រដ្ឋាភិបាលជប៉ុន ផ្តល់ថវិកាជាង២៦ម៉ឺនដុល្លារ ដល់មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ សម្រាប់ទិញបរិក្ខារពេទ្យ


(ភ្នំពេញ)៖ រាជរដ្ឋាភិបាលជប៉ុន តាមរយៈស្ថានទូតរបស់ខ្លួនប្រចាំកម្ពុជា បានឧបត្ថម្ភថវិកាចំនួន ២៦៣,៧៦០ដុល្លារអាមេរិក ដល់មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារយ សម្រាប់ទិញបរិក្ខារពេទ្យចំនួន១៧ប្រភេទ ដើម្បីពង្រឹងសមត្ថភាពរបស់មន្ទីរពេទ្យ និងកែលម្អគុណភាពសេវាថែទាំសុខភាពសាធារណៈជូនដល់អ្នកជំងឺ។ នេះបើយោងការចេញផ្សាយលើទំព័រ Facebook ផ្លូវការរបស់ស្ថានទូតជប៉ុន នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២នេះ។

គួរជម្រាបថា កាលពីថ្ងៃទី២៩ ឯកឧត្តម MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា បានអញ្ជើញទៅទស្សនកិច្ចនៅមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ក្រោមវត្តមានរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ដើម្បីពិនិត្យមើលបរិក្ខារពេទ្យ ដែលជាជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ គូសាណូណិ។

តាមរយៈជំនួយនេះ ស្ថានទូតជប៉ុន បានបង្ហាញក្តីសង្ឃឹមថាកិច្ចសហប្រតិបត្តិការនេះនឹងធានាបាននូវគុណភាពជីវិតរបស់ប្រជាជនក្នុងប្រទេសកម្ពុជា និងជួយពង្រឹងចំណងមិត្តភាពរវាងកម្ពុជា និងជប៉ុនឱ្យកាន់តែរឹងមាំថែមទៀត។

មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ស្ថិតនៅភូមិខ្សាច់ប្រឆេះលើ ឃុំក្រូចឆ្មារ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៦៦ មានផ្ទៃដីទំហំសរុប ១២,៦៤៧ ម៉ែត្រក្រឡា និងបានពង្រីកផ្ទៃដីបន្ថែមទំហំ ៥,៦២៥ ម៉ែត្រក្រឡា ធ្វើឱ្យផ្ទៃដីមន្ទីរពេទ្យបច្ចុប្បន្នមានទំហំ ១៨,២៧២ម៉ែត្រក្រឡា៕