ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ នៅក្នុងឱកាសកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ សូមចូលរួមអនុវត្តខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ ៣កុំ ដើម្បីការពារពីការឆ្លងជំងឺកូវីដ១៩។
បន្ថែមពីលើនេះ ឯកឧត្តម វង សូត ក៏បានបន្តអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ចូលរួមទទួលវ៉ាក់សាំងកូវីដ-១៩ ដូសជំរុញទី៣ ទី៤ និងទី៥ តាមសេចក្តីអំពាវនាវ របស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តី ក្នុងការបន្តចូលរួមចលនាជាតិទប់ស្កាត់និងគ្រប់គ្រងកូវីដ-១៩ផងដែរ។
ការអំពាវនាវរបស់រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច បានធ្វើឡើងក្នុងឱកាសលោក និងលោកស្រី ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការ អញ្ជើញចូលរួមកាន់បិណ្ឌទី២ នៅវត្តសារាវន្តតេជោ ស្ថិតក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ និងបាននាំយកនូវទេយ្យវត្ថុ និងបច្ច័យ ដើម្បីប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សា សម្រាប់កសាងសមិទ្ធផលនានាក្នុងវត្ត ហើយវេរប្រគេនចង្ហាន់ និងទេយ្យវត្ថុដល់ព្រះសង្ឃ ក្នុង១អង្គៗស្លាដក១ និងបច្ច័យ និងសម្រាប់វត្តមានគ្រឿងឧបភោគបរិភោគជាច្រើន និងបានជូនថវិកាដល់យាយជីតាជីនិងសិស្សានុសិស្សផងដែរ។
បន្ទាប់មក ឯកឧត្តមរដ្ឋមន្រ្តី ព្រមទាំងថ្នាក់ដឹកនាំមន្រ្តីរាជការ បានអញ្ជើញបង្សុកូល រាប់បាត ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធជីដូនជីតា បុព្វការីជន ដែលបានចែកឋានទៅកាន់ លោកខាងមុខ និងសូមសេចក្តីសុខសេចក្តីចម្រើនកើតមានដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងប្រជាពលរដ្ឋនៅទូទាំងប្រទេសកុំបីឃ្លៀងឃ្លាតឡើយ ជាពិសេសត្រូវចូលរួមអនុវត្តយ៉ាងម៉ឺងម៉ាត់ នូវតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការការពារ ៣កុំ៣គារពាររបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី ដើម្បីទប់ស្កាត់ការរីករាលដាល នៃជម្ងឹកូវីដ-១៩ ក្នងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ៕