អភិបាលខេត្តកំពត ឯកឧត្តម ម៉ៅ ធនិន បានសន្យាថា នឹងផ្តល់ប្រាក់រង្វាន់លើកទឹកចិត្ត១,០០០ដុល្លារ ដល់ប្រជាពលរដ្ឋ ដែលសហការវែមុខចាប់ចោរលួច ចោរឆក់ ក្នុងមូលដ្ឋានខេត្តកំពត។
ក្នុងពិធីសំណេះសំណាល ជាមួយអ្នករត់ម៉ូតូឌុប ម៉ូតូកង់បី និងរថយន្តតាក់ស៊ី បេះដូងក្រុងកំពត លើកទី២ នាថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២ នៅពហុកីឡាដ្ឋានខេត្តកំពត ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា អ្នករត់ម៉ូតូឌុប ម៉ូតូកង់បី និងរថយន្តតាក់ស៊ី សហការចាប់ចោរលួចចោរឆក់បានម្នាក់ នឹងត្រូវទទួលបានរង្វាន់លើកទឹកចិត្តមួយពាន់ដុល្លារ។
ឯកឧត្តមអភិបាលក៏បានពាំនាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពី សំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលសម្តេចទាំងទ្វេ តែងតែគិតគូរពី សុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប។
ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ប្រទេសមានសុខសន្តិភាពពេញបរិបូរណ៍គឺ បានមកពីសម្តេចតេជោ យកជីវិតទៅប្តូរ ដូច្នេះហើយសូមបងប្អូន និងគ្រួសាររបស់យើងចូលរួមថែរក្សានូវសុខសន្តិភាព ដ៏មានតម្លៃនេះ ឲ្យបានគង់វង្សជាពិសេស សូមកុំជឿតាមការឃោសនាអកុសល្យទាំងឡាយ ដែលពួកគេមានបំណងបំផ្លាញនូវសេចក្តីសុខរបស់ប្រជាពលរដ្ឋ យើង។
ឯកឧត្តមអភិបាលខេត្ត ក៏បានជម្រាបជូនដល់ប្រជាពលរដ្ឋក្នុងខេត្តកំពត ក៏ដូចសាធារណៈជន អំពីគម្រោងរបស់ ខេត្ត ក្នុងការរៀបចំឆ្នេរសម្រាប់ជាកន្លែងបម្រើឲ្យអ្នកទេសចរណ៍ជាតិ អន្តរជាតិ មកកំសាន្តក៏ដូច ការរៀបចំពិធីផ្សេងៗ ជាពិសេស ក្នុងឱកាសបុណ្យអុំទូកនាពេលខាងមុខ នៅតាមបណ្តោយឆ្នេរព្រែកកំពង់បាយចំនួន២ កន្លែងរួមមាន៖
*គម្រោងទី១៖ ពីបណ្តោយឆ្នេរ ពីស្ពានកំពង់ទ្រៀក រហូតដល់ទីបញ្ជាការដ្ឋាន មូលដ្ឋានកងទ័ពជើងទឹក ទទួលទិសកំពត កែប ប្រវែង២,០០០ ម៉ែត្រ ។
*គម្រោងទី២៖ ពីចន្លោះស្ពានឥន្ធនូរ ឬស្ពានចាស់ រហូតដល់ស្ពានថ្មី ប្រវែងប្រមាណ៥០០ ម៉ែត្រ។
បន្ថែមពីនេះ ឯកឧត្តមអភិបាលខេត្ត ក៏បានសំណូមពរដល់បងប្អូនក្រុមគ្រួសារ អ្នករត់តាក់ស៊ី ម៉ូតូឌុប អ្នករត់កង់បី ចេះរួបរួម សាមគ្គីគ្នាយកអាសារគ្នា ជាពិសេសត្រូវប្រើប្រាស់នូវពាក្យសំដីសមរម្យដល់ភ្ញៀវជាតិ អន្តរជាតិ ដើម្បីបង្ហាញពីប្រពៃណី ថ្លៃថ្នូររបស់ជាតិយើងក៏ដូចជា ការទាក់ទាញសម្រាប់ភ្ញៀវឲ្យមកកំសាន្តកាន់តែច្រើនឡើងក្នុងខេត្តកំពត ដើម្បីលើកកម្ពស់ ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពត យើងទាំងមូល ពិសេសសូមបងប្អូនក្រុមគ្រួសារយើងទាំងអស់គ្នា ទៅ ទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នា៕