង ខណៈកូនខ្មែរបច្ចុប្បន្នបានទៅសិក្សាជំនាញវិស្វករនេះរហូតដល់ក្រៅប្រទេសច្រើននាក់។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ឥលូវនេះតម្រូវការ នៃការធ្វើផ្លូវក្រោមដីត្រូវការហើយ ហើយរាជធានីភ្នំពេញ លទ្ធភាពដែលមានពិតប្រាកដមិនមែនរថភ្លើងលើអាកាស ដូចដែលចាយការបានសិក្សា ហើយយើងបានចរាចរដែលជប៉ុនគ្រោងជួយ ប៉ុន្ដែបើយើងយកលុយ១,៨០០លានដុល្លារ យកមកធ្វើរថភ្លើងលើអាកាសអត់កើតទេវេទនាណាស់ អញ្ចឹងទេប្រហែលជម្រើសថ្ងៃក្រោយរថភ្លើងក្រោមដីវិញទេ»

សម្ដេចតេជោ ហ៊ុន សែន បានរំលឹកថា JICA របស់ជប៉ុនធ្លាប់បានសិក្សារួចមកហើយអំពីការធ្វើរថភ្លើងលើអាកាសនៅក្នុងរាជធានីភ្នំពេញ ប៉ុន្ដែដោយសារផលប៉ះពាល់ច្រើនពេក គម្រោងនេះត្រូវបានអាក់ខានទៅវិញ។ សម្ដេចបានគូសបញ្ជាក់ថា ការចំណាយថវិការហូតដល់ជិត២០០០លានដុល្លារ លើរថភ្លើងលើអាកាសសម្រាប់តែរាជធានីភ្នំពេញមួយ ហាក់មិនសមភាពនោះទេ ខណៈទីជនបទត្រូវការស្ពានឆ្លងទន្លេយ៉ាងច្រើន។

បើតាមប្រសាសន៍របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី ឆ្លើយតបទៅនឹងការកកស្ទះចរាចរណ៍នៅរាជធានីភ្នំពេញ នាពេលបច្ចុប្បន្នគ្រាដែលគម្រោងរថភ្លើងមិនទាន់ជោគជ័យ គឺមានតែត្រូវបន្ថែមនូវស្ពានអាកាសទៀតប៉ុណ្ណោះ។ ត្រង់ចំណុចនេះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការកោតសរសើរអភិបាលរាជធានីភ្នំពេញ បីជំនាន់មកនេះ ដែលបានកសាងស្ពានអាកាសជាបន្ដបន្ទាប់រហូតមកដល់ពេលនេះ។

សម្ដេចតេជោ ហ៊ុន សែន បានអះអាងទៀតថា បច្ចុប្បន្ននេះនៅរាជធានីភ្នំពេញ មានតម្រូវការចាំបាច់នូវស្ពានរហូតដល់៣បន្ថែមទៀត ដោយក្នុងនោះរួមមាន៖

* ទី១៖ កំពុងចរចារ និងសិក្សាពីសាធារណៈរដ្ឋកូរ៉េ ដោយភ្ជាប់ពីរាជធានីភ្នំពេញ ទៅតំបន់ស្វាយជ្រុំ ខេត្តកណ្ដាល ដែលសម្ដេចសង្ឃឹមថា កូរ៉េនឹងបន្ដជួយដល់កម្ពុជាក្នុងការកសាងស្ពានដ៏សំខាន់មួយនេះបន្ថែមទៀត ដែលនឹងប្រសិទ្ធនាមថា «ស្ពានមិត្តភាពកម្ពុជា-កូរ៉េ»
*ទី២៖ ស្ពាននៅតំបន់តាកុយ
*ទី៣៖ ស្ពាននៅតំបន់ព្រែកប្រា ប្រវែង៨៤៥ម៉ែត្រ តម្លៃប្រហែល៦០លានដុល្លារ។

សម្រាប់ការងារស្ពាននៅតំបន់ព្រែកប្រានេះ សម្ដេចតេជោ ហ៊ុន សែន បានដាក់បទបញ្ជាទៅកាន់ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន ចរចារជាមួយភាគីចិន ពាក់ព័ន្ធបញ្ហាតម្លៃ ហើយប្រសិនបើភាគីចិនយល់ព្រមការដ្ឋានសាងសង់ស្ពាននេះ នឹងត្រូវបើកនៅឆ្នាំ២០២៣ខាងមុខ៕