រដ្ឋមន្រ្តី ហង់ ជួនណារ៉ុន ដឹកនាំគណៈប្រតិភូក្រសួងអប់រំ ចូលរួមកិច្ចប្រជុំកម្រិតបច្ចេកទេស និងថ្នាក់រដ្ឋមន្រ្តីអប់រំ ប្រទេសសមាជិក G20 នៅឥណ្ឌូនេស៉ី


លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំគណៈប្រតិភូក្រសួងអប់រំ យុវជន និងកីឡា ចូលរួមកិច្ចប្រជុំកម្រិតបច្ចេកទេស និងថ្នាក់រដ្ឋមន្រ្តីអប់រំ ប្រទេសសមាជិក G20 នៅទីក្រុងបាលី ប្រទេសឥណ្ឌូណេស៊ី ចាប់ពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២ ក្រោមប្រធានបទ «ការស្តារឡើងវិញ ឲ្យប្រសើរឡើងសម្រាប់ទាំងអស់គ្នា តាមរយៈការអប់រំ Recover Together, Recover Stronger Through Education»

ក្នុងកិច្ចប្រជុំកម្រិតបច្ចេកទេស និងថ្នាក់រដ្ឋមន្រ្តីអប់រំនេះ លោកបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី បានធ្វើសេចក្តីថ្លែងការណ៍ ដោយផ្តោតលើការធ្វើកំណែទម្រង់ និងការធ្វើបរិវត្តកម្មប្រព័ន្ធអប់រំកម្ពុជា ដែលមានអាទិភាព សំខាន់ៗចំនួន៨ រួមមាន៖

១៖ ដំណើរការសាលារៀន ការស្តារឡើងវិញនៃការសិក្សា និងការបន្តការសិក្សារបស់សិស្ស
២៖ ការធ្វើកំណែទម្រង់សាលារៀន ដើម្បីអនុវត្តការគ្រប់គ្រងតាមសាលារៀន ប្រកបដោយប្រសិទ្ធភាព
៣៖ ការពង្រឹងគុណភាពគ្រូបង្រៀន
៤៖ ការអប់រំឌីជីថល
៥៖ ការអប់រំវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា
៦៖ ការអភិវឌ្ឍជំនាញសតវត្សរ៍ទី២១សម្រាប់យុវជន
៧៖ ការបង្កើតមជ្ឈមណ្ឌលឧត្តមភាព នៅកម្រិតឧត្តមសិក្សា
និង៨៖ ការពង្រឹងសមត្ថភាពស្ថាប័ន និងការកសាងប្រព័ន្ធអប់រំ។

កំណែទម្រង់វិស័យអប់រំខាងលើនេះ បានឆ្លើយតបទៅនឹងអាទិភាពវិស័យអប់រំទាំងបួនរបស់ប្រទេសសមាជិក G20 ដែលផ្តោតលើ គុណភាពអប់រំជាសកល ការអប់រំឌីជីថល សាមគ្គីភាព និងភាពជាដៃគូ និងតម្រូវការការងារនាពេលអនាគត។ លើសពីនេះ កម្ពុជាក៏បានរៀបចំរបាយការណ៍ស្តីពីស្ថានភាពអប់រំកម្ពុជាដើម្បីដាក់បញ្ចូលក្នុងរបាយការណ៍ ស្តីពីការអប់រំរបស់ប្រទេសសមាជិកG20 ផងដែរ។

ឆ្លៀតក្នុងឱកាសនោះ លោកបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី បានជួបពិភាក្សាទ្វេភាគីជាមួយលោក Cristian Aedo ប្រធានប្រតិបត្តិអប់រំប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកខាងកើត នៃធនាគារពិភពលោក លើកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ ក្នុងការគាំទ្រអាទិភាពកំណែទម្រង់វិស័យអប់រំ ដើម្បីលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា ឲ្យកាន់តែប្រសើរឡើង៕