អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ចុះពិនិត្យមើលស្ថានភាពជំនន់ទឹកភ្លៀង ស្ថិតនៅឃុំព្រះនិព្វាន ស្រុកគងពិសី


(រដ្ឋបាលខេត្តកំពង់ស្ពឺ) នៅព្រឹកថ្ងៃពុធ ៤រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២នេះ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត បានដឹកនាំសហការី ក្រុមការងារមន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ចុះពិនិត្យមើលស្ថានភាពជំនន់ទឹកភ្លៀង ស្ថិតនៅឃុំព្រះនិព្វាន ស្រុកគងពិសី ដែលបង្កឲ្យមានការជន់លិចផ្ទះបងប្អូនប្រជាពលរដ្ឋចំនួន៣៧ខ្នង។ ចំពោះមុខយើងវាយទម្លាក់ទ្វារតំកល់ទឹក (ធ្វើពីបេតុង) ចំនួន ០១ម៉ែត្រដើម្បីបើកមុខទឹក។

ឯកឧត្តមក៏បានផ្តាំផ្ញើជម្រាបជូនពុកម៉ែមីងបងប្អូនប្រជាពលរដ្ឋមេត្តាជ្រាបថា÷ នៅថ្ងៃទី២១ និង ទី២៧ ខែកញ្ញា ឆ្នាំ២០២២ ភ្លៀងនឹងបន្តធ្លាក់ខ្លាំងនៅក្នុងស្រុកគងពិសី (តាមការព្យាករណ៍របស់មន្ទីរធនធានទឹក) ដូច្នេះសូមពុកម៉ែមីងបងប្អូន មេត្តាយកចិត្តទុកដាក់ខ្ពស់អំពីផលវិបាកដែលអាចកើតឡើងជាយថាហេតុ ដែលបណ្ដាលមកពីជំនន់ទឹកភ្លៀង។ ទន្ទឹមនឹងនេះសូមអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវត្រៀមលក្ខណៈរកទីទួលសុវត្ថិភាព ថ្នាំបង្ការ ក៏ដូចជាពូជស្រូវ ពូជដំណាំ ឲ្យបានរួចរាល់សម្រាប់ត្រៀមបង្ការជម្លៀសបងប្អូនប្រជាពលរដ្ឋដែលរងការលិចលង់ដោយជំនន់ទឹកភ្លៀងទៅទីទួលសុវត្ថិភាពនោះ និងចែកពូជជូនពួកគាត់។