ក្រសួងបរិស្ថាន និងក្រសួងឧស្សាហកម្ម ចុះកិច្ចព្រមព្រៀងជាមួយវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល លើគម្រោងលើកកម្ពស់ការអនុវត្តថាមពលនិរន្តភាព ក្នុងវិស័យវាយនភ័ណ្ឌនៅក្រុងកែប


ក្រសួងបរិស្ថាន និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល (GGGI) លើគម្រោងការលើកកម្ពស់ការអនុវត្ត ថាមពលនិរន្តរភាព ក្នុងវិស័យវាយនភ័ណ្ឌ នៅក្រុងកែប។

កិច្ចព្រមព្រៀងគម្រោងនេះ ត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តម ទឹង ស៊ីនី រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម, ឯកឧត្តម វ៉ាន់ មុនីនាថ អគ្គនាយក នៃអគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្ត្រ ក្រសួងបរិស្ថាន និងលោកស្រី Shomi Kim តំណាង GGGI ប្រចាំប្រទេសកម្ពុជា។

ពិធីនេះមានការចូលរួមផងដែរពីឯកឧត្តម ទិន ពន្លក រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាអនុប្រធានទី២ នៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងជាតំណាងរបស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២ថ្មីៗ។

សេចក្តីប្រកាសព័ត៌មានរួម បានបញ្ជាក់ថា «នេះជាជំហានដ៏សំខាន់មួយសម្រាប់គម្រោងការលើកកម្ពស់ការអនុវត្តថាមពលនិរន្តរភាពក្នុងវិស័យ វាយនភ័ណ្ឌដែលរំពឹងថា កិច្ចខិតខំប្រឹងប្រែងរួមគ្នានៃស្ថាប័នទាំង០៣ នឹងជួយលើកកម្ពស់និរន្តរភាព និងប្រសិទ្ធភាពថាមពលក្នុងវិស័យកាត់ដេរនៅកម្ពុជា។ ការលើកកម្ពស់ការអនុវត្តថាមពលនិរន្តរភាពត្រូវបាន ទទួលស្គាល់ថាជាកត្តានាំមុខដែលឆ្លើយតបនឹងស្ថានភាពបច្ចុប្បន្ន និងបង្កើនភាពប្រកួតប្រជែងរបស់ រោងចក្រកាត់ដេរកម្ពុជា»

សូមបញ្ជាក់ថា គម្រោងការលើកកម្ពស់ការអនុវត្តថាមពលនិរន្តរភាព កំពុងត្រូវបានអនុវត្តដោយវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល (GGGI) រួមជាមួយ Geres និងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC)។ គម្រោងនេះ ទទួលបានមូលនិធិពីសហភាពអឺរ៉ុប តាមរយៈកម្មវិធី EU-SWITCH Asia ដែលបច្ចុប្បន្នកំពុងមានសកម្មភាព នៅក្នុងប្រទេសចំនួន២៤ ក្នុងទ្វីបអាស៊ី និងតំបន់ដទៃទៀត។

បន្ថែមពីនេះគោលបំណងនៃគម្រោង EU-Switch Garment នេះ គឺដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែងរបស់រោងចក្រកាត់ដេរនៅកម្ពុជា និងកាត់បន្ថយផលប៉ះពាល់បរិស្ថានរបស់ឧស្សាហកម្មនេះ តាមរយៈការអនុវត្តថាមពលនិរន្តរភាព និងសម្របសម្រួលការវិនិយោគលើបច្ចេកវិទ្យាថាមពលស្អាត តាមរយៈ «កម្មវិធី រោងចក្របៃតងគំរូ» ជាមួយនឹងគម្រោងត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ដែលរួមមានសវនកម្មថាមពលលើស្តង់ដារសមិទ្ធិកម្ម ការអនុវត្តការគ្រប់គ្រងថាមពល និងការរាយការណ៍ និងការបណ្ដុះបណ្តាលរោងចក្រឱ្យទៅជាបៃតង និងបង្កើនការវិនិយោគលើថាមពលនិរន្តរភាព៕