(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជាមានគម្រោងសាងសង់ស្ពានឆ្លងទន្លេ៣ខ្សែទៀត គឺស្ពានឆ្លងពីផ្សារចាស់ទៅស្វាយជ្រុំ (បែងចែកជា២កំណាត់) ស្ពានឆ្លងពីក្ដីតាកុយទៅអរិយក្សត្រ និងស្ពានឆ្លងពីចាក់អង្រែ ទៅព្រែប្រា ដើម្បីសម្រួលការធ្វើចរាចរណ៍ចេញចូលរាជធានីភ្នំពេញ ខណៈគម្រោងខ្លះកំពុងសិក្សាទីតាំងសាងសង់ គម្រោងខ្លះទៀតកំពុងចរចាជាមួយដៃគូ។
ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសចំនួន៣បន្ថែមទៀត នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា នៅរាជធានីភ្នំពេញគឺមានតម្រូវការចាំបាច់ត្រូវសាងសង់ស្ពាន៣ទីតាំងទៀត ដើម្បីសម្រួលការធ្វើចរាចរណ៍ចេញចូលរាជធានីភ្នំពេញនិងខេត្តកណ្ដាល។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ស្ពានទី១ គឺភ្ជាប់ពីរាជធានីភ្នំពេញ ទៅស្វាយជ្រុំ ដែលស្ថិតនៅស្រុកល្វាឯម ខេត្តកណ្ដាល។ គម្រោងស្ពាននេះត្រូវសាងសង់ឆ្លងទន្លេដល់ទៅ២ គឺទន្លេសាប និងទន្លេមេគង្គលើ។ គម្រោងនេះដែរ សម្ដេចតេជោ ហ៊ុន សែន ក៏ធ្លាប់បានស្នើទៅកាន់អតីតប្រធានាធិបតីសាធារណរដ្ឋកូរ៉េ លោក មូន ចេអ៉ីន ដើម្បីស្នើឱ្យមានការសាងសង់ស្ពានឆ្លងពីរាជធានីភ្នំពេញ ទៅស្វាយជ្រុំនេះ ហើយមកដល់ពេលបច្ចុប្បន្នក្រុមការងារភាគីកូរ៉េក៏កំពុងសិក្សាលើគម្រោងសាងសង់ស្ពាននេះដែរ។ សម្ដេចតេជោបានបន្តថា គម្រោងស្ពានផ្សារចាស់-ស្វាយជ្រុំនេះ គឺត្រូវចែកជា២កំណាត់ គឺមួយកំណាត់ឆ្លងពីផ្សារចាស់ទៅជ្រោយចង្វា ហើយឡើងពីជ្រោយចង្វាទៅស្វាយជ្រុំមួយកំណាត់ទៀត ព្រោះប្រសិនបើចេញពីផ្សារចាស់ទៅស្វាយជ្រុំតែម្ដង គឺអាចនឹងបង្កការកកស្ទះចរាចរណ៍ ដូច្នេះត្រូវធ្វើ២ដំណាក់ ឬ២កំណាត់ដើម្បីរំដោះការកកស្ទះ។
គម្រោងស្ពាននេះទៀតសោតក៏នឹងជួយសម្រួលការធ្វើដំណើរនៅលើស្ពានជ្រោយចង្វាទាំង២ គឺស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ស្ពានចាស់) និងស្ពានមិត្តភាពកម្ពុជា-ចិន (ស្ពានថ្មី)។ សម្ដេចតេជោ ហ៊ុន សែន ចង់ប្រសិទ្ធនាមស្ពានថ្មីថា «ស្ពានមិត្តភាពកម្ពុជា-កូរ៉េ»។
ស្ពានទី២ គឺភ្ជាប់ពីក្ដីតាកុយ ដែលស្ថិតនៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ឆ្លងទន្លេមេគង្គក្រោមទៅកាន់អរិយក្សត្រដែលស្ថិតនៅស្រុកល្វាឯម ខេត្តកណ្ដាល ដើម្បីជួយបញ្ចៀសចរាចរណ៍ចេញចូលរាជធានីភ្នំពេញ។ ប្រសិនបើស្ពាននេះសាងសង់រួចរាល់នោះ ប្រជាពលរដ្ឋដែលចង់ធ្វើដំណើរចេញពីខណ្ឌច្បារអំពៅ ស្រុកកៀនស្វាយ ស្រុកលើកដែក ឬមកពីអ្នកលឿនជាដើម ឆ្ពោះទៅកាន់ស្រុកល្វាឯម ស្រុកមុខកំពូល ស្ពានព្រែកតាមាក់ ផ្លូវជាតិលេខ៦ ផ្លូវជាតិលេខ៥ជាដើមនោះ គឺអាចឆ្លងកាត់ស្ពាននេះបាន។
ស្ពានទី៣ គឺស្ពានភ្ជាប់ពីចាក់អង្រែ ដែលស្ថិតនៅខណ្ឌមានជ័យ ឆ្លងទន្លេបាសាក់ទៅកាន់ព្រែកប្រា ដែលស្ថិតនៅខណ្ឌច្បារអំពៅ ដោយត្រូវឆ្លងទន្លេបាសាក់ ដើម្បីជួយរំដោះការកកស្ទះចរាចរណ៍នៅស្ពានព្រះមុនីវង្សទាំង២ខ្សែ និងស្ពានព្រែកសំរោង (ស្ពានតាខ្មៅ)។ សម្ដេចតេជោ ហ៊ុន បានឱ្យដឹងទៀតថា ចំពោះគម្រោងសាងសង់ស្ពានព្រែកប្រានេះ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ក៏កំពុងចរចាជាមួយភាគីចិន ដើម្បីស្នើឱ្យកសាងស្ពាននេះដែរ។ ស្ពាននេះគឺមានប្រវែងបណ្ដោយ៨៤៥ម៉ែត្រ បែងចែកដល់ទៅ៤គន្លង (២ទៅ-២មក) ដើម្បីកុំឱ្យស្ទះចរាចរណ៍លើស្ពាន។ គម្រោងស្ពានព្រែកប្រានេះដែរ គឺមានតម្លៃប្រមាណ៦០លានដុល្លារអាមេរិក។ ប្រសិនបើភាគីចិនយល់ព្រមទៅលើគម្រោងនេះ ការដ្ឋានសាងសង់ស្ពានអាចនឹងត្រូវបើកដំណើរការនៅឆ្នាំក្រោយតែម្ដង៕