ឯកឧត្តម ហ៊ុន ម៉ាណែត បន្តផ្តល់អំណោយជូនអតីតយុទ្ធជន នៅស្រុកបារាយណ៍ និងស្រុកតាំងគោក ខេត្តកំពង់ធំ


នៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ និងសហការីបន្តនាំយកអំណោយរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ទៅឧបត្ថម្ភជូនអតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាតចំនួន ២២គ្រួសារ ដែលអញ្ជើញមកពីស្រុកបារាយណ៍ចំនួន ១២គ្រួសារ និងស្រុកតាំងគោក ចំនួន១០គ្រួសារ។ ពិធីនេះប្រព្រឹត្តទៅនៅភូមិព្នៅ ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ។

ឧត្ដមសេនីយ៍ទោ សោម ស៊ុន បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលសម្តេចទាំងទ្វេតែងតែគិតគិត គួរយកចិត្តទុកដាក់គ្រប់បែបយ៉ាងដល់សុខទុក្ខនិងជីវភាពរស់នៅរបស់អតីតយុទ្ធជន ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ដើម្បីបុព្វហេតុជាតិមាតុភូមិ និងបានចូលរួមចំណែកក្នុងការអនុវត្តន៍នូវនយោបាយ ឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ធ្វើឲ្យប្រទេសជាតិ មានសុខសន្តិភាពពេញលេញដូចសព្វថ្ងៃនេះ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំយកអំណោយរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ឧបត្ថម្ភជូនគាត់ដោយក្នុងមួយគ្រួសារទទួលបាននូវអង្ករចំនួន២៥គីឡូក្រាម មីជាតិចំនួន១កេស ទឹកត្រីទឹកស៉ីអ៉ីវចំនួន២យួរ និងថវិកាមួយចំនួនផងដែរ៕