ឯកឧត្តម សំហេង បុរស ត្រូវបានអង្គប្រជុំបោះឆ្នោតគាំទ្រជាអនុប្រធានដឹកនាំកិច្ចប្រជុំ UNESCAP លើកទី៧ នៅទីក្រុងបាងកក ប្រទេសថៃ


(បាងកក,ថៃ)៖ ឯកឧត្តម សំហេង បុរស រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី៧របស់គណៈកម្មាធិការអភិវឌ្ឍសង្គម នៃគណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការសហប្រជាជាតិ (UNESCAP) ជាមួយនឹងគណៈប្រតិភូកម្ពុជាចំនួន៤រូប រូមមានឯកឧត្តម អៀម គន្ធឌី រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម ង៉ុយ រិទ្ធ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម គាំ រីបូន អគ្គលេខាធិការគណៈកម្មាធិការជាតិអេស្កាប់ និងឯកឧត្តម នៅ កែវសុធា អគ្គលេខាធិការរងគណៈកម្មាធិការជាតិអេស្កាប់នៅមជ្ឈមណ្ឌលសន្និសិទ្ធីអង្គការសហប្រជាជាតិនាទីក្រុងបាងកក ប្រទេសថៃ ចាប់ពីថ្ងៃទី០៦-០៨ ខែកញ្ញា ឆ្នាំ២០២២។

អង្គប្រជុំបានបោះឆ្នោតគាំទ្រ ឯកឧត្តម សំហេង បុរស ធ្វើជាអនុប្រធានដឹកនាំកិច្ចប្រជុំខាងលើ ដែលមានលោកស្រី Ariunzaya Ayush ជាទីប្រឹក្សាជាន់ខ្ពស់ និងជានាយកខុទ្ទកាល័យរបស់នាយករដ្ឋមន្ត្រី នៃប្រទេសម៉ុងហ្គោលីជាប្រធាន។

ប្រតិភូអញ្ជើញចូលរួមពីបណ្តាប្រទេសនានាមានឋានៈជា រដ្ឋមន្ត្រី រដ្ឋលេខា អគ្គនាយក ប្រធានអង្គការ ស្ថាប័នអន្តរជាតិធំ ប្រមាណ ៣០០នាក់ មកពីបណ្តាប្រទេសចំនួន ២៥ ដែលបានពិភាក្សាលើប្រធានបទធំៗចំនួន៤រួមមាន៖

១៖ សារៈសំខាន់នៃការបន្តកិច្ចសន្យាសង្គម និងការកសាងកម្លាំងពលកម្មដែលមានភាពធន់ ដើម្បីឆ្លើយតបកាន់តែប្រសើរឡើងចំពោះនិន្នាការពិភពលោកដែលកំពុងបន្ត និងកំពុងលេចឡើង។

២៖ សកម្មភាព និងវិធានការនានាដែលបានដាក់ចេញ ដើម្បីគាំទ្រដល់ការអនុវត្តផែនការសកម្មភាពក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់លើកិច្ចគាំពារសង្គម នៅអាស៊ី និងប៉ាស៊ីហ្វិក។

៣៖ ស្ថានភាពមនុស្សចាស់ និងលទ្ធផលសំខាន់ៗនៃកិច្ចប្រជុំអន្តររដ្ឋាភិបាលអាស៊ី និងប៉ាស៊ីហ្វិក លើកទី៤ ស្តីពីការពិនិត្យឡើងវិញ និងការវាយតម្លៃនៃផែនការសកម្មភាពក្រុងម៉ាឌ្រីដ ស្តីពីមនុស្សវ័យចាស់។

៤៖ ធាតុចូលសំខាន់ៗដែលទទួលបានពីការស្ទង់មតិថ្នាក់ជាតិ សម្រាប់ឆ្លើយតបទៅនឹង ស្ថានភាពនៃការអភិវឌ្ឍន៍វិស័យពិការភាព ដែលនឹងត្រូវដាក់ចូលក្នុងរបៀបវារៈ កិច្ចប្រជុំអន្តររដ្ឋាភិបាលកម្រិតខ្ពស់នៅថ្ងៃទី១៨-២០ ខែតុលា ឆ្នាំ២០២២ ខាងមុខនេះ ដើម្បីពិនិត្យឡើងវិញជាលើកចុងក្រោយ។

តបតាមការអញ្ជើញរបស់លោកជំទាវ Armida Salsiah Alisjahbana អគ្គលេខាធិការរងនៃអង្គការ សហប្រជាជាតិ និង ជានាយកប្រតិបត្តិ UNESCAP ឯកឧត្តម សំហេង បុរស បានអញ្ជើញចូលរួមជាវាគ្មិនក្នុងរបៀបវារៈទី២ ស្តីពី”គំនិតផ្តួចផ្តើមថ្នាក់ជាតិ ក្នុងការអនុវត្តផែនការសកម្មភាព សម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យគាំពារសង្គមក្នុងតំបន់ អាស៊ី និងប៉ាស៊ីហ្វិក។

គោលបំណងនៃកិច្ចពិភាក្សាគឺ ដើម្បីចែករំលែកនូវបទពិសោធន៍របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តផែនការសកម្មភាព សម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យគាំពារសង្គម ក្នុងតំបន់ អាស៊ី និងប៉ាស៊ីហ្វិក។

ឯកឧត្តម សំហេង បុរស ត្រូវបានគណៈកម្មាធិការអភិវឌ្ឍសង្គម នៃ UNESCAP បោះឆ្នោតធ្វើជាប្រធានដឹកនាំអង្គប្រជុំ លើរបៀបវារៈទី៤៖ ការពិនិត្យលទ្ធផលសម្រេចបាន នៃកិច្ចប្រជុំលើកទី៤ «កិច្ចប្រជុំអន្តររដ្ឋាភិបាលតំបន់អាស៊ីប៉ាស៊ីហ្វិក ស្តីពី៖ ការពិនិត្យឡើងវិញ និង ការវាយតម្លៃការអនុវត្តផែការអន្តរជាតិក្រុងMadrid ស្តីពីមនុស្សចាស់» នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២។

ប្រមាណជាងមួយទស្សវត្សចុងក្រោយនេះ រាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញនូវការប្តេជ្ញាចិត្តខ្ពស់ និងក្នុងភាពជាអ្នកដឹកនាំគំរូលើការពង្រឹងប្រព័ន្ធគាំពារសង្គម តាមរយៈការបង្កើតក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម២០១៦-២០២៥ ដែលមានសសរស្តម្ភសំខាន់២គឺ «ប្រព័ន្ធសន្តិសុខសង្គម» ផ្តោតលើការធានាបាននូវសន្តិសុខប្រាក់ចំណូលតាមរយៈការការពារប្រជាពលរដ្ឋពីការធ្លាក់ចុះប្រាក់ចំណូលភ្លាមៗដោយសារបញ្ហាសុខភាព ឬ វិបត្តិហិរញវត្ថុ, និង «ប្រព័ន្ធជំនួយសង្គម» ផ្តោតលើការជួយដល់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះបំផុតដោយប្រើប្រាស់ធនធានហិរញ្ញវត្ថុរបស់រាជរដ្ឋាភិបាលតាមរយៈកម្មវិធីឧបត្ថម្ភសាច់ប្រាក់៕