ទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ ដឹកនាំប្រតិភូធ្វើដំណើរទៅប្រទេសសិង្ហបុរី ដើម្បីចូលរួមសន្និសីទ «សហគមន៍ជោគជ័យ» រៀបចំដោយក្រុមប្រឹក្សាឥស្លាមសិង្ហបុរី


នៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២នេះ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស អញ្ជើញធ្វើដំណើរទៅចូលរួមសន្និសីទអន្តរជាតិ ស្តីពី «សហគមន៍ជោគជ័យ» ក្រោមអធិបតីភាពលោក Lee Hsien Loong នាយករដ្ឋមន្ត្រីនៃប្រទេសសិង្ហបុរី។ សន្និសីទនេះរៀបចំដោយ ក្រុមប្រឹក្សាសាសនាឥស្លាមសិង្ហបុរី (MUIS) និងមានរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី០៩ រហូតដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២។

សន្និសីទនេះផងដែរ នឹងមានការអញ្ជើញចូលរួមពីរដ្ឋមន្ត្រីសាសនាឥស្លាមរបស់បណ្ដាប្រទេសអាស៊ាន ថ្នាក់ដឹកនាំសហគមន៍ឥស្លាម អ្នកនយោបាយ និងសាសនាវិទូជាច្រើនរូប ដើម្បីពិភាក្សាអំពីឧត្តម្មានុវត្តន៍ និងគំរូនៃសហគមន៍មូស្លីម ក្នុងការពូនជ្រំសហគមន៍ជោគជ័យ ក្នុងបរិបទសម្បូរបែប និងទាន់សម័យកាល ដែលស្តែងចេញនូវអត្តចរិតល្អ សមត្ថភាព និងសញ្ជាតិ។

ដើម្បីពង្រីកទំនាក់ទំនាក់ឲ្យកាន់តែប្រសើរឡើងរវាងកម្ពុជា និងសង្ហបុរី ក្នុងកំឡុងពេលស្នាក់នៅសិង្ហបុរី លោកបណ្ឌិត អូស្មាន ហាស្សាន់ នឹងជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំនៃបណ្តាស្ថាប័ន អង្គការមនុស្សធម៌នានា ជាពិសេសផ្សព្វផ្សាយពីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ ការធ្វើឲ្យមានសុខដុមនីយកម្មជាតិសាសន៍ និងសាសនា និងការស្តារសេដ្ឋកិច្ចឡើងវិញ ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាផងដែរ។

សូមបញ្ជាក់ថា ការចូលរួមក្នុងសន្និសីទនេះធ្វើឡើងតបតាមការអញ្ជើញរបស់ លោក MASAGOS ZULKIFLI BIN MASAGOS MOHAMAD រដ្ឋមន្ត្រីអភិវឌ្ឍន៍សង្គម និងគ្រួសារ, រដ្ឋមន្រ្តីទី២ នៃក្រសួងសុខាភិបាល និងជារដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការមុស្លិមនៃប្រទេសសិង្ហបុរី៕