ប្រកាសចូលកាន់មុខតំណែង អភិបាលស្រុកសៀមបូក ខេត្តស្ទឹងត្រែង


នៅល្ងាច ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ នៅសាលាស្រុកសៀមបូក ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាលស្រុកសៀមបូក។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត អភិបាលក្រុង ស្រុក កម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត នាយកទីចាត់ការគ្រប់គ្រងធនធានមនុស្ស មេឃុំ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ស្មៀនឃុំ និងមន្ត្រីរាជការជាច្រើនរូបទៀត។

គួរបញ្ជាក់ថា ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលនៃគណៈអភិបាលស្រុកសៀមបូក អនុលោមតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជាលេខ ៦៧៨អនក្រ.តត ស្តីពីការតែងតាំងមន្ត្រីរាជការ។ ក្នុងនោះ តែងតាំងលោក សួង ហ៊ី ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៥ ឱ្យកាន់មុខតំណែងជាអភិបាល នៃគណៈអភិបាលស្រុកសៀមបូក ខេត្តស្ទឹងត្រែង។

ឯកឧត្តមស្វាយ សំអ៊ាង បានណែនាំដល់លោកអភិបាលស្រុកថ្មី និងមន្រ្តីទាំងអស់ ត្រូវចេះសាមគ្គីភាពផ្ទៃក្នុង និងត្រូវខិតខំយកចិត្តទុកដាក់ដោះស្រាយបញ្ហានានា ទាំងសេវាសាធារណៈ និងសេវាតម្រូវការជូនពលរដ្ឋឲ្យមានតម្លាភាព គុណភាព និងប្រសិទ្ធភាព។

ឯកឧត្តមអភិបាលខេត្តស្ទឹងត្រែងបានក្រើនរំលឹកដល់អភិបាលស្រុកសៀមបូក ដែលត្រូវបានតែងតាំងមុខតំណែងថ្មី ត្រូវបន្តសហការជាមួយក្រុមប្រឹក្សាស្រុក មន្ត្រីរាជការ និងសមត្ថកិច្ច នៃស្រុកសៀមបូក ក្នុងការអនុវត្តការងារសំខាន់ៗ ជាអាទិភាពរួមមាន ត្រូវបន្តរួមគ្នាថែរក្សាការពារសន្តិភាពស្ថិរភាពនយោបាយស្ថិរភាពសង្គម ឲ្យបានល្អប្រសើរ, ខិតខំលើកកម្ពស់ការរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈនៅទូទាំងស្រុក ដោយជំរុញការផ្សព្វផ្សាយនូវលក្ខណៈសម្បត្តិ នៃគោលនយោបាយភូមិឃុំមានសុវត្ថិភាព។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម ស្វាយ សំអ៊ាង ជំរុញដល់អភិបាលស្រុកសៀមបូក សហការជាមួយអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចទាំងអស់ ត្រូវខិតខំដោះស្រាយបញ្ហាទំនាស់នានាជូនពលរដ្ឋ និងត្រូវបម្រើសេវាសាធារណៈជូនពលរដ្ឋឲ្យបានទ្វេដង ទាំងសេវាតម្រូវការ និងសេវាសាធារណៈនានា ឲ្យមានតម្លាភាព គុណភាព និងប្រសិទ្ធភាព ដើម្បីឲ្យប្រជាពលរដ្ឋមានទំនុកចិត្តលើអាជ្ញាធរផងដែរ។

លោក សួង ហ៉ី អភិបាលស្រុកសៀមបូក ដែលទើបឡើងថ្មី បានមានមតិប្តេជ្ញាចិត្តថា ត្រូវប្រតិបត្តិឲ្យបានខ្ជាប់ខ្ជួននូវកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល លិខិតបទដ្ឋាននានា បទបញ្ជា ដែលរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ ក៏ដូចជារដ្ឋបាលខេត្ត បានដាក់ចេញពង្រឹងនូវសាមគ្គីភាព ឯកភាព ជាមួយគ្រប់ថ្នាក់ គ្រប់ផ្នែក និងអ្នកពាក់ព័ន្នទាំងអស់ ដើម្បីចូលរួមចំណែកអនុវត្តរក្សាឲ្យបាននូវស្ថេរភាព សន្តិសុខ សណ្តាប់ធ្នាប់ និងការអភិវឌ្ឍក្នុងស្រុកប្រកបដោយចីរភាព ត្រូវយកចិត្តទុកដាក់លើការផ្តល់សេវាជូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធឲ្យបានឆាប់រហ័យ មានតម្លាភាព គុណភាព និងប្រសិទ្ធភាព ទប់ស្តាប់បង្ក្រាបបទល្មើសនានាដែលកើតឡើងក្នុងស្រុក៕