ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ និងស្របតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នារសៀលថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២នេះ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង បានដឹកនាំក្រុមការងារ អាជ្ញាធរដែនដី មន្ទីរអង្គភាពដែលពាក់ព័ន្ធ និងកងកម្លាំង ចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធនានា ពិសេសផ្លូវថ្នល់ ដែលរងការខូចខាតដោយ ជំនន់ទឹកភ្លៀង ដើម្បីរកវិធានការ រកដំណោះស្រាយ ជួសជុល សម្រួលឡើងវិញ សម្រាប់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា ខេត្តស្ទឹងត្រែង ក្នុងរយៈពេលប៉ុន្មានថ្ងៃដើមខែកញ្ញានេះ បានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង បណ្តាលឱ្យភូមិ ស្រុក និងលំនៅដ្ឋានប្រជាពលរដ្ឋមួយចំនួន ពិសេសប្រជាពលរដ្ឋដែលរស់នៅស្ថិតនៅ ភូមិ ស្រែឬស្សី ឃុំស្រែឬស្សី ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង រងនូវការលិចលង់។
ប៉ុន្តែក្រោមការដឹកនាំរបស់ឯកឧត្តម ស្វាយ សំអ៊ាង ជាអភិបាលខេត្ត គឺ ឯកឧត្តមបានចុះជាប្រចាំត្រួតពិនិត្យស្ថានភាពទឹកជំនន់នៅតំបន់រងគ្រោះខ្លាំងនិងតំបន់ផ្សេងៗទៀតក្នុងខេត្ត ដើម្បីត្រៀមលក្ខណៈសង្គ្រោះពលរដ្ឋឱ្យទាន់ពេលវេលា និយាយរួមស្ថានភាពទឹកជំនន់នៅខេត្តស្ទឹងត្រែង គឺអាចគ្រប់គ្រងបាន ដោយមិនបង្កគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋឡើយ។
ក្រោយស្ថានភាពទឹកជំនន់មានការធូរស្រាល ឯកឧត្តម ស្វាយ សំអ៊ាង ក៏នៅតែបន្តដឹកនាំក្រុមការងារ ពិសេសដឹកនាំស្ថាប័ន មន្ទីរ អង្គភាព ជំនាញក្នុងខេត្តបន្តចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងខេត្ត ពិសេសផ្លូវគ្រាលគ្រោះក្រហម ក្នុងភូមិ ស្រែឬស្សី ស្រុកថាឡាបរិវ៉ាត់ ដែលរងការខូចខាតដោយជំនន់ទឹកភ្លៀង ដើម្បីមានវិធានការជួសជុល សម្រួលឡើងវិញ ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ។
ឯកឧត្តមអភិបាលខេត្តស្ទឹងត្រែង ក៏បានណែនាំដល់មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ពិនិត្យសិក្សាដើម្បីរកវិធានការជួសជុលផ្លូវឡើងវិញ ដែលរងការបាក់ស្រុតដោយជំនន់ទឹកភ្លៀង និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀតក្នុងតំបន់នេះ ផងដែរ។
លោក ព្រំ ចាន់ថា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង បានឲ្យដឹង ដោយមានការចង្អុលបង្ហាញ ពីឯកឧត្តមអភិបាលខេត្ត មន្ទីរអភិវឌ្ឍន៍ជនបទ ធ្វើការសិក្សា ត្រួតពិនិត្យផ្លូវគ្រាសក្រហម ក្នុងភូមិ ស្រែឬស្សី នេះ ដើម្បីជួសជុលឡើងវិញ ក្រោយពីរដូវរស្សា កន្លងផុត ដើម្បីឲ្យប្រជាពលរដ្ឋ ដែលអាស្រ័យផល ធ្វើដំណើរផ្លូវមួយនេះ បានធ្វើងាយស្រួលក្នុងការដឹកជញ្ជូនកសិផល មកកាន់ទីផ្សារ ផងដែរ។
ឆ្លៀតក្នុងឱកាសនោះដែឯកឧត្តម ស្វាយ សំអ៊ាង បានឧបត្ថម្ភជាថវិកាផ្ទាល់ខ្លួនរបស់លោក ដល់ប្រជាពលរដ្ឋ ដែលជួយសម្រួលដល់ប្រជាពលរដ្ឋធ្វើតាមផ្លូវនេះ ក្នុងពេលដែរមានទឹកជំនន់ទឹកភ្លៀងម្តងៗ៕