ឯកឧត្តម ម៉ៅ ធនិន ដោះស្រាយជម្រះមន្ទឹលសង្ស័យ បានជ្រះស្រឡះ ដែលកន្លងមកអាជ្ញាធរខេត្តធ្លាប់បានសុំគោលការណ៍ពីរាជរដ្ឋាភិបាល កាត់ដីពីក្រុមហ៊ុនចែកជូនម្តងរួចមកហើយ


(ពោធិ៍សាត់)៖ ប្រជាពលរដ្ឋចំនួន ២៥គ្រួសារ ដែលមានទំនាស់ដីធ្លីជាមួយ ក្រុមហ៊ុនរតនាវិសាល អភិវឌ្ឍន៍ដំណាំដំឡូងមី ត្រង់ចំណុចភ្នំស្រង់ ឃុំអន្លង់ត្នោត នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧នេះ ត្រូវបានឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ដោះស្រាយជម្រះមន្ទឹលសង្ស័យ បានជ្រះស្រឡះ ដែលកន្លងមកអាជ្ញាធរខេត្តធ្លាប់បានសុំគោលការណ៍ពីរាជរដ្ឋាភិបាល កាត់ដីពីក្រុមហ៊ុនចែកជូនម្តងរួចមកហើយ។

កិច្ចដំណោះស្រាយបញ្ចប់ទំនាស់នេះ ត្រូវបានធ្វើឡើងនៅសាលប្រជុំឃុំត្នោតជុំ ស្រុកក្រគរ ដោយបានការចូលរួមពីលោក ប៊ិន វណ្ណា អភិបាលនៃគណៈអភិបាលស្រុក អាជ្ញាធរឃុំ ភូមិ តំណាងក្រុមហ៊ុន និងប្រជាពលរដ្ឋជាភាគីទំនាស់យ៉ាងច្រើនកុះករ។

នៅចំពោះមុខប្រជាពលរដ្ឋនាឱកាសនោះ ឯកឧត្តម ម៉ៅ ធនិន បានថ្លែងថា ការចុះដោះស្រាយទំនាស់នេះគឺជាលក្ខណៈគ្រួសារ មិនមែនឯកឧត្តមយកអំណាចរដ្ឋមកប្រើនោះទេ ហើយថ្ងៃនេះគឺជាពេលវេលាមួយ ដែលត្រូវដោះស្រាយជម្រះមន្ទឹល ពាក់ព័ន្ធនឹងទំនាស់ដីធ្លី ជូនបងប្អូនប្រជាពលរដ្ឋឲ្យបានជ្រះស្រឡះផងដែរ។ ឯកឧត្តមបានលើកឡើងថា កន្លងមកអាជ្ញាធរខេត្ត បានសុំគោលការណ៍ពីរាជរដ្ឋាភិបាល កាត់ដីពីក្រុមហ៊ុនរតនាវិសាល ចំនួន៨២,២៨ហិកតារួចមកហើយ ដើម្បីដោះស្រាយបែងចែកជូនប្រជាពលរដ្ឋទាំង២៥គ្រួសារ តែដោយប្រជាពលរដ្ឋខ្វះខាតពិតប្រាកដ បានស្នើសុំ និងប្រើប្រាស់ដីជាក់ស្តែងនោះ ឯកឧត្តមបានស្នើឲ្យក្រុមហ៊ុនបន្ថែមដី ៧,៥ហិកតាទៀត ដើម្បីបញ្ចប់ទំនាស់នេះចាប់ពីពេលនេះតទៅ។ ជាមួយគ្នានោះ ក្នុងចំណោមដីទាំង ៧,៥ហិកតា ឯកឧត្តមបានប្រាប់ឲ្យប្រជាពលរដ្ឋសហការ រក្សាទុកដី ១,៥ហិកតា សម្រាប់ទុកប្រើប្រាស់ជាប្រយោជន៍រួមផងដែរ។ ឯកឧត្តមបានបញ្ជាក់ថា សព្វថ្ងៃនេះរាជរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយអនុគ្រោះ ដោយបញ្ឈប់ និងលើកលែង ការយកពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិអចលនទ្រព្យ ដល់អ្នកជាប់សាច់ញាតិបង្កើត ក៏ដូចជាតម្លៃសេវាផ្សេងៗទៀត…ដូច្នេះបើបងប្អូនបានប័ណ្ណកម្មសិទ្ធិហើយ ត្រូវចេះថែរក្សាការពារកុំឲ្យបាត់បង់ និងត្រូវចេះដាំដុះ បង្កបង្កើនផលនៅលើដីនោះឲ្យអស់លទ្ធភាព ដើម្បីបង្កើនជីវភាពគ្រួសារ។

ប្រជាពលរដ្ឋទាំង២៥គ្រួសារ បានសម្តែងនូវការសប្បាយរីករាយ ព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការយកចិត្តទុកដាក់ និងចំណាយពេលវេលាដ៏មានតម្លៃ របស់ឯកឧត្តមអភិបាលខេត្ត ក៏ដូចជាមេគ្រួសាររបស់ពួកគេ ដែលបានចំណាត់ការដោះស្រាយជម្រះមន្ទឹល ទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃខាងលើនេះ ប្រកបដោយប្រសិទ្ធិភាពខ្ពស់ ព្រមទាំងប្តេជ្ញាចិត្តថា នឹងគាំទ្រយន្តការរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជារៀងរហូត។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តក៏បានចុះដោះស្រាយបញ្ហាជន់លេចនៃការកកស្ទះប្រព័ន្ធលូបង្ហូរទឹក ក្នុងភូមិសំរោង និងភូមិផ្សារ ឃុំក្បាលត្រាច ស្រុកក្រគរ ទៅតាមសំណើរបស់ប្រជាពលរដ្ឋ និងបន្តចុះសំណេះសំណាល ជាមួយអាជីវករផ្សារសាមគ្គីក្រគរ ព្រមទាំងបានជូនអំណោយជាថវិកាមួយចំនួន ជូនដល់លោកយាយចាស់ៗ ដែលបានយកផលិតផលបន្លែបង្កាបន្តិចបន្តួចមកលក់ដូរ និងផ្តល់ស្បៀងជូនដល់ជនចាស់ជរា គ្រួសារក្រីក្រ ក្មេងកំព្រា និងបងប្អូនក្រុមគ្រួសារម៉ូតូឌុប ដែលដាច់ពេលពិតប្រាកដ នៅសាលាខេត្តពោធិ៍សាត់ផងដែរ៕