សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២នេះ បានប្រកាសបើកដំណើរការជាផ្លូវការ ក្លឹបសេដ្ឋកិច្ច អាស៊ាន (ASEAN Economic Club) នៅកម្ពុជា។
ការប្រកាសបើកជាផ្លូវការនេះ ធ្វើឡើងក្នុងឱកាសសម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាព បើកវេទិកាភាពជាអ្នកដឹកនាំ និងភាពជាដៃគូអាស៊ាន ឆ្នាំ២០២២ ក្រោមប្រធានបទ៖ «ភាពជាដៃគូសម្រាប់អាស៊ានដែលមានភាពស្អិតរមួត និងឆ្លើយតបរហ័ស»។
សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ក្លឹបនេះនឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការលើកកម្ពស់សមាហរណកម្មសេដ្ឋកិច្ចអាស៊ានឲ្យកាន់តែជិតស្និទ្ធ តាមរយៈការចូលរួមតាមដាន វាយតម្លៃ និងផ្តល់អនុសាសន៍ឯករាជ្យ និងប្រកបដោយវិជ្ជាជីវៈ លើការអនុវត្តកិច្ចព្រមព្រៀងទាំងឡាយ ដែលថ្នាក់ដឹកនាំអាស៊ានបានសម្រេច ជាពិសេសលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) និងកិច្ចព្រមព្រៀងដទៃពាក់ព័ន្ធនឹងសរសរស្ដម្ភសេដ្ឋកិច្ច។
សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានរំលឹកថា ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ ដែលបានប្រព្រឹត្តទៅនាពេល ថ្មីៗនេះ សម្ដេចបានស្នើបង្កើតឡើងនូវ ក្របខ័ណ្ឌកិច្ចព្រមព្រៀងបៃតងអាស៊ាន (ASEAN Green Deal) ដែលអាចអនុញ្ញាតឲ្យតំបន់របស់យើងធ្វើអន្តរកាលជាបណ្តើរៗ ទៅជាសហគមន៍ ដែលមានចីរភាព ប្រសិទ្ធភាពប្រើប្រាស់ធនធាន និងភាពធន់វៃ។
បើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន, សម្ដេចសូមស្វាគមន៍នូវគំនិតផ្តួចផ្តើមរបស់វិទ្យាស្ថានយុទ្ធសាស្ត្រដើម្បីអាស៊ីប៉ាស៊ីហ្វិក និងវិទ្យាស្ថានចក្ខុវិស័យអាស៊ី ក្នុងការបង្កើតឡើងនូវ តំបន់សេដ្ឋកិច្ច ឬវិនិយោគបៃតង (Green Economic or Investment Zone)។
សម្ដេចបានបន្ថែមទៀតថា ជាមួយនឹងការដាក់ឲ្យចូលធរមាននូវ ច្បាប់ស្តីពីវិនិយោគថ្មី នាពេលថ្មីៗកន្លងទៅនេះ កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើជាម្ចាស់ផ្ទះសម្រាប់ តំបន់សេដ្ឋកិច្ចបៃតងដំបូងគេបង្អស់។ សម្ដេចក៏សូមគាំទ្រការបង្កើតឡើងនូវ មូលនិធិអភិវឌ្ឍន៍ សេដ្ឋកិច្ចកម្ពុជា (Cambodia Economic Development Fund) ដែលនឹងចូលរួមចំណែក ក្នុងបរិវត្តកម្មឌីជីថល និងការអភិវឌ្ឍបញ្ញាសិប្បនិម្មិត(AI), និងបំពាក់នូវជំនាញ និងឧបករណ៍ ចាំបាច់ដល់កម្លាំងពលកម្មកម្ពុជាក្នុងសម័យបដិវត្តន៍ឧស្សាហកម្មទី៤នេះ៕