អភិបាលខេត្តកំពត៖ កម្មករកម្មការិនី មានគុណសម្បត្តិក្នុងការរួមចំណែកក្នុងការកសាងជាតិ និងអភិវឌ្ឍន៍សង្គម


ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថា កម្មករ-កម្មការិនីទាំងអស់ក្នុងខេត្តគឺមានគុណសម្បត្តិ និងការរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍសង្គម និងកសាងជាតិមាតុភូមិ ការរួមចំណែកទាំងនោះ គឺបានមកពីការខិតខំប្រឹងប្រែងធ្វើការងារ ដោយគោរពតាមច្បាប់ការងាររបស់ប្រទេសយើង។

ការលើកបញ្ជាក់បែបនេះខណៈឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមបណ្ឌិតអភិបាលខេត្តកំពត ម៉ៅ ធនិន បានដឹកនាំជួរថ្នាក់ដឹកនាំនៃមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធអាជ្ញាធរ និងអ្នកពាក់ព័ន្ធជាច្រើនរូប ចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយកម្មករកម្មការិនីក្នុងរោងចក្រ ដេរកូនបាល់ នៃក្រុមហ៊ុន «ដាប៉ុនកំពតស្ត័រ» ស្ថិតនៅភូមិអណ្ដូងខ្មែរ សង្កាត់អណ្តូងខ្មែរ ក្រុងកំពត នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២នេះ។

ឯកឧត្តម ម៉ៅ ធនិន បានបន្តថា អ្វីដែលកម្មករកម្មការិនី បានចូលរួមក្នុងកិច្ចការអភិវឌ្ឍ និងកសាងប្រទេសនោះគឺការខិតខំប្រឹងប្រែងធ្វើការងារដោយគោរពទៅតាមច្បាប់ការងាររបស់កម្ពុជា គោរពទៅតាមគោលការណ៍រោងចក្រ សហគ្រាស ពិសេសគឺមិនមានការតវ៉ា ឬទាមទានូវអ្វីដែលហួសហេតុ ដែលអាចធ្វើឱ្យអ្នកវិនិយោគបាត់បង់ទំនុកចិត្ត។

ឯកឧត្តមអភិបាលខេត្ត ក៏បានស្នើដល់បងប្អូនកូនក្មួយ កម្មករកម្មការិនីទាំងអស់ ត្រូវបន្តខិតខំប្រឹងប្រែងធ្វើការងារ និងបន្តថែរក្សានូវតំលៃការងារ ដែលយើងមានសព្វថ្ងៃឱ្យបានល្អប្រសើរ ដើម្បីទុកជាប្រយោជន៍ ព្រមទាំងការទទួលស្គាល់នៃតំលៃរបស់យើងជាខ្មែរ ពីសំណាក់អ្នកវិនិយោគគ្រប់រូបភាព។

ក្នុងពិធីសំណេះសំណាលនេះដែរ ក៏មានការចាប់រង្វាន់ជូនដល់កម្មករកម្មការិនីដែលរង្វាន់រួមមាន៖ ម៉ូតូ ២គ្រឿង, កង់ ២គ្រឿង, កង្ហា ១០គ្រឿង, ឆ្នាំងដាំបាយអគ្គិសនី ២០គ្រឿង និងកំសៀវដាំទឹកអគ្គិសនី ១០គ្រឿង។ ទន្ទឹមនេះ លោកបណ្ឌិតអភិបាលខេត្ត ក៏បានសន្យាថា នឹងមកជួបសំណេះសំណាល នាមុនពេលពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរបន្តទៀត ហើយនឹងនាំយកមកនូវ ម៉ូតូចំនួន ៦គ្រឿង ដែល៣គ្រឿងបានមកពីម្ចាស់ក្រុមហ៊ុន និង ៣គ្រឿងទៀតជាការផ្តល់ជូនពីរូបលោក ជាអភិបាលខេត្តផ្ទាល់។

លោក អុឹង ប៉ូហេង ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពត បានលើកឡើងក្នុងរបាយការណ៍របស់ខ្លួនថា៖ ក្រុមហ៊ុន «ដាប៉ុន កំពត ស្ត័រ» រោងចក្រដេរកូនបាល់ មានកម្មករនិយោជិត សរុបចំនួន ១៧០នាក់ ស្រី ១៦៣នាក់។ ក្រុមហ៊ុននេះមានផ្ទៃដីសរុប ១,២០០ម៉ែត្រការ៉េ អគារផលិតកម្មមានចំនួន ១អគារ ដែលមានសកម្មភាពផលិត ដេកូនបាល់ ដើម្បីនាំចេញទៅសហរដ្ឋអាមេរិក និងប្រទេសជប៉ុន។

គួររំលឹកថា នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន និងឯកឧត្តម ជឹង ផល្លា បានដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរពាក់ព័ន្ធក្រោមឱវាទ បានអញ្ជើញចុះសួរសុខទុក្ខ និងជួបសំណេះសំណាល ជាមួយបងប្អូនកម្មករកម្មការិនី សរុបជាង៧០០នាក់ នៅរោងចក្រ «ពូចិន ខេមបូឌា ខូអិលធីឌី» មានទីតាំងស្ថិតនៅភូមិកណ្តាលទួល ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។

ហើយក៏មានចាប់ឆ្នោតផ្សងសំណាង ដល់កម្មករកម្មការិនីរោងចក្រខាងលើ នូវចំណងដៃជាអនុស្សាវរីយ៍ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ រួមមាន៖ ម៉ូតូចំនួន ៨គ្រឿង, កង់៨គ្រឿង, កង្ហា១០គ្រឿង, កំសៀវអគ្គិសនី ចំនួន២០ឆ្នាំង, ឆ្នាំងដាំបាយអគ្គិសនី ចំនួន២០។

នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្ត និងឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្តកំពត បានដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរពាក់ព័ន្ធក្រោមឱវាទ បានអញ្ជើញ ចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករកម្មការិនី សរុបប្រមាណ ៦៥០នាក់ នៅរោងចក្រនៃក្រុមហ៊ុន «ខេមបូថៃហ្វូតវៀ» ស្ថិតនៅភូមិទ្វីខាងត្បូង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត។

ហើយក៏មានចាប់ឆ្នោតផ្សងសំណាងនូវរង្វាន់លើកទឹកចិត្តដល់កម្មករ កម្មការិនី សម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌ រួមមាន: អាំងបាវចំនួន៥រង្វាន់, កំប៉ុងដាក់ទឹកចំនួន៥០រង្វាន់, ចង្ក្រានហ្គាស១០រង្វាន់, ឆ្នាំងដាំបាយតូច៣រង្វាន់, ធំ៧រង្វាន់, កង្ហាតូច១១រង្វាន់, ធំ១០រង្វាន់, កង់តូច២រង្វាន់, ធំ៣រង្វាន់ និងម៉ូតូ ២រង្វាន់។

រោងចក្រ «ខេមបូថៃហ្វូតវៀ» ខាងលើ មានសកម្មភាពផលិត ស្បែកជើងនាំចេញទៅសហរដ្ឋអាមេរិក ដែលមានកម្មករនិយោជិត សរុប ៥៧០នាក់ ស្រី៤៩៧នាក់។ ក្នុងឱកាសសំណេះសំណាល នាថ្ងៃនេះផងដែរ លោកបណ្ឌិតម៉ៅធនិនអភិបាលខេត្តកំពត ក៏នឹងបានសន្យាថា នឹងចុះជួបសួរសុខទុក្ខ និងសំណេះសំណាល ជាមួយកម្មករកម្មការិនីនៅគ្រប់បណ្តារោងចក្រនៃក្រុមហ៊ុននានា ក្នុងភូមិសាស្ត្រខេត្តកំពត នៅថ្ងៃខាងមុខបន្តទៀត៕