ឯកឧត្តម លឹម គានហោ អញ្ជើញចុះពិនិត្យការដ្ឋានសាងសង់ប្រព័ន្ធធារាសាស្ត្របាសាក់


រសៀលថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០១៧ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចុះពិនិត្យការដ្ឋានសាងសង់ប្រព័ន្ធធារាសាស្ត្របាសាក់ (ជំហានទី ២) ស្ថិតក្នុងស្រុករុក្ខគិរី ខេត្តបាត់ដំបង ។ ក្នុងឱកាសចុះពិនិត្យការដ្ឋាននាពេលនេះ ឯកឧត្តមរដ្ឋមន្ត្រីបានធ្វើការណែនាំដល់ក្រុមហ៊ុនដែលកំពុងអនុវត្តការសាងសង់ សូមឱ្យយកចិត្តទុកដាក់ទៅលើបទដ្ឋានបច្ចេកទេស ធ្វើយ៉ាងណាាឱ្យសមិទ្ធផលការងារដែលអនុវត្តបាន មានគុណភាពល្អ ធានានូវការប្រើប្រាស់យូរអង្វែង ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានណែនាំដល់មន្ត្រីបច្ចេកទេស ធ្វើការសិក្សា និងឈានទៅអនុវត្តនូវការសាងសង់ប្រព័ន្ធធារាសាស្ត្របាសាក់ (ជំហានទី ៣) ដើម្បីទាញយកសក្តានុពលទឹកមកប្រើប្រាស់ឱ្យអស់លទ្ធភាព ដោយមិនបណ្តែតបណ្តោយឱ្យទឹកដែលហូរធ្លាក់ពីតំបន់ខាងលើ ហូរធ្លាក់ចូលទៅបឹងទន្លេសាបដោយឥតប្រយោជន៍ ដូចពេលកន្លងមកទៀតឡើយ ។ ការងារនៅក្នុងដំណាក់កាលទី ៣ ដែលនឹងត្រូវអនុវត្តនាពេលខាងមុខនេះ គឺឯកឧត្តមរដ្ឋមន្ត្រីបានណែនាំដល់មន្ត្រីបច្ចេកទេស ឱ្យធ្វើការសិក្សានៅក្នុងការជីកប្រឡាយមេ ០១ ខ្សែ ប្រវែងជាង ២០ គម ដើម្បីតភ្ជាប់ពីប្រឡាយមេដំណាក់ឈើក្រំ ស្ថិតក្នុងខេត្តពោធិ៍សាត់ មកភ្ជាប់នឹងប្រព័ន្ធធារាសាស្ត្របាសាក់នេះតែម្តង ។
សូមរំលឹកជូនថា ប្រព័ន្ធធារាសាស្រ្តបាសាក់ ដែលពីមុនមានសក្តានុពលប្រើប្រាស់តិចតួច ត្រូវបានឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម ដឹកនាំក្រុមអ្នកបច្ចេកទេស សិក្សា និងជួសជុល ស្តារឡើងវិញ ។
ដើម្បីទាញយកឲ្យអស់លទ្ធភាពពីសក្តានុពលនៃប្រព័ន្ធធារាសាស្ត្រនេះ ការជួសជុលត្រូវបានបែងចែកជា ៣ ដំណាក់កាល ៖
ដំណាក់កាលទី ១ ៖ បានចាប់ផ្តើម អនុវត្តកាលពីថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០១៤ លើការងារ៖
– សាងសង់ទំនប់អាងបន្ថែម ប្រវែង ៣.២០០ ម៉ែត្រ ។
– ជីកប្រឡាយមេ ចំនួន ០៣ ខ្សែ សរុបប្រវែង ១៣.៤៤៥ ម៉ែត្រ ។
– ជួសជុលទ្វារទឹកស្វ័យប្រវត្តិមុខ ៧ ប្រវែង ១១ ម៉ែត្រ (ក្នុង ១ មុខ បំពាក់ដៃរវៃទំនើប Hand Crank ចំនួន ៨ គ្រឿង បន្ថែមទៀត) ។
– សាងសង់សំណង់សិល្បការធំតូច ចំនួន ៣២ កន្លែង ។
– ក្រាលគ្រួសក្រហមតាមភ្លឺអមប្រឡាយមេ សរុបប្រវែង ១៣.៤៤៥ ម៉ែត្រ ។
– រៀបថ្មមុខក្រោយសំណង់ទ្វារទឹកស្វ័យប្រវត្តិ ចម្ងាយ ១២០ ម៉ែត្រ ។
ក្រោយពេលបញ្ចប់ការងារដំណាក់កាលទី ១ ប្រព័ន្ធធារាសាស្រ្តបាសាក់ មានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រូវវស្សា ចំនួន ៦.៥០០ ហិកតា និងស្រូវប្រាំង ចំនួន ៦០០ ហិកតា ។
ដំណាក់កាលទី ២ ៖ គោលបំណងនៃការអនុវត្តការងារនៅដំណាក់កាលទី ២ គឺដើម្បីបង្កើនសក្តានុពលរបស់ប្រព័ន្ធធារាសាស្ត្របាសាក់ ឲ្យមានលទ្ធភាពស្រោចស្រពបន្ថែមលើផ្ទៃដីចំនួន ២៤.០០០ ហិកតា និងការផ្គត់ផ្គង់ទឹកដល់ស្ទឹងមោង សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ ព្រមទាំងដំណាំរួមផ្សំមួយចំនួនទៀត ។ ការងារដែលកំពុងអនុវត្តក្នុងដំណាក់កាលទី ២ រួមមាន ៖
– ជីកប្រឡាយមេ ១ ខ្សែ ដើម្បីទាញទឹកពីប្រព័ន្ធបាសាក់ ទៅផ្គត់ផ្គង់ផ្ទៃដីកសិកម្មក្នុងស្រុកវាលវែង និងស្រុកបាកាន ខេត្តពោធិ៍សាត់ ។
– ស្តារឡើងវិញនូវប្រព័ន្ធព្រែកជីក ។
សូមបញ្ជាក់ផងដែរថា ប្រព័ន្ធធារាសាស្ត្របាសាក់ ដែលក្រសួង បាន និងកំពុងធ្វើការអភិវឌ្ឍនៅពេលនេះ នឹងត្រូវតភ្ជាប់ទៅនឹងអាងទឹកដូនទ្រី ដែលក្រសួងធនធានទឹក និងឧតុនិយម សហការជាមួយភាគីសាធារណរដ្ឋកូរ៉េ កំពុងរៀបចំឯកសារដេញថ្លៃជ្រើសរើសក្រុមហ៊ុនសាងសង់ ។ អាងទឹកដូនទ្រី មានទីតាំងនៅក្នុងស្រុករុក្ខគិរី មានសមត្ថភាពស្តុកទឹកបានប្រមាណ ១៧០ លានម៉ែត្រត្រីគុណ ។ ទឹកដែលស្តុកបាននេះ នឹងបញ្ជូនមកប្រព័ន្ធធារាសាស្ត្របាសាក់-ព្រែកជីក ដើម្បីធ្វើការចែកចាយទៅកាន់ដីស្រែរបស់បងប្អូនកសិករ ៕