ឯកឧត្តមទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បញ្ចប់បេសកកម្មរយៈពេល៣ថ្ងៃ នៅប្រទេសសិង្ហបុរី និងបានត្រឡប់មកដល់កម្ពុជាវិញដោយសុវត្ថិភាព


នៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២នេះ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស បានអញ្ជើញវិលនិវត្តន៍មកដល់មាតុប្រទេសវិញហេីយ បន្ទាប់ពីបានបំពេញទស្សនកិច្ចនៅប្រទេសសិង្ហបុរី ចំនួន៣ថ្ងៃ ពីថ្ងៃទី០៩-១១ ខែកញ្ញា ឆ្នាំ២០២២ ដើម្បីចូលរួមសន្និសីទអន្តរជាតិ ស្តីពី «សហគមន៍ជោគជ័យ» ក្រោមអធិបតីភាពលោក LEE HSIEN LOONG នាយករដ្ឋមន្ត្រីសិង្ហបុរី ដែលរៀបចំដោយ ក្រុមប្រឹក្សាសាសនាឥស្លាមសិង្ហបុរី (MUIS)។

សន្និសីទនេះ មានការអញ្ជើញចូលរួមពីរដ្ឋមន្ត្រីសាសនាឥស្លាមរបស់ប្រទេសអាស៊ាន ថ្នាក់ដឹកនាំសហគមន៍ឥស្លាម អ្នកនយោបាយ និងសាសនាវិទូ មកពី១៣ប្រទេស ប្រមាណ៥០០នាក់ ដើម្បីពិភាក្សាអំពីឧត្តម្មានុវត្តន៍ និងគំរូនៃសហគមន៍មូស្លិម ក្នុងការពូនជ្រំសហគមន៍ជោគជ័យ ក្នុងបរិបទសម្បូរបែប និងទាន់សម័យកាល ដែលស្តែងចេញនូវអត្តចរិតល្អ សមត្ថភាព និងសញ្ជាតិ។

ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តមណ្ឌិតទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីសាសនាឥស្លាមនៃប្រទេសអាស៊ាន ហៅកាត់ថា MABIMS ដែលមានប្រទេសប្រ៊ុយណេដារ៉ុសសាឡាម ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងប្រទេសសិង្ហបុរី ជាសមាជិក ហើយកម្ពុជានឹងចូលជាសមាជិកនៃ MABIMS នាពេលឆាប់ៗខាងមុខនេះ ផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ដ្រី ក៏បានជំនួបពិភាក្សាការងារជាមួយ លោកបណ្ឌិត Mohamad Maliki bin Osman រដ្ឋមន្ត្រីទីស្តីការការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីទី២ ក្រសួងការបរទេស និងជារដ្ឋមន្ត្រីទី២ ក្រសួងអបរំ នៃប្រទេសសិង្ហបុរី និងបានស្នើដល់ភាគីសិង្ហបុរី ឲ្យបន្តផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជា រៀបចំប្រព័ន្ធគ្រប់គ្រងហាជ្ជី និងសហការលេីសេវាកម្មថែទាំសុខភាពដល់ពលរដ្ឋកម្ពុជាផងដែរ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានជួបពិភាក្សាការងារជាមួយ លោក Mohd Hafiz Othman នាយកប្រតិបត្តិអង្គការ Emaan Catalyst Community Singapore ដោយបានស្នេីអង្គការនេះជួយរៀបចំវគ្គបណ្តុះបណ្តាលគរុកោសល្យបន្ថែមដល់គ្រូខ្មែរឥស្លាម ទាំង១,៥០០នាក់ ដែលរាជរដ្ឋាភិបាលកម្ពុជា បានបញ្ចូលក្នុងក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា នាពេលកន្លងទៅ។

សូមជម្រាបថា ប្រជាជនមុស្លិមនៅសិង្ហបុរី មានប្រមាណជិត៨០ម៉ឺននាក់ ហើយនៅកម្ពុជាក៏មានប្រមាណ៨០ម៉ឺននាក់ ហើយនៅទូទាំងប្រទេស ដែលជាសមាជិកអាស៊ានមានមុស្លិមជាង ៣០០លាននាក់៕