អភិបាលខេត្តព្រៃវែង ចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ នៅស្រុកស៊ីធរកណ្តាល ដែលរងការខូចខាតដោយជំនន់ទឹកភ្លៀង


(ព្រៃវែង)៖ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង និងលោក សួន សុម៉ាលីន អភិបាលរងខេត្ត និងមន្ទីរ អង្គភាពជំនាញ អាជ្ញាធរដែនដី និងកងកម្លាំង នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ ចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ចាប់ពីកែងផ្លូវចូលសាលាស្រុកស៊ីធរកណ្តាល រហូតដល់ថ្នល់ទទឹង ឃុំព្រែកចង្រ្កាន្ត ស្រុកស៊ីធរកណ្តាល ដែលកន្លងមកធ្លាប់រងការខូចខាតដោយជំនន់ទឹកភ្លៀង។

ឯកឧត្តមអភិបាលខេត្ត បានថ្លែងថា បច្ចុប្បន្ន កងវិស្វកម្មក្រសួងការពារជាតិ កំពុងដំណើរការសាងសង់ជាផ្លូវកៅស៊ូ DBST ប្រវែងជាង៤គីឡូម៉ែត្រ និងផ្លូវបេតុង១ខ្សែរទៀត ប្រវែង ៤,៤០០ម៉ែត្រ កំពុងអនុវត្តគម្រោង បានប្រមាណ ៦០% ស្ថិតក្នុងភូមិល្វេរ ភូមិអំបែងចេះ ភូមិកោងទន្លេក្រោម ភូមិកោងទន្លេលើ មកទល់និងស្ពានជ្រោយសសិត ស្រុកស៊ីធរកណ្តាល ដើម្បីលើកកម្ពស់សោភ័ណភាពផ្លូវ ក៏ដូចជាសម្រួលការធ្វើដំណើរ និងដឹកកសិផលរបស់ប្រជាពលរដ្ឋ ឲ្យកាន់តែល្អប្រសើរឡើង។

ឯកឧត្តមបន្តថា រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ជាមួយការចង្អុលបង្ហាញដោយផ្ទាល់ពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តែងតែយកចិត្តទុកដាក់មកលើជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជាប្រចាំ។

ក្នុងនាមរដ្ឋបាលខេត្ត ឯកឧត្តម ជា សុមេធី សូមអំពាវនាវដល់ប្រជាពលរដ្ឋប្រជាការពារ និងលោកមេភូមិ មេឃុំ ស្នើសុំជួយថែរក្សាការពារផ្លូវ DBST និងផ្លូវបេតុងនេះទាំងអស់គ្នា ដើម្បីឲ្យផ្លូវនេះបានគង់វង្ស និងប្រើប្រាស់បានយូរអង្វែង៕