រដ្ឋបាលរាជធានីភ្នំពេញ ត្រៀមរថយន្តក្រុង១៧៥គ្រឿង និងបង្ហាញទីតាំងសម្រាប់ ដឹកពលរដ្ឋទៅស្រុកកំណើតដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី២៣-២៧ ខែកញ្ញា នាឱកាសបុណ្យភ្ជុំ


រដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមរថយន្តក្រុងចំនួន១៧៥គ្រឿង សម្រាប់ដឹកប្រជាពលរដ្ឋទៅស្រុកកំណើតនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ ដោយមិនគិតថ្លៃ។ នេះបើតាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន ទទួលបាននៅព្រលប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២។

ជាមួយគ្នានេះ នៅក្នុងសេចក្តីជូនដំណឹងរបស់ខ្លួន រដ្ឋបាលរាជធានីភ្នំពេញ ក៏បានប្រកាសពីទីតាំង និងគោលដៅសម្រាប់ឱ្យប្រជាពលរដ្ឋឈរង់ចាំរថយន្តក្រុងដែលរដ្ឋបាលរាជធានី បានត្រៀមសម្រាប់ដឹកទៅស្រុកកំណើតផងដែរ។

បន្ថែមពីនេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវដល់ម្ចាស់ក្រុមហ៊ុន និងម្ចាស់រថយន្តដឹកជញ្ជូនអ្នកដំណើរទាំងអស់ឱ្យរក្សាតម្លៃដឹកជញ្ជូននៅដដែល ដោយកុំដំឡើងថ្លៃ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញ ក្នុងការជួយសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

សូមជម្រាបថា តាមរយៈសារសំឡេងពិសេស នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាឱ្យរដ្ឋបាលរាជធានីភ្នំពេញ ត្រៀមបញ្ចេញរថយន្តក្រុងដឹកពលរដ្ឋ ទៅកាន់ស្រុកកំណើតដោយមិនយកលុយ នៅថ្ងៃបុណ្យភ្ជុំខាងមុខនេះ។

ក្រៅពីបញ្ជាឱ្យរដ្ឋបាលរាជធានីភ្នំពេញ ត្រៀមបញ្ចេញរថយន្តក្រុងដឹកពលរដ្ឋ ទៅកាន់ស្រុកកំណើតដោយមិនយកលុយហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន និងម្ចាស់រថយន្តឈ្នួលនានា សូមកុំដំឡើងថ្លៃ ក្នុងឱកាសដែលបងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរទៅមកស្រុកកំណើត នារដូវបុណ្យភ្ជុំ៕