អភិបាលខេត្តកំពង់ចាម ចុះអន្តរាគមន៍បើកមុខទឹកសង្គ្រោះស្រូវប្រជាពលរដ្ឋ៣១ហិកតា ក្នុងឃុំស្ដើងជ័យ


(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាមឯកឧត្តម អ៊ុន ចាន់ដា រួមជាមួយមន្ត្រីពាក់ព័ន្ធនៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ បានចុះអន្តរាគមន៍ជាបន្ទាន់ បើកមុខទឹកដោយដាក់លូបន្ថែម ដើម្បីសង្គ្រោះដំណាំស្រូវ របស់ប្រជាពលរដ្ឋ៣១ ហិកតា ស្ថិតក្នុងភូមិពង្រ ឃុំស្ដើងជ័យ ស្រុកជើងព្រៃ។

លោក ប្រាក់ សារុំ មេឃុំស្តើងជ័យ បានប្រាប់ឲ្យដឹងថា កន្លងទៅថ្មីៗនេះមានប្រជាពលរដ្ឋស្ថិតនៅក្នុងភូមិពង្រ ជាង១០០គ្រួសារ បានធ្វើលិខិតសំណូមពរមកអាជ្ញាធរឃុំ ក្នុងគោលបំណងសុំឲ្យជួយពង្រីកមាត់លូ កាត់ទទឹងថ្នល់ ឱ្យមានទំហំស្មើគ្នា ឲ្យទឹកហូរបានលឿន បញ្ជៀសការលិចលង់ខូចដំណាំស្រូវរបស់ពួកគាត់ ដោយសារជំនន់ទឹកភ្លៀង។

លោកមេឃុំបានបន្តថា ដោយមានសំណូមពរពីប្រជាពលរដ្ឋបែបនោះ លោកបានយកសំណូមពរនោះទៅជូន លោកអភិបាលស្រុកជើងព្រៃ ដើម្បីរកដំណោះស្រាយ។

ទន្ទឹមគ្នានោះ លោកអភិបាលស្រុកជាងព្រៃ ក៏បានយកសំណូមពរនោះ ស្នើសុំយោបល់ពីឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម។ លុះមកដល់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ ឃើញថា ឯកឧត្តមអភិបាលខេត្ត បានអញ្ជើញដឹកនាំ មន្ត្រីពាក់ព័ន្ធ ចុះអន្តរាគមន៍ដោយផ្ទាល់ នឹងបានចាត់បញ្ជាឲ្យមន្ត្រីបច្ចេកទេសបញ្ជាគ្រឿងចក្រ កាយដីដាក់លូបន្ថែមទៅតាមសំណូមពររបស់ប្រជាពលរដ្ឋ ដោយកំណត់ឲ្យរួចរាល់ក្នុងថ្ងៃនេះតែម្ដង។

លោកមេឃុំស្ដើងជ័យ បានបញ្ជាក់ទៀតថា ដំណាំរបស់ស្រូវប្រជាពលរដ្ឋ ដែលកំពុងទទួលរងជំនន់ទឹកភ្លៀងមានទំហំ ៣១ហិកតា និងអាចសង្គ្រោះបានប្រមាណ៧០%មកវិញ ដោយកិច្ចអន្តរាគមន៍ពីលោកអភិបាលខេត្តនាពេលនេះ។

ជាមួយគ្នានេះ ជំនួសឲ្យប្រជាពលរដ្ឋក្នុងភូមិពង្រទាំងជាង១០០គ្រួសារ លោក ប្រាក់ សារុំ មេឃុំស្តើងជ័យ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងក្រុមការងារ ដែលបានអញ្ជើញចុះអន្តរាគមន៍ដោយផ្ទាល់ ដើម្បីជួយសង្គ្រោះដំណាំស្រូវរបស់ប្រជាពលរដ្ឋ៕