ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានឱ្យដឹងថា រដ្ឋបាលខេត្តនឹងដាក់ចេញផែនការឱ្យមន្ត្រីចុះត្រួតពិនិត្យនៅតាមផ្សារទូទាំងខេត្ត ដើម្បីទប់ស្កាត់ការចរាចរណ៍លក់ដូរសាច់ព្រៃដោយខុសច្បាប់ ក្នុងមូលដ្ឋាន ក្នុងន័យធ្វើយ៉ាងចូលរួមអភិរក្សសត្វព្រៃ ឱ្យនៅគង់វង្ស។
ការឱ្យដឹងបែបនេះ របស់ឯកឧត្តមអភិបាលខេត្តបានធ្វើឡើងក្នុងឱកាសលោកបានអញ្ជើញចូលរួមសន្និសីទសារព័ត៌មាន ស្តីពីអន្ទាក់សូន្យ ក្រោមអធិបតីភាពឯកឧត្តមនេត្រ ភក្ត្រា រដ្ឋលេខាក្រសួងបរិស្ថាន និងជាប្រធានយុទ្ធនាការអន្ទាក់សូន្យ ដោយមានការចូលរួមពីសំណាក់អង្គការដៃគូ មន្ទីរបរិស្ថានខេត្តរតនគិរី នៅរសៀលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២២នេះ នាមន្ទីរបរិស្ថានខេត្តរតនគិរី។
នាឱកាសនោះដែរ ឯកឧត្តម ញ៉ែម សំអឿន បានទទូចដល់ប្រជាពលរដ្ឋទាំងអស់ សូមេត្តាកុំចូលព្រៃបរបាញ់សត្វ សូមកុំបរិភោគសាច់ព្រៃ ព្រោះថាមានជំងឺជាច្រើនបានកើតឡើងដោយសារតែការបរិភោគសាច់ព្រៃជាដើម។
ឯកឧត្តមអភិបាលខេត្តក៏បានឱ្យដឹងថា សម្រាប់ខេត្តរតនគិរី បច្ចុប្បន្ននេះ មានកង្វះកម្លាំងពលកម្មជាច្រើន ដើម្បីបម្រើការងារនៅចម្ការកៅស៊ូ ចម្ការចេក ព្រមទាំងសកម្មភាពការងារផ្សេងៗទៀត ដូច្នេះ សូមប្រជាពលរដ្ឋដែលធ្លាក់តែចូលព្រៃបរបាញ់សត្វព្រៃ ដើម្បីលក់ជូនអ្នកបរិភោគ សូមងាកមកធ្វើការងារនៅទីតាំងដែលមានស្រាប់ ជៀសការចូលព្រៃបរបាញ់សត្វដែលនាំឱ្យខ្លួនមានទោសទណ្ឌជាដើម។
បន្ថែមពីនេះ ក្នុងនាមគណៈអភិបាលខេត្ត លោក ញ៉ែម សំអឿន បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះយុទ្ធនាការអន្ទាក់សូន្យ ដែលផ្តួចផ្តើមដោយក្រសួងបរិស្ថាន និងអង្គការដៃគូនានា។
ដោយឡែកឯកឧត្តម នេត្រ ភក្ត្រា បានឱ្យដឹងថា តាមរយៈយុទ្ធនាការអន្ទាក់សូន្យ បាននឹងកំពុងក្លាយជាផ្នែកមួយបញ្ចៀបសារយល់ដឹងលើសារសំខាន់របស់ធនធានធម្មជាតិ និងសត្វព្រៃ។ ប៉ុន្តែ ទោះជាយ៉ាងណាយុទ្ធនាការនេះក៏មិនទាន់អាចលុបបំបាត់ទាំងស្រុងចំពោះការចូលព្រៃបរបាញ់សត្វ និងការនិយមហូបសាច់ព្រៃពីសំណាក់បុគ្គលមួយចំនួនដែលនៅតែប្រកាន់ជំនឿថា ការហូបសាច់ព្រៃ ឈាមសត្វព្រៃ និងឆ្អឹងសត្វព្រៃ ជាឱសថប៉ូវកម្លាំងរបស់ខ្លួនជាដើម។
សម្រាប់យុទ្ធនាការអន្ទាក់សូន្យនេះ បានមានរយៈពេល៦ខែ ដែលបានដាក់ចេញចាប់ផ្តើមពីគោលដៅខេត្តចំនួន៦ នាភាគខាងកើតទន្លេមេគង្គ រួមមាន៖ ខេត្តស្ទឹងត្រែង ក្រចេះ មណ្ឌលគិរី ព្រះវិហារ កំពង់ធំ។ ដោយឡែកខេត្តរតនគិរី គឺជាខេត្តទី៦ នៃការបញ្ចប់យុទ្ធនាការអន្ទាក់សូន្យនេះ។
គួររំឭកថា ស្ថានភាពដ៏អាក្រក់នៃការធ្លាក់ចុះជីវៈចម្រុះ មិនបានកើតឡើង តែក្នុងប្រទេសកម្ពុជានោះទេ គឺចំនួនសត្វព្រៃនៅលើសកលលោកទាំងសត្វរស់នៅលើដីនិងក្នុងទឹក ក៏បានធ្លាក់ចុះខ្លាំងបំផុតរហូតដល់ ៦៨% ជាមធ្យម ក្នុងរយៈពេល ៥០ឆ្នាំចុង ក្រោយនេះ បើគិតចាប់តាំងពីឆ្នាំ១៩៧០មក។
ការបរបាញ់ខុសច្បាប់ចាប់តាំងពីអតីតកាលមកដល់ពេលបច្ចុប្បន្ន រួមផ្សំនឹងបរិមាណអន្ទាក់បានដាក់ជាច្រើនក្នុងព្រៃធម្មជាតិ ជាកត្តាជំរុញ ដោយការជួញដូរសត្វព្រៃខុសច្បាប់ សុទ្ធសឹងជាមូលហេតុចម្បងដែលបណ្តាលឱ្យសត្វព្រៃនៅកម្ពុជាប្រឈម មុខនឹងការបាត់បង់ ជាពិសេសប្រភេទសត្វក្រចកជើងចំពាមដែលរកស៊ីលើដីជាផ្នែកមួយនៃការប្រឈមមុខខ្លាំង។ អន្ទាក់ជាឃាតកលាក់មុខ និងជាកត្តាគម្រាមកំហែងដ៏ចម្បងមួយចំពោះសត្វព្រៃ៕