សម្តេចតេជោ ហ៊ុន សែន សូមអភ័យទោសកូរ៉េ ជប៉ុន និងថៃ កុំឱ្យប្តឹងពលករដែលរត់ចោលការងារ ព្រោះចាញ់បោកការឃោសនា ខឹម វាសនា


(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា សូមការអភ័យទោសពីរដ្ឋាភិបាលកូរ៉េ ជប៉ុន និងថៃ ហើយស្នើកុំឱ្យដាក់ពាក្យបណ្តឹងលើពលករ ដែលរត់ចោលការងារ ព្រោះចាញ់បោកការឃោសនារបស់លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) ។

កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់ខ្លួនថា តាមការធ្វើវិបស្សនារបស់លោកឃើញថា ភពផែនដីនឹងត្រូវជន់លិចនៅពេលខាងមុខ។ លោកក៏អំពាវនាវឲ្យអ្នកដែលគាំទ្រទៅជួបជុំគ្នានៅលើដីចម្ការរបស់លោក ឯជើងភ្នំគូលែននៃខេត្តសៀមរាប ទើបអាចរួចផុតពីគ្រោះមហន្តរាយបាន។

បន្ទាប់ពីការសរសេរលើបណ្ដាញសង្គមរួចមក ក៏មានពលរដ្ឋជិត ២ម៉ឺននាក់ បាននាំក្រុមគ្រួសារ ធ្វើដំណើរខ្លះតាមរថយន្ត ខ្លះតាមម៉ូតូ មកកាន់តំបន់ជើងភ្នំគូលែនយ៉ាងកុះករ។ ចំណែកពលករខ្មែរខ្លះ ដែលកំពុងធ្វើការនៅក្រៅប្រទេសក៏ប្រញាប់វិលត្រឡប់មកកម្ពុជាវិញដែរ ដោយបោះបង់ការងារដែលកំពុងធ្វើផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចកំពុងកង្វល់រឿងប៉ះពាល់ដល់ច្រវ៉ាក់ផលិតតាមបណ្តារោងចក្រ សហគ្រាសនានា ដែលត្រូវពលករខ្មែររត់ចោលការងារ ហើយអាចឈានដល់ការប្តឹងផ្តល់ពីក្រុមហ៊ុន។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា «សូមរដ្ឋាភិបាលកូរ៉េ ជប៉ុន និងថៃ ជាពិសេសកូរ៉េ អនុញ្ញាតឲ្យខ្ញុំសុំការអភ័យទោស អំពីកង្វះខាតនៃពលករកម្ពុជា ដែលត្រូវចាញ់បោកគេ និងបោះចោលការងារធ្វើនៅទីនោះ វិលចូលមកស្រុក។ សូមឲ្យរដ្ឋាភិបាលនៃប្រទេស ដែលមានពលករធ្វើការទាំងអស់ ដាក់ពាក្យបណ្តឹងទាមទារសំណង ពីរដ្ឋាភិបាលកម្ពុជា ឬពីបុគ្គលិក ដែលរត់ចោលការងារ ហើយកុំភ្ជាប់ពលករកម្ពុជាដទៃទៀត នឹងពលករដែលធ្វើកំហុស ដោយសារការចាញ់បោកសម្រាប់ព្រះព្រហ្មនៅកម្ពុជា»

សម្តេចតេជោ ហ៊ុន សែន បានស្នើដល់គ្រួសារដែលទាស់ទែងគ្នាចាញ់បោកលោក ខឹម វាសនា នេះ អាធ្យាស្រ័យឱ្យគ្នា ហើយត្រូវរ៉ូវគ្នាវិញ។ ក្នុងនោះអ្នកជិតខាង កុំមានការរើសអើងចំពោះអ្នកដែលចាញ់បោក ខឹម វាសនា។

សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យអភិបាលខេត្តសៀមរាប រៀបចំរថយន្តជួយដឹកអ្នកគាំទ្រលោក ខឹម វាសនា ត្រឡប់ទៅផ្ទះវិញ បើមានអ្នកអត់មានមធ្យោបាយត្រឡប់ទៅផ្ទះ ហើយត្រូវរៀបចំបាយទឹកជូនពួកគាត់ផងដែរ។ សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើលោក ខឹម វាសនា ឱ្យបញ្ឈប់សកម្មភាព និងកុំបង្ខាំងប្រជាពលរដ្ឋ ត្រូវអនុញ្ញាតឱ្យពួកគេត្រឡប់ទៅផ្ទះវិញ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការជួបជុំនៅចម្ការលោក ខឹម វាសនា និងការធ្វើបាតុកម្មនៅផ្លូវវេងស្រេង ជាស្ថានភាពខុសគ្នា។

សូមជម្រាបថា ពាក់ព័ន្ធករណីនេះ អាជ្ញាធរខេត្តសៀមរាប បានប្រាប់ក្រុមលោក ខឹម វាសនា ឲ្យបញ្ឈប់ការបម្រូមផ្តុំប្រជាពលរដ្ឋ និងរំសាយការជួបជុំឲ្យអស់ យ៉ាងយូរត្រឹមម៉ោង ១២យប់ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ម្សិលមិញ ជាកំហិត ខណៈថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ អ្នកប្រមូលផ្តុំខ្លះបានចាកចេញបណ្តើរៗ៕