ឯកឧត្តម ពេជ សោភ័ន៖ ការអភិវឌ្ឍវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស កាន់តែមានសមត្ថភាព នឹងជួយឱ្យកម្ពុជាសម្រេចបាននូវគោលដៅអភិវឌ្ឍន៍រយៈពេលវែង


(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត ពេជ សោភ័ន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី រដ្ឋលេខាធិការប្រចាំការ និងជានាយកគម្រោងអភិវឌ្ឍន៍វិស័យអប់រំ បណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVETSDP) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានថ្លែងបញ្ជាក់ថា ការអភិវឌ្ឍវិស័យវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងកម្លាំងពលកម្មកាន់តែមានសមត្ថភាព ប្រកបដោយទំនុកចិត្ត និងជួយឱ្យប្រទេសកម្ពុជាសម្រេចបាននូវគោលដៅអភិវឌ្ឍន៍រយៈពេលវែង ស្របតាមការរីកចម្រើនដ៏ល្អ បំផុតរបស់ពិភពលោក។

ឯកឧត្តមបណ្ឌិត ពេជ សោភ័ន បានលើកឡើងយ៉ាងដូចនេះនា ព្រឹកត្រូវនឹងថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២នេះ ក្នុងឱកាសអញ្ជើញបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី
«បទពិសោធន៍ និងការអនុវត្តដ៏ប្រសើរក្នុងគម្រោងអភិវឌ្ឍន៍វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ» នៅសណ្ឋាគារសុខាភ្នំពេញ ដោយមានការចូលរួមពីលោក Emmanuel Dollfus នាយករងទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) ប្រចាំកម្ពុជា ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ប្រតិភូទទួលបន្ទុកជាអគ្គនាយក អ.ប.វ. រួមទាំងលោក លោកស្រី សមាជិក សមាជិកា ជំនាញការជាតិ អន្តរជាតិ និងភ្ញៀវកិត្តិយសជាច្រើនរូប។

ឯកឧត្តមបណ្ឌិត ពេជ សោភ័ន បានបន្ថែមថា គម្រោងអភិវឌ្ឍន៍វិស័យអប់រំ បណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (អ.ប.វ ) បានជួយគាំទ្រដល់ការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិ បាលកម្ពុជា ក្នុងការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ មានជំនាញ និងសមត្ថភាព ដើម្បីបំពេញតម្រូវការភ្លាមៗ និងរយៈពេលវែងនៃកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការទប់ទល់ និងការសម្របខ្លួនទៅនឹងការផ្លាស់ប្តូរ បច្ចេកវិទ្យាក្នុងទីផ្សារការងារ ហើយទាំងនេះពិតជាបាន ឆ្លើយតបយ៉ាងពេញលេញ ជាមួយនឹងគោលនយោបាយ និងយុទ្ធសាស្ត្រជាតិសម្រាប់អភិវឌ្ឍវិស័យ អ.ប.វ.។

គម្រោងអភិវឌ្ឍន៍វិស័យអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ(TVETSDP) ដែលបានគាំទ្រដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងទីភ្នាក់ងារបារំាងសម្រាប់ការអភិវឌ្ឍន៍ (AFD) ត្រូវបានអនុម័តដោយ ធនាគារអភិវឌ្ឍន៍អាស៊ី នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៤ ហើយគម្រោងមូលនិធិកម្ចីត្រូវបានចុះហត្ថលេខានៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៤ ដែលចូលជាធរមាននៅថ្ងៃទី៩ ខែមករា ឆ្នាំ២០១៥ ដែលមានថវិកាសរុបចំនួន ៤៩,២៦ លានដុល្លាអាមេរិក ក្នុងនោះ ADB ចំនួន ៣០លានដុល្លាអាមេរិក, AFD ១៥,០ លានដុល្លាអាមេរិក និងរាជរដ្ឋាភិបាលកម្ពុជាចំនួន ៤,២៦ លានដុល្លាអាមេរិក។ បន្ទាប់ពីការអនវុត្តអស់រយៈពេលជាង
៧ឆ្នាំ ហើយនឹងត្រូវបិទបញ្ចប់ជាស្ថាពរនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ខាងមុខនេះ ដែលជារួមគម្រោងនេះ មានសូចនាករចុងក្រោយចំនួន ៣ ដែលត្រូវសម្រេចតាមរយៈលទ្ធផលរំពឹងទុកចំនួន៤៖ (១)-បង្កើនភាពងាយស្រួលនូវកម្មវិធី TVET សម្រាប់ការចូលរៀនដល់ជនក្រីក្រជាពិសេសស្ត្រី (២)-បង្កើនគុណភាព និងភាពឆ្លើយតបនៃប្រព័ន្ធ TVET, (៣)-បង្កើនការចូលរួមរបស់និយោជកក្នុងវិស័យ TVET និង (៤)-ពង្រឹងការគ្រប់គ្រង និងការគ្រប់គ្រងប្រព័ន្ធ TVET។ គម្រោងសម្រេចបានដោយជោគជ័យគ្រប់សូចនាករ លទ្ធផលធំៗ (Outcome) ទាំង៣, សូចនាករនៃក្របខណ្ឌរៀបចំ និងតាមដាន(DMF) ទាំង ២៧ និងគោលដៅ ៣១ ក្នុងគោលដៅទាំង ៣២ នៃផែនការសកម្មភាពយេនឌ័រ (GAP) ដោយគោលដៅនៅសល់ ១ ទៀត នឹងសម្រេចបានក្នុងពេលបញ្ចប់គម្រោង ព្រមទាំងគ្រប់ផែនការសកម្មភាពយេនឌ័រ (GAP) ទាំង ១៤ និងសូចនាករ ផែនការសកម្មភាពការជន ជាតិ ភាគតិច (IPP) ទាំង ៣៣ ។

ឯកឧត្តម ពេជ សោភ័ន បានអះអាងទៀតថា តាមរយៈគម្រោងនេះបានផ្ដល់សមិទ្ធផលសំខាន់ៗជាអាទិភាព ដែលបានចូលរួមចំណែកគាំទ្រដល់រាជរដ្ឋាភិបាលដូចជា៖

* រាជរដ្ឋាភិបាលកម្ពុជាបានកំណត់វិស័យ អ.ប.វ. និងការអភិវឌ្ឍឧស្សាហកម្ម ជាអាទិភាព ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ជាតិ ដែលបានកំណត់ ក្នុងចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និងឆ្នាំ២០៥០។

* កម្លាំងពលកម្មដែលមានជំនាញត្រូវបានកំណត់ជាលក្ខខណ្ឌចម្បងសម្រាប់ការអភិវឌ្ឍជាតិ និងឧស្សាហកម្មប្រកបដោយនិរន្តរភាព។

* វិស័យ អ.ប.វ. បានដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្របសម្រួលដើម្បីសម្រេចបាននូវការប្រកួតប្រជែងរយៈពេលវែងនៃសេដ្ឋកិច្ច និងកម្លាំងពលកម្មជំនាញទាំង ក្នុងថ្នាក់ជាតិ និងអន្តរជាតិ។

* វិស័យ អ.ប.វ. ជារួមបានគាំទ្រដល់គោលដៅអភិវឌ្ឍន៍ជាតិ និងគោលដៅអភិវឌ្ឍន៍ធនធានមនុស្សក្នុងផែនការយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ ។

* វិស័យ អ.ប.វ. ដែលឆ្លើយតបតាមតម្រូវការទីផ្សារការងារប្រកបដោយប្រសិទ្ធភាព អាចជួយកាត់បន្ថយភាពអត់ការងារធ្វើរបស់យុវជន ការធ្វើចំណាកស្រុក ហើយវិស័យ នេះ ជួយលើកកម្ពស់ការបណ្តុះបណ្តាលកម្រិតខ្ពស់ និងការបណ្តុះបណ្តាលឡើងវិញដើម្បីគាំទ្រដល់គោលនយោបាយសិក្សាពេញមួយជីវិត៕