កិច្ចប្រជុំ បានធ្វើការពិនិត្យ និងផ្លាស់ប្តូរយោបល់ លើវឌ្ឍនភាពការងារ នៃការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន កិច្ចសម្រួលពាណិជ្ជកម្ម និងការធ្វើសមាហរណកម្មគយ ក្នុងក្របខណ្ឌអាស៊ានជាដើម។
ក្នុងប្រសាសន៍បើកកិច្ចប្រជុំរដ្ឋមន្រ្តីក្រុមប្រឹក្សាតំបន់ ពាណិជ្ជកម្មសេរី អាស៊ានលើកទី៣៦ ឯកឧត្តម វង្សី វិស្សុត បានលើកឡើងថា គិតចាប់តាំងពីការបង្កើតក្រុមប្រឹក្សាតំបន់ពាណិជ្ជកម្មសេរីអាស៊ានក្នុងឆ្នាំ១៩៩២ បណ្តា ប្រទេសជាសមាជិកសម្រេច បាននូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ដើម្បីសម្រេចបានចក្ខុវិស័យរួមរបស់អាស៊ាន ក្នុងការបង្កើតទីផ្សារ និងមូលដ្ឋានផលិតកម្មតែមួយ ការលើកកម្ពស់ភាពប្រកួតប្រជែងតំបន់ និងការអភិវឌ្ឍសេដ្ឋកិច្ច ប្រកប ដោយសមធម៌ ព្រមទាំងការធ្វើសមាហរណកម្មពេញលេញ ទៅក្នុងពិភពលោក។ ជាក់ស្តែង អាស៊ានបានលុបបំបាតអាត្រាពន្ធគយប្រមាន៩០% នៃបន្ទាត់ពន្ធសរុប និងមានការលុបបំបាតរបាំងមិនមែនពន្ធផងដែរ ដោយអនុលោម តាមកិច្ចព្រមព្រៀងពាណិជ្ជកម្ម ទំនិញអាស៊ាន (ATIGA) និងផែនការមេសហគមន៍ សេដ្ឋកិច្ចអាស៊ានឆ្នាំ២០២៥ (AEC Blueprint 2025)។
ការធ្វើពាណិជ្ជកម្មអាស៊ាន ជាមួយបណ្តាប្រទេសនានា ក្នុងពិភពលោកប្រមាណ ៣.៣ ទ្រីលាន ដុល្លារ ក្នុងនោះពាណិជ្ជកម្មរវាងសមាជិកអាស៊ាន មានចំនួន៧១២ ប៊ីលានដុល្លារក្នុងឆ្នាំ២០២១ ដែលបានរួមចំណែកក្នុងកំណើន សេដ្ឋកិច្ចអាស៊ានប្រមាណ ៣ភាគរយ ក្នុងឆ្នាំ២០២១។
ឯកឧត្តមបានបន្តថា កម្ពុជាបានធ្វើជាប្រធានប្តូរវេនរបស់អាស៊ាន ក្នុងឆ្នាំ២០២២នេះ គឺចំពេលដែលពិភពលោក និងតំបន់បាននិងកំពុងប្រឈមនឹងហានិភ័យ និងភាពមិនប្រាកដប្រជាជាច្រើន ដូចជា ការអូសបន្លាយ នៃសង្គ្រាមអ៊ុយក្រែន ការបន្តរីករាលដាលនៃជំងឺកូវីដបំប្លែងថ្មី និងបញ្ហាការកើនឡើងនៃអតិផរណា ព្រមទាំងភាពរអាក់រអួល នៃខ្សែចង្វាក់ផ្គត់ផ្គង់ និងផលិតជាដើម។ល។ ហានិភ័យ និងភាពមិនប្រាកដប្រជាទាំងនេះ បាននិង កំពុងបន្ថយល្បឿន នៃដំណើរការស្តារសេដ្ឋកិច្ចឡើងវិញ របស់តំបន់។ ដូចនេះការអនុម័តប្រធានបទរបស់អាស៊ានឆ្នាំ២០២២ អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់ មានគោលបំណងលើកកម្ពស់កិច្ច ខិតខំប្រឹងប្រែងរួមគ្នា របស់អាស៊ាន ដើម្បីសម្រេចកិច្ចការសំខាន់ៗរបស់តំបន់ ជាពិសេសការស្តារកំណើន សេដ្ឋកិច្ចតំបន់ និងពន្លឿនដំណើរការកសាង នៃសហគមន៍អាស៊ាន ប្រកបដោយសមធម៌ ភាពខ្លាំង និងបរិយាប័ន្ន។
កិច្ចប្រជុំរដ្ឋមន្រ្តីក្រុមប្រឹក្សា តំបន់ពាណិជ្ជកម្មសេរីអាស៊ានលើកទី៣៦ បានធ្វើការកត់សម្គាល់អំពីវឌ្ឍនភាពសំខាន់ៗពាក់ព័ន្ធនឹង ការលើកកម្ពស់កិច្ច សម្រួលពាណិជ្ជកម្មក្នុងតំបន់ តាមរយៈការពង្រីកការអនុវត្តការផ្លាស់ប្តូរ ឯកសារប្រតិវេទន៍គយអាស៊ាន (ACDD) និងឯកសារពាក់ព័ន្ធពាណិជ្ជកម្មដ៏ទៃទៀត តាមប្រព័ន្ធបញ្ជរតែមួយអាស៊ាន និងការអនុវត្តប្រព័ន្ធឆ្លង កាត់គយអាស៊ាន (ACTS) ក៏ដូចជាការធ្វើសមាហរណកម្មគយអាស៊ាន តាមរយៈការជំរុញការ អនុវត្តយន្តការប្រតិបត្តិករសេដ្ឋកិច្ច ដែលទទួលបានការអនុញ្ញាត (Authorised Economic Operator-AEO) ។
ក្រៅពីនេះ អង្គប្រជុំ ក៏បានកោតសរសើរចំពោះវឌ្ឍនភាព នៃការត្រៀមរៀបចំចរចាដំឡើង កម្រិតកិច្ចព្រមព្រៀង ពាណិជ្ជកម្មទំនិញអាស៊ាន ដើម្បីធានាបានថា កិច្ចព្រមព្រៀងនេះ នឹងមានលក្ខណៈទំនើប និងឆ្ពោះទៅមុខ ក៏ដូចជាឆ្លើយតបឱ្យបានកាន់តែប្រសើរឡើងទៅនឹងតម្រូវការ និងការអភិវឌ្ឍក្នុងតំបន់ និងសកលលោក។ កិច្ចប្រជុំលើកទី ១ របស់គណៈកម្មាធិការចរចាពាណិជ្ជកម្ម នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន គ្រោងនឹងប្រព្រឹត្តទៅនៅដំណាច់ខែកញ្ញា ឆ្នាំ២០២២ ខាងមុខនេះ។
ជាទិសដៅទៅមុខ អង្គប្រជុំ បានទទួលស្គាល់អំពីការសារៈសំខាន់ នៃការបន្តនូវកិច្ចខិតខំប្រឹងប្រែង បន្ថែមទៀត របស់អាស៊ាន ក្នុងការអនុវត្តផែនការ សកម្មភាព និងគំនិតផ្តួចផ្តើមនានា ដែលបានដាក់ចេញឱ្យមានប្រសិទ្ធភាពខ្ពស់ និងទាន់ពេលវេលា សំដៅដោះស្រាយក្តីកង្វល់ និងបញ្ហាប្រឈមរួម ចំពោះមុខ ក៏ដូចជាចាប់យកនូវកាលានុវត្តភាព ពីនិន្នាការវិវត្តថ្មីៗ នៅក្នុងតំបន់ និងសកលលោក ដូចជា បរិវត្តកម្មឧស្សាហកម្ម, ឌីជីថលូបនីយកម្ម, សេដ្ឋកិច្ចចក្រា និងកំណើនបៃតង ដើម្បីជំរុញរបៀបវារៈនៃការធ្វើសមាហរណកម្ម សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្នក្នុងតំបន់។
ជាកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី រដ្ឋលេខាធិការប្រចាំការ និងជារដ្ឋមន្រ្តីក្រុមប្រឹក្សាអាហ្វតារបស់កម្ពុជា ប្រធានអង្គប្រជុំបានសំដែង នូវអំណរគុណចំពោះបណ្តារដ្ឋមន្ត្រីក្រុមប្រឹក្សាអាហ្វតា និងអគ្គលេខាធិការអាស៊ាន ដែលបានផ្តល់ការគាំទ្រដល់ការធ្វើជាប្រធានអាស៊ាន របស់កម្ពុជាក្នុងឆ្នាំ ២០២២ នេះ និងបានចូលរួមមតិយោបល់យ៉ាងផុសផុលក្នុងកិច្ចពិភាក្សា ដែលនាំឱ្យកិច្ចប្រជុំរដ្ឋមន្រ្តីក្រុមប្រឹក្សា តំបន់ពាណិជ្ជកម្មសេរីអាស៊ានលើកទី៣៦ ប្រព្រឹត្តទៅដោយជោគជ័យ និងទទួលបានផ្លែផ្កាដូចបានគ្រោងទុក។