រថយន្តសង្គ្រោះបន្ទាន់ទី៥១ អំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានប្រគល់បញ្ជាការដ្ឋានការពារកោះឆ្នេរ កងទ័ពជើងទឹក ដើម្បីផ្ដល់សេវាជូនពលរដ្ឋទាន់ពេលវេលា


រថយន្តសង្គ្រោះបន្ទាន់ទី៥១ ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវប្រគល់ជូនដល់បញ្ជាការដ្ឋានការពារកោះឆ្នេរ កងទ័ពជើងទឹក ខេត្តកំពង់ស្ពឺ តាមរយៈលោកឧកញ៉ាបណ្ឌិត ជា រតនា និងឧកញ៉ា លី ហៀករតនា ដើម្បីទុកសម្រាប់ទុកបម្រើសេវាសុខភាពជូនពលរដ្ឋកាន់តែប្រសើរ។

ពិធីប្រគល់ និងទទួលរថយន្តនេះ បានធ្វើឡើងនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ ព្រមទាំងបានអញ្ជើញចុះសួរសុខទុក្ខ និងសំណះសំណាលដល់នាយនាវី នាយនាវីរង ពលនាវី នាបញ្ជាការដ្ឋានការពារកោះឆ្នេរ កងទ័ពជើងទឹក។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានថ្លែងថា ជំនួសមុខឱ្យថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានពាំនាំនូវបណ្ដាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករលឹកប្រកបដោយមនោសញ្ចេតនាគោរព ស្រឡាញ់ ដឹងគុណដ៏ជ្រាលជ្រៅពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះនាយនាវី នាយនាវីរង ពលទាហាន បញ្ជការដ្ឋានការពារកោះឆ្នេរ កងទ័ពជើងទឹក។

នាយឧត្តមសេនីយ៍ បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលជានិច្ចជាកាល តែងតែគិតគូរពីសុខទុក្ខ និងការលំបាករបស់កងកម្លាំងប្រដាប់អាវុធ និងប្រជាជនដោយបានឧបត្ថម្ភទាំងស្មារតី សម្ភារថវិកា ដើម្បីជួយដល់ការលើកកម្ពស់ការគាំពារសុខមាលភាពកងទ័ព និងប្រជាជននៅទូរទាំងប្រទេសឱ្យកាន់តែទទួលបានសេវាគាំពារសុខមាលភាពកាន់តែប្រសើរ។

បើតាមឧត្តមនាវីឯក ស្រ៊ុន សារឿន មេបញ្ជាការការពារកោះឆ្នេរ បានលើកឡើងថា អំណោយនាពេលនេះនឹងប្រើប្រាស់គ្រប់សកម្មភាពដែលតម្រូវការរបស់ប្រជាពលរដ្ឋដូចជា៖ គ្រោះថ្នាក់ចរាចរណ៍ និងសង្គ្រោះប្រជាជនពីគ្រោះមហន្តរាយជាដើម។

លោកឧកញ៉ា បណ្ឌិត ជា រតនា បានលើកឡើងថា រថយន្តសង្គ្រោះនេះជាចំណែកជួយដោះស្រាយតម្រូវការរបស់កងទ័ព ហើយក៏ជួយបម្រើកិច្ចការសង្គ្រោះប្រជាពលរដ្ឋទូទៅផងដែរ។

លោកឧកញ៉ាបណ្ឌិត ជា រតនា បានចាត់ទុកការចូលរួមចំណែកជាមួយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងការធ្វើសកម្មភាពមនុស្សធម៌នេះ គឺជាការបែងចែកផ្លែផ្កាពីការធ្វើអាជីវកម្មរបស់ខ្លួនជួយដល់សង្គម៕